រដ្ឋាភិបាលបារាំងធ្វើកំណែទម្រង់នយោបាយគ្រួសារដ៏រសើប
រដ្ឋាភិបាលបារាំង បានប្រកាសធ្វើកំណែទម្រង់នយោបាយគ្រួសារ នៅថ្ងៃចន្ទទី៣មិថុនា ឆ្នាំ២០១៣។ កម្មវត្ថុនៃការធ្វើកំណែទម្រង់ គឺដើម្បីកាត់បន្ថយឱនភាពថវិកាក្នុងផ្នែកធានារ៉ាប់រងសុវត្ថិភាព សង្គម បានប្រមាណជាង១ពាន់លានអឺរ៉ូ។ ប៉ុន្តែតាមរយៈកំណែទម្រង់នេះ គ្រួសារដែលមានប្រាក់ចំណូលខ្ពស់នឹងត្រូវបង់ពន្ធច្រើនជាងមុន ទោះបីមានកូនច្រើនក៏ដោយ។ ហេតុដូច្នេះហើយបាន បក្សប្រឆាំងរិះគន់ថា រដ្ឋាភិបាលរបស់លោក ហ្វ្រង់ស័រ ហូឡង់ ចេះតែដំឡើងពន្ធ មិនចេះកាត់បន្ថយចំណាយ។
ការធ្វើ កំណែទម្រង់ប្រព័ន្ធនយោបាយគ្រួសារ ជាប្រធានបទដ៏រសើបបំផុត នៅប្រទេសបារាំង។ បង្កើតឡើងឆ្នាំ១៩៣០ ក្រោយសម័យសង្គ្រាម ក្នុងបំណងជួយគាំទ្រឱ្យប្រជាជនបង្កើតកូន នយោបាយជួយឧបត្ថម្ភថវិកាដល់គ្រួសារទៅតាមចំនួនសមាជិក និងទៅតាមប្រាក់ចំណូល (មានកូនច្រើន បានទទួលជំនួយច្រើន តែបង់ពន្ធតិច – មានកូនតិចបានទទួលជំនួយតិច តែបង់ពន្ធច្រើន) បានទទួលការស្វាគមន៍ និងមានការកើនប្រសើរឡើងជានិច្ចរហូតមកទល់នឹងឆ្នាំ២០០៤។ នយោបាយដែលបានអនុគ្រោះនិងជាចំណែកមួយនាំស្ត្រីបារាំងឱ្យក្លាយជា ជើងឯកផ្នែកបង្កើតកូននៅអឺរ៉ុប ជាមួយប្រទេសអៀឡង់ ក្នុងឆ្នាំ២០១០ (ស្ត្រីម្នាក់កូនពីរជាមធ្យម)។
ប៉ុន្តែពេលនេះ ប្រឈមមុខនឹងវិបត្តិថវិកាកាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាល របស់លោកហ្វ្រង់ស័រ ហូឡង់ បានប្រកាសធ្វើកំណែទម្រង់ នៅថ្ងៃចន្ទទី៣មិថុនា ដោយជ្រើសរើសដំណោះស្រាយដែលសមស្រប និងមិនបង្កគ្រោះថ្នាក់ខ្លាំងដល់រដ្ឋាភិបាល ពោលគឺ ធ្វើកំណែទម្រង់លើការកំណត់ ពន្ធ ឬក៏ការជួយលុយ ដល់ក្រុមគ្រួសារ ទៅតាមចំនួនសមាជិក។ តាមរយៈកំណែទម្រង់នេះ មានគ្រួសារជាង១លានបីសែន គ្រួសារ នឹងឃើញប្រាក់បង់ពន្ធកើនឡើង ប្រមាណជា៦៤អឺរ៉ូ ក្នុងមួយខែ ជាមធ្យម។ ចំណែកគ្រួសារដែលមានជីវភាពធូរធារខ្លាំង ទោះមានកូនច្រើនក៏ដោយ ក៏ត្រូវតែបង់ពន្ធច្រើនជាងមុនដែរ។ សូមបញ្ជាក់ថា មុនធ្វើកំណែទម្រង់ នយោបាយនៅប្រទេសបារាំង គឺអ្នកមានកូនច្រើនបង់ពន្ធតិច និងបានជំនួយឧបត្ថម្ភពីរដ្ឋច្រើនឬតិច ទៅតាមប្រាក់ចំណូល។
សម្រាប់រដ្ឋាភិបាលនេះ ជាវិធានការដ៏សមស្រប ដែលអ្នកមានជីវភាពធូរធារ ត្រូវលះបង់ខ្លាំងបន្តិច ដើម្បីសមភាពក្នុងសង្គម ប៉ុន្តែសម្រាប់បក្សប្រឆាំង បានរិះគន់ថារដ្ឋាភិបាលលោកហូឡង់ចេះ តែដំឡើងពន្ធ តែមិនចេះកាត់បន្ថយចំណាយ ដើម្បីកុំឱ្យហិបប្រាក់ក្រហេតខ្លាំង។ ប្រធានបក្សស្តាំជ្រុលនិយម បានបិរហារ ថាបារាំងជាស្ថាប័នយកពន្ធលើកូន៕ដោយ អៀង សុខម៉ិញ (RFI)