ក្រសួង​ការ​ងារ​ ប្រ​កាស​ពី​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​ទៅ​ចូល​រួម​​បោះ​ឆ្នោត​ជាតិ​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​​ថ្ងៃទី​៤​ ខែ​មិថុនា ក្រ​សួង​​​ការងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​បាន​សេច​ក្តី​ជូន​ដំ​ណឹង ប្រកាស​ឲ្យ​គ្រឹះស្ថាន ​ដែល​​ស្ថិត​ក្រោម​​​ច្បាប់​​ស្តី​ពី​​ការ​ងារ​ អនុញ្ញាត​​ឲ្យ​​កម្មករ​-​និយោជិត​​​​របស់​ខ្លួន ​​បាន​​ឈប់​សម្រាក​ ដើ​ម្បី​​​ទៅ​​ចូល​រួម​​​បោះ​ឆ្នោត​​ជាតិ​ អាណ​ត្តិ​​ទី​​៥ ​ដែល​​​ប្រ​ព្រឹត្តិ​​ទៅ​​នៅ​​ថ្ងៃ​អាទិត្យ​ ទី​​២៨ ​ខែ​កក្កដា ​​ខាង​មុខ​នេះ។​​

ប្រជាពលរដ្ឋ ដែលទៅចូលរួមការបោះឆ្នោត កន្លងមក
ប្រជាពលរដ្ឋ ដែលទៅចូលរួមការបោះឆ្នោត កន្លងមក

​​យោង​តាមសេច​ក្តី​ជូន​ដំ​ណឹង​បាន​ឲ្យ​ដឹង​ថា​ ការ​​ឈប់​សម្រាក​​​នេះ​ គឺ​​ផ្អែក​​តាម​​​​​​ទី​តាំង​​គ្រឹះ​ស្ថាន​-​សហ​គ្រាស និង​​​ទី​​តាំង​​​កា​​រិ​យា​​ល័យ​​​បោះ​​ឆ្នោត​​របស់​​កម្មករ​-​និយោជិត។​

​សេ​ច​ក្តី​ជូន​ដំណឹង បញ្ជាក់ថា សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​ភ្នំពេញ និង​ក្នុង​ទី​រួម​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​បោះ​ឆ្នោត​ផ្ទាល់​នៅ​រាជធានី​​ភ្នំពេញ និង​ទី​រួម​ខេត្ត​នោះ នឹង​ទ​ទួល​បាន​​ការអនុញ្ញាតិ​ច្បាប់​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៨ ​ខែកក្កដា​។​

​ចំណែក កម្មករ​-​និយោជិត នៃ​គ្រឹះស្ថាន​-​សហគ្រាស​នៅក្នុង​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅ​បោះឆ្នោត​ក្នុង​ខេត្ត​នោះ នឹង​ទទួលបាន​ការ​អនុញ្ញាត​​ច្បាប់​ចំនួន​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​២៧ ដល់ ថ្ងៃទី​២៨ ខែកក្កដា​។​

​ដោយឡែក​អ្នក ​ដែល​ត្រូវ​ចេញពី​ភ្នំពេញ​ទៅ​បោះ​ឆ្នោត​​នៅ​បណ្តា​ខេត្ត ឬពី​បណ្តា​ខេត្ត​មក​ភ្នំពេញ ឬពី​បណ្តា​ខេត្ត​ណាមួយ​ទៅ​បណ្តា​ខេត្ត​ផ្សេង​ទៀត នឹង​ទទួលបាន​ការ​អនុ​ញ្ញាត​ច្បាប់​ចំនួន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៧-២៨-២៩​ ខែកក្កដា​។

​ក្រសួង​ការងារ​ បញ្ជាក់ទៀតថា កម្មករ​-​និយោជិត នឹង​ពុំ​បាត់​បង់​​ប្រាក់​​ឈ្នួល និងប្រាក់រង្វាន់​​ធ្វើការ​ទៀងទាត់ ដោយសារ​ការ​ឈប់​សម្រាក​​នេះ​ឡើយ ហើយ​ពេល​ត្រលប់​មកវិញ ក៏​មិន​តម្រូវ​ឱ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ដែរ​។ ជាមួយគ្នា​នោះ ប្រាក់​ឈ្នួល​ត្រូវ​​បើក​ឱ្យ​បាន​មុន​ថ្ងៃ​ទៅ​បោះឆ្នោត ឬ​យ៉ាងហោចណាស់​​ ថៅកែ​ត្រូវ​អនុញ្ញាត​ឱ្យ​និ​យោជិត​​របស់​​ខ្លួន​​ខ្ចីប្រាក់​ឈ្នួល​​មួយ​ភាគ ​ជាមុន​សិន​៕

Related Articles

Back to top button
Close
Close