ក្រុម Hezbollah លីបង់លូកដៃកាន់តែជ្រៅទៅក្នុងវិបត្តិស៊ីរី
នៅថ្ងៃ ចន្ទនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយលុកចូលកាន់កាប់ក្រុង Qousseir ដែលជាក្រុងយុទ្ធសាស្រ្តរបស់ក្រុមឧទ្ទាមស៊ីរី។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថា ការវាយ ប្រយុទ្ធគ្នា នៅទីក្រុង Qousseir ដែលចាប់ផ្តើមតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញមកនោះ គឺជាការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយមិនធ្លាប់មាន រវាងទាហានរដ្ឋាភិបាល និងក្រុម ឧទ្ទាមស៊ីរី ចាប់តាំងពីផ្ទុះសង្រ្គាមស៊ីវិលមក។ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យគេកត់សម្គាល់ជាងគេ ក្នុងប្រតិបត្តិការយោធានេះ គឺការចូលរួមយ៉ាង សកម្មរបស់ក្រុម Hezbollah លីបង់ ដើម្បីជាជំនួយដល់កងកម្លាំងរបស់លោកបាស្ហា អាល់ អាសាដ ។
ប្រតិបត្តិការ វាយលុកចូលក្នុងទីក្រុង Qousseir បានចាប់ផ្តើមធ្វើ កាលពីថ្ងៃអាទិត្យម្សិលមិញ។ កងកម្លាំងរបស់លោកបាស្ហា អាសាដ និងកងកម្លាំង Hezbollah បានបើកការវាយប្រហារជាដំបូង តាមផ្លូវអាកាស និងដោយកាំភ្លើងធំ។ បន្ទាប់មក ទើបធ្វើការវាយលុកតាមផ្លូវគោក ដោយមានកងថ្មើជើង និងកងរថក្រោះជាជំនួយ។
ក្រុមប្រឆាំងស៊ីរីបានឲ្យដឹងថា ប្រតិបត្តិការវាយលុកចូលក្នុងក្រុង Qousseir នេះ ត្រូវបានបើកធ្វើពីគ្រប់ទិស ដោយកងកម្លាំងរបស់លោកអាសាដវាយលុកពីម្ខាង ហើយកងកម្លាំង Hezbollah ពីទិសម្ខាងទៀត។ ប្រភពពីមន្រ្តីយោធាស៊ីរី បានប្រាប់ទីភ្នាក់ងារបារាំង AFP ថា នៅថ្ងៃចន្ទនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយលុកចូលដល់កណ្តាលក្រុង ហើយវាយកាន់កាប់បានសាលាក្រុង ដែលមុននេះ ស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រយុទ្ធគ្នា នៅទីក្រុង Qousseir នេះ បានបណ្តាលឲ្យខាងក្រុមប្រឆាំងស៊ីរីស្លាប់យ៉ាងតិច ៥៥នាក់ ក្នុងនោះ ភាគច្រើនជាកងកម្លាំងឧទ្ទាម ក៏ប៉ុន្តែ ក៏មានជនស៊ីវិលផងដែរ។ អង្គការសិទ្ធិមនុស្សនេះក៏បានឲ្យដឹងផងដែរថា តាម រយៈប្រភពព័ត៌មាន ដែលគួរឲ្យជឿទុកចិត្តបាន គេឃើញមានកងកម្លាំង Hezbollah ចំនួន ២៣នាក់ បានស្លាប់ ក្នុងការវាយប្រយុទ្ធគ្នា នៅ Qousseir ហើយជាង ៧០នាក់ផ្សេងទៀតត្រូវរងរបួស។
គួរបញ្ជាក់ថា ក្រុម Hezbollah ដែលមកពីលីបង់ គឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធបំផុតរបស់អ៊ីរ៉ង់ និងរបស់លោកបាស្ហា អាល់អាសាដ ហើយជាសត្រូវធំបំផុតរបស់អ៊ីស្រាអែល។ ការចូលរួមយ៉ាង សកម្មរបស់ក្រុម Hezbollah ទៅក្នុងវិបត្តិស៊ីរី អាចនឹងធ្វើឲ្យសង្រ្គាមស៊ីវិលស៊ីរីនេះ រាលដាលទៅជាជម្លោះ ក្នុងតំបន់ដើមបូព៌ាទាំងមូល ដែលជាតំបន់មិនសូវមានស្ថិរភាព និងសម្បូរទៅ ដោយជម្លោះស្រាប់។
អង្គការសម្ព័ន្ធអារ៉ាប់ (Arab League) បានកោះប្រជុំជាបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍ខាងមុខ ដើម្បីជជែកអំពីវិបត្តិស៊ីរីនេះ ជាពិសេស ជជែកអំពីការរៀបចំសន្និសីទអន្តរជាតិ នៅទីក្រុងហ្សឺណែវ ដែលរុស្ស៊ី និងអាមេរិក បានព្រមព្រៀងគ្នារៀបចំធ្វើ កាលពីពេលថ្មីៗនេះ។
ក៏ប៉ុន្តែ ដំណើរវិវឌ្ឍនៃស្ថានការណ៍ នៅក្នុងសង្រ្គាមស៊ីវិលស៊ីរី កាលពីថ្ងៃអាទិត្យ និងនៅថ្ងៃចន្ទនេះ កំពុងតែធ្វើឲ្យគេកាន់តែបាត់បង់ក្តីសង្ឃឹមទៅទៀតថា សន្និសីទនាពេលខាងមុខនេះ អាចនឹងរកដំណោះស្រាយវិបត្តិស៊ីរីបាន៕ដោយ សេង ឌីណា (RFI)