មានការទាមទារឲ្យបញ្ឈប់ការដ្ឋានរ៉ែអ៊ុយរ៉ានីញ៉ូមដោយហេតុផលថាមានហានិភ័យបរិស្ថានច្រើនជាងសេដ្ឋកិច្ច
មូលនិធិដើម្បីការអភិរក្សសម្បត្តិធម្មជាតិ និងបរិស្ថាននៅអូស្រ្តាលី បានចេញនូវរបាយការណ៍មួយថា ខ្លួនអាចបង្ហាញភស្ដុតាងឲ្យឃើញថា ឧស្សាហកម្មជីករ៉ែអ៊ុយរ៉ានីញ៉ូមដើម្បីនាំចេញនោះមិនបានទទួលផល ចំណេញស្មើនឹងហានិភ័យនោះទេ ហើយអង្គការនេះថែមទាំងបានអំពាវនាវសុំឲ្យបិទចោលការដ្ឋានរ៉ែនៅ ក្នុងតំបន់ដែនដីខាងជើងរបស់អូស្រ្តាលី។
របាយការណ៍របស់អង្គការនេះបង្ហាញនូវតួលេខដែលថា ឧស្សហកម្មរ៉ែអ៊ុយរ៉ានីញ៉ូមមានតម្លៃលក់ចេញប្រមាណ៦០០លានដុល្លារ ក្នុងមួយឆ្នាំ និងបង្កើតការងារប្រមាណ៦៥០កន្លែងប៉ុណ្ណោះនៅទូទាំងប្រទេស។
ប៉ុន្តែ ក្នុងករណីសិក្សាមួយស្ដីអំពីហានិភ័យចេញពីឧស្សហកម្មនេះ គ្រាន់តែនៅតំបន់ឧទ្យានធម្មជាតិ Kakadu មានការលេចធ្លាយសារធាតុគីមី, គ្រោះថ្នាក់ និងការបំពានជាច្រើនចំនួន២០០ករណីឯណោះ ចាប់តាំងតែពីឆ្នាំ១៩៨០មក៕ (Radio Australia)