ប៉េកាំងបញ្ជូននាវានេសាទ៣០គ្រឿងទៅប្រជុំកោះជាប់ជម្លោះក្នុងសមុទ្ទចិនខាងត្បូង
រដូវនេសាទមកដល់ ចិនបានបញ្ជូននាវានេសាទ ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ទៅកាន់ប្រជុំកោះSpratleys នៃសមុទ្ទចិនខាងត្បូង ដែលជាប់ជម្លោះជាមួយប្រទេសជិតខាង និងដែលជាប្រភពតានតឹងក្នុងតំបន់មួយរយៈពេលចុងក្រោយនេះ។ ជានាវាចុះទៅនេសាទមែន ប៉ុន្តែមានអមដំណើរដោយនាវាផ្ទុកប្រេងផង និងនាវាយោធាការពារពីក្រោយទៀត។
នាវានេសាទដែលមានសមត្ថភាពផ្ទុកមច្ឆាបានប្រមាណជាង ១០០តោន ចំនួន៣០គ្រឿងបានចាកចេញពីកំពង់ផៃ Danzhou ភាគខាងត្បូងហៃណាន់ សំដៅប្រជុំកោះSpratleys ឬណង់ស្ហា ជាភាសាចិន នៃសមុទ្ទចិនខាងត្បូង ដើម្បីប្រមូលផលនេសាទ។ ហើយដោយហេតុតែប្រជុំកោះSpratleys មានជាប់ជម្លោះជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ ក្រុងប៉េកាំងបានប្រើមធ្យោបាយធំ ដោយបញ្ជូននាវាយោធា មានកងអង្គរក្សទៅការពារ និងនាវាផ្គត់ផ្គង់ប្រេងឥន្ធនៈ ៤៥០០តោនទៅអមយុទ្ធនាការនេសាទ ៤០ថ្ងៃ។
ប្រជុំកោះ Spratleys ដែលប្រមូលផ្តុំទៅដោយកូនកោះតូចៗជាងមួយរយ និងសម្បូរទៅដោយធនធានមច្ឆា ព្រមទាំងឧស្ម័នក្រោមដីផង ត្រូវបានប្រទេសជិតខាង មានជាអាទិ៍ តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ ជាពិសេស វៀតណាម និងហ្វីលីពីន ទាមទារ មួយចំណែក ឬទាំងស្រុង ថាជាអធិបតេយ្យរបស់ខ្លួន។ រាល់រដូវនេសាទ ប្រទេសជាប់ជម្លោះទាំងនេះ – ផ្តើមដោយប្រទេសចិន- តែងបញ្ជូននាវាយោធាទៅជាមួយ ដើម្បីការពារដែនទឹកជាបូរណភាពជាតិ រៀងៗខ្លួន។
កាលពីឆ្នាំ២០១២ អ្នកនេសាទវៀតណាម២១នាក់ត្រូវបានយោធាចិនចាប់ខ្លួន។ ចិននិងវៀតណាម ប៉ះទង្គិចខាងប្រដាប់អាវុធរវាង ក្នុងតំបន់នេះ កាលពីឆ្នាំ១៩៨៨។ ហ្វីលីពីននិងវៀតណាមបានចោទប្រកាន់ក្រុងប៉េកាំង ថាមានមហិច្ឆតាវាតទី និងឈ្លានពានគំរាមកំហែងអ្នកនេសាទរបស់ខ្លួន។ កញ្ចប់ថវិកាជាតិផ្នែកសន្តិសុខដែនទឹក របស់បណ្តាប្រទេសជាប់ជម្លោះក្នុងសមុទ្ទចិនខាងត្បូង សុទ្ធតែកើនឡើងគួរឱ្យកត់សម្គាល់។ នៅឯសមុទ្ទចិនខាងកើតវិញ ចិនក៏កំពុងមានជម្លោះខ្លាំងជាមួយជប៉ុន នាវាល្បាត ឬយន្តហោះចម្បាំងប្រទេសទាំងពីរ បង្អួតគ្នាយ៉ាងគ្រោះថ្នាក់បំផុត៕ដោយ អៀង សុខម៉ិញ (RFI)