អ្នកលេងហ្វេសប៊ុក បញ្ចេញមតិលើការរិះគន់របស់និស្សិតចំពោះលោក សុរិយា ស៊ូប៊ែឌី
ហេង នាង
Cambodia News
ភ្នំពេញ៖ ក្រុមអ្នកលេងហ្វេសប៊ុក(Facebook) ជាយុវជន ចាប់ផ្តើមចែករំលែកវីដេអូក្លីប បង្ហាញពីយុវជនម្នាក់ ដែលបានរិះគន់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី(Surya Subedi) ។
និស្សិតពីរនាក់ ដែលអ្នកហ្វេសប៊ុក បានលើកឡើងនោះគឺមាន លោក ជា ឆេង អតីតប្រធានសមាគមនិស្សិតសាលាច្បាប់ និងលោក ស៊ុន វុទ្ឋី។
អ្នកលេងហ្វេសប៊ុក បានលើកឡើងថា និស្សិតទាំងពីរនាក់នោះ រិះគន់ដោយងងឹតងងុល គ្មានមូលដ្ឋាន ដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយថានិស្សិតទាំងពីរនាក់នេះ ជាសមាជិកបក្សប្រជាជនកម្ពុជា។ អ្នកលេងហ្វេសប៊ុកផ្សេងទៀត សរសេរថា ដុល្លារអាចជួលខ្មោចអោយកិនម្ស៉ៅ តែគិតថា លោក សុរិយា ស៊ូប៊ែឌី មិនខ្វល់ពីបញ្ហានេះទេ។
អ្នកខ្លះសរសេរជាភាសាអង់គ្លេសថា មិនគួរនិស្សិតទាំងនោះ និយាយបែបនេះទេ។ អ្នកខ្លះទៀត លើកឡើងថា នេះសុទ្ធតែជាពួកនិស្សិត ដែលលក់ឧត្តមគតិខ្លួនឯង ហើយអ្នកខ្លះទៀត សម្តែងការសោកស្តាយ ដែលសាកលវិទ្យាការសាកលវិទ្យាភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថាហេតុអ្វីបានជានិស្សិត មកពីសាកលវិទ្យាល័យទាំងពីរ ធ្វើដូច្នេះ។
ក្នុងការពិភាក្សានោះ លោក ស៊ូប៊ែឌី បានកោតសរសើរចំពោះភាពក្លាហាន របស់យុវជនដែលហ៊ានសួរសំណួរ និងនិយាយមកលើរូបលោក។ លោកបានឆ្លើយតបដោយបែបទន់ភ្លន់ទៅកាន់ក្រុមនិស្សិតនោះថា៖ «អ្នកនឹងអរគុណខ្ញុំ ក្នុងរយៈពេល២០ឆ្នាំទៀត។ អ្នកនៅក្មេងហើយមានអារម្មណ៍ក្មេងខ្ចីតែខ្ញុំសូមស្វាគមន៍និងកោត សរសើរ»។
ការរិះគន់ពីក្រុមអ្នកលេងហ្វេសប៊ុក(Facebook) កើតឡើងបន្ទាប់ពីការពិភាក្សាមួយរបស់ការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ សហការជាមួយ សាកលវិទ្យាល័យមេគង្គកម្ពុជា ស្ដីពីប្រធានបទការប្រឈមទៅនឹងការផ្សះផ្សាជម្លោះផលប្រយោជន៍នៅក្នុងច្បាប់ ស្ដីពីការវិនិយោគបរទេស កាលពីល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣៕