រុស្ស៊ីទើបបានបង្ហោះអវកាសយានិកអន្តរជាតិមួយក្រុមថ្មី
ក្រុមនេះមានគ្នាបីនាក់ ផ្សំឡើងពីជាតិរុស្ស៊ី អាមេរិកាំង និងអ៊ីតាលី ដែលកណ្តាលអធ្រាត្រយប់មិញ បានហោះចេញទៅ តាមរយៈយានអវកាសរុស្ស៊ីធុន Soyuz រំលងតែ ៦ម៉ោងសោះ បានទៅដល់ ស្ថានីយអវកាសអន្តរជាតិ SSI ទៅហើយ។ នេះជាចំណុចថ្មី ខុសពីលើកមុនៗ ដែលតែងបានស៊ីពេលដល់ទៅ៤៨ម៉ោងឯណោះ ទម្រាំអាចទៅតភ្ជាប់នឹងស្ថានីយ SSI ដែលជាមន្ទីរពិសោធន៍ប្រចាំនៅអវកាស ក្នុងកំពស់ជាង ៤០០គ.ម. ពីផែនដី។ គឺនៅទីនោះ អវកាសយានិកទាំងបីនាក់នឹងស្នាក់នៅធ្វើការស្រាវជ្រាវសម្រាប់កន្លះឆ្នាំទៅមុខ។
នាវាអវកាសរុស្ស៊ីតាមលេខរៀង មានឈ្មោះថា Soyuz TMA-09M ផ្ទុកទៅដោយក្រុមអវកាសយានិកអន្តរជាតិថ្មីនោះត្រូវបានបង្ហោះចេញពី ព្រលានអវកាសនៅកាហ្សាក់ស្ថាន Baikonour ដែលរុស្ស៊ីជួលប្រើប្រាស់ ដល់ឆ្នាំ២០៥០ ដោយបង់ថ្លៃ ១១៥លានដុល្លារក្នុង១ឆ្នាំ។ ចំណែកក្រុមអវកាសយានិកអន្តរជាតិថ្មី តាមលេខរៀង គឺជាក្រុមទី៣៧ ដែលទៅស្នាក់ធ្វើការក្នុងស្ថានីយអវកាសអន្តរជាតិ SSI ដំណើរការតាំងពីឆ្នាំ២០០០មក លើកនេះ មានគ្នាបីនាក់ គឺជាតិរុស្ស៊ី ជាមេបញ្ជការក្រុមលោក Fedor Yuchikhin តំណាងឲ្យទីភ្នាក់ងារអវកាសរុស្ស៊ី RosKosmos ជាតិអាមេរិកាំង លោកស្រី Caren Naiberg តំណាងឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA និងជាតិអ៊ីតាលី លោក Luca Parmitano ដែលមានមាឌខ្ពស់ដល់ទៅ២ម៉ែត្រ តំណាងឲ្យទីភ្នាក់ងារអវកាសអឺរ៉ុប ASE។ ជាការកត់សម្គាល់ រុស្ស៊ីទទួលថ្លៃសេវាប្រមាណ ៥០លានដុល្លារចំពោះការផ្ញើខ្លួននៃជាតិបរទេសម្នាក់ៗ ហោះតាមនាវាអវកាសរុស្ស៊ី។
ព្រឹកមិញ ពេលទៅដល់ស្ថានីយ SSI ហោះនៅកំពស់ជាង៤០០គ.ម.ពីផែនដី គេទាំងបីនាក់បានទទួលការស្វាគមន៍ពីក្រុមអវកាសយានិកអន្តរជាតិទី៣៦ មានគ្នាបីនាក់ដែរ គឺជាតិរុស្ស៊ី ២នាក់ និងជាតិអាមេរិកាំងម្នាក់ដែលកំពុងស្នាក់នៅធ្វើការទីនោះ តាំងពីខែមិនាមក រហូតដល់ខែកញ្ញាខាងមុខ ទើបគេត្រឡប់មកផែនដីវិញ។ រីឯក្រុមអវកាសយានិកអន្តរជាតិទី៣៧ ដែលទើបទៅដល់ស្ថានីយ SSI ត្រូវស្នាក់នៅទីនោះដល់១៧២ថ្ងៃ គឺជិតកន្លះឆ្នាំឯណោះ។
ក្នុងអំឡុងពេលនេះ គេត្រូវបំពេញការពិសោធន៍វិទ្យាសាស្ត្រចំនួន៣៤ គេត្រូវទទួលយានផ្ទុកស្បៀងរបស់រុស្ស៊ីធុន Progress ចំនួន២លើក យានផ្ទុកស្បៀងរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបធុន ATV-4 មួយលើក និងយានផ្ទុកស្បៀងអាមេរិកាំងមួយលើកដែរ ធុន Cygnus ផលិតដោយក្រុមហ៊ុនឯកជន Orbital Sciences គេត្រូវដកខ្លួនចេញពីមន្ទីរពិសោធន៍ SSI សរុបទៅចំនួន ៦លើក ទៅធ្វើការនៅឯភាគខាងក្រៅរបស់វា គឺក្នុងលំហល្ហល្ហេវនៃអវកាសតែម្តង។
មិនតែប៉ុណ្ណោះ គេនឹងចូលរួមក្នុងគម្រោងខាងសិក្សា អំពីការដុះលូតលាស់នៃរុក្ខជាតិក្នុងលក្ខណៈអវកាស គឺគ្មានទំនាញរបស់ផែនដី ព្រមទាំងស្រាវជ្រាវអំពីអាកប្បកិរិយាអណ្តាតភ្លើង ក្នុងភាពគ្មានទំនាញរបស់ផែនដីដែរ ដើម្បីដកយកមេរៀនសម្រាប់កែចំណុចខ្វះខាតដែលអាចកើតមាននៅក្នុង ម៉ាស៊ីនដើរដោយប្រេងឥន្ធនៈ៕ដោយ កែវ ឆាយា (RFI)