ស្ត្រី​អាមេរិកាំង​បីនាក់​ត្រូវ​គេ​បង្ខាំង​ទុក​​អស់​១០​ឆ្នាំ​

ប្រជាជន​អាមេរិក​មាន​ការ​​ស្លុត​​ ចិត្តយ៉ាង​ខ្លាំង ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ ស្ត្រី​ចំនួន​បីនាក់​ត្រូវ​បាន​​ជនពាល​បីនាក់​បង្ខាំង​ទុក​អស់​រយៈ​ពេល​១០​ ឆ្នាំ ហើយ​ត្រូវ​បាន​ប៉ូលិស​ជួយ​សង្គ្រោះ​អោយ​រួច​ពី​ដៃ​ជនពាលទាំង​នោះ​​មក។ រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​​នៅ​ក្នុង​​ក្រុង​ Cleveland ​រដ្ឋ​Ohio ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស។ ស្ត្រី​រងគ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​​រួច​ពី​ដៃ​ជនពាល កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​មក​ ដោយ​សារ​តែ​​មាន​អ្នកជិតខាង​ម្នាក់​នៅក្បែរ​នោះ​បាន​ជួយ​អោយ​ពួកនាង​បាន​​ ទូរសព្ទ​ទៅ​ប៉ូលិស។

“​ខ្ញុំ​ឈ្មោះ​ Amanda Berry​! ខ្ញុំ​ត្រូវ​គេចាប់​​ពង្រត់​និង​​​​បាត់​ដំណឹង​​​១០​ឆ្នាំ​ហើយ។” នេះ​ជា​សំដី​លើកឡើង​របស់​ស្ត្រី​រងគ្រោះ​ Amanda Berry កាលពី​ថ្ងៃ​ចន្ទ​​​ ​​ដែល​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​ដើម្បី​អោយ​​​អន្តរាគមន៍​​ស្ត្រី​រងគ្រោះ​ពីរ​ រូប​ទៀត​ដែល​កំពុង​នៅ​ជាប់​ឃុំ​។

Amanda Berry មាន​អាយុ​២៧​ឆ្នាំ ជាប់​បង្ខាំង​អស់​​១០​ឆ្នាំ Gina DeJesus អាយុ​២៣​ឆ្នាំ ជាប់បង្ខាំង​អស់​៩ឆ្នាំ​​ និង​ Michelle Knight អាយុ​៣២​​ឆ្នាំ ត្រូវ​ជនពាល​បង្ខាំង​អស់​១១​ឆ្នាំ។ ​ ​ស្ត្រី​ទាំង​បី​រូប​​បាន​​​ជាប់​បង្ខាំង​ខ្លួន​ ក្នុង​ផ្ទះ​ជន​ពាល​ឈ្មោះ​ Ariel នៅ​ក្នុង​​ក្រុង​ Cleveland ​រដ្ឋ​Ohio ស្ថិត​នៅ​ភាគ​ខាង​ជើង​​សហរដ្ឋ​អាមេរិក។ អ្នកជិតខាង​ម្នាក់​​​នៅ​ក្បែរ​ផ្ទះ​ជនពាល​​ បាន​​ជួយ​អោយ​​ Amanda Berry បាន​ទូរសព្ទ​ទៅ​ប៉ូលិស។ ក្នុង​​​អន្តរាគមន៍សង្គ្រោះ​ស្ត្រី​រងគ្រោះ​ទាំងបីរូប​ ប៉ូលិស​ក៏​បាន​រកឃើញ​ក្មេងស្រី​ម្នាក់​អាយុ​៦ឆ្នាំ​ផងដែរ។​ កុមារី​​នេះ​ត្រូវ​ជា​កូនស្រី​របស់​ Amanda Berry។ Amanda មានផ្ទៃ​ពោះ​និង​ផ្តល់​កំណើត​ដល់​កូនស្រី​នាង​ ក្នុងរយៈ​​ពេល​ដែល​នាង​ត្រូវ​បាន​បង្ខាំង​ទុក​នោះ។ ក្រុម​ប៉ូលិស​មិនអាច​ទប់​ ចិត្ត​នឹង​បង្ហូរ​ទឹកភ្នែកបាន​ នៅពេល​ដែល​បាន​រកឃើញស្ត្រី​រងគ្រោះ​ទាំង​នេះ។ ​

ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​បីនាក់​ដែល​ជា​បងប្អូន​នឹង​គ្នា​ មាន​ឈ្មោះថា Ariel អាយុ ៥២​ឆ្នាំ Onil ៥០​ឆ្នាំ និង ​Pedro Castro ៥៤​ឆ្នាំ ក្នុង​បទ​ជាប់​សង្ស័យ​ថា​​បាន​ពង្រត់​និង​ឃុំ​ខ្លួន​ស្ត្រី​ទាំង​បីរូប​ខាង​ លើ នៅ​ក្នុង​ផ្ទះ​របស់ Ariel។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ស្ត្រី​ទាំង​បី​រូបក៏​​បាន​រងគ្រោះ​ដោយ​​​ការ​រំលោភ​បំពាន​រាងកាយ​ផងដែរ។

បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​រួច​​​​​មក ស្ត្រី​ទាំង​បី​រូប​​​បាន​​ត្រលប់​ចូលទៅ​រស់​នៅ​ក្នុង​សង្គម ​ដូច​ធម្មតាវិញ។ ​ស្ត្រី​រងគ្រោះ​​​និង​កូនស្រី​របស់​ Amanda Berry មាន​សុខភាព​ល្អ​ធម្មតាទេ។​ ពួកនាង​​នៅ​ត្រៀម​ចាំ​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកស៊ើបអង្កេត។
​​
អ្វី​ដែល​ចោទ​ជា​សំនួ​រនៅ​ពេល​នេះ​ គឺ​ថា​ តើ​ហេតុអ្វី​បាន​ជា​រយៈ​ពេលជាង​​១០​ឆ្នាំ​មក​នេះ ស្ត្រី​រងគ្រោះ​ទាំង​នេះ​​នៅតែ​ស្ថិត​​​​ក្នុង​ការ​ឃុំឃាំង​ ដោយ​គ្មាន​អ្នកណា​ម្នាក់​អាច​កត់​សម្គាល់​ រឺ​រក​ឃើញ​សញ្ញា​អ្វី​មួយ​ដែល​អាច​ជួយ​​​ដល់​​ពួក​នាង​សោះយ៉ាងនេះ?

ប៉ូលិសអាមេរិក​​ធ្លាប់​បាន​អន្តរាគមន៍​ពីរដង​រួច​មក​ហើយ នៅ​ផ្ទះ​របស់​ជនពាល​Ariel ដែល​ប្រកបរបរ​​​បើកបរ​​រថយន្ត​ដឹក​សិស្សសាលា។ លើកទី​មួយ​នៅ​ឆ្នាំ​២០០០ ទាក់ទង​នឹង​ការ​វាយតប់​គ្នា​នៅ​​តាម​ដង​ផ្លូវ។ ហើយ​លើកទីពីរ​​នៅ​ឆ្នាំ​២០០៤​ ទាក់ទង​នឹងការ​ដែល​ជនពាល​​​Ariel ភ្លេច​ក្មេង​សិស្ស សាលា​​ម្នាក់​នៅ​ក្នុង​រថយន្ត។ ប៉ូលិស​បាន​គោះទ្វារ​ផ្ទះ​ជនពាល​ ប៉ុន្តែ​​ជនពាល​មិន​បាន​បើកទ្វារ។ ពេលនោះ ប៉ូលិសក៏​​មិន​បាន​បន្ត​​​កិច្ច​ការ​អ្វី​នៅ​ទីនោះ​ទៀតដែរ ព្រោះ​គ្មាន​ហេតុផល​​អ្វី​​ដែល​​​អាច​​​ចោទថា​​ជនពាលប្រព្រឹត្ត​បទល្មើស​ នោះឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close