គណបក្សកាន់អំណាចនៅម៉ាឡេស៊ីឈ្នះឆ្នោតសាជាថ្មី
នៅប្រទេសម៉ាឡេស៊ី ការបោះឆ្នោតសភាដែលបានប្រព្រិត្តិទៅ កាលពីថ្ងៃអាទិត្យម្សិល មិញនេះ បានផ្តល់ជោគជ័យសាជាថ្មីដល់គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Najib Razak។ បក្សកាន់អំណាចដែលបានដឹកនាំប្រទេសជាង៥៦ឆ្នាំមកហើយនោះ ទទួលបានអាសនៈសភាចំនួន ១៣៣ ឈ្នះលើគណបក្សប្រឆាំងរបស់លោក Anwar Ibrahim ដែលទទួលបានអាសនៈ៨៩។ គណបក្សប្រឆាំងបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយចោទបក្សកាន់អំណាចថា ធ្វើផ្ទុយពីច្បាប់ដោយអនុញ្ញាតអោយជនបរទេសបានបោះឆ្នោត។
គណបក្សអង្គការឯកភាពជាតិម៉ាឡេស៊ីហៅកាត់ថា UMNO ដែលជាគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Najib Razak បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតសភា នៅម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយទទួលបានអាសនៈ១៣៣ ឈ្នះលើគណបក្សប្រឆាំងរបស់លោក Anwar Ibrahim ដែលទទួលបានអាសនៈ៨៩។
ប៉ុន្តែ ជោគជ័យរបស់បក្សកាន់អំណាច UMNO គ្រាន់តែជាជោគជ័យដ៏ស្តួចស្តើងប៉ុណ្ណោះ ព្រោះថាបក្សកាន់អំណាចបានបាត់អាសនៈចំនួន២។ រីឯគណបក្សប្រឆាំងបានទទួលអាសនៈ១៤បន្ថែមទៀត បើប្រៀបទៅនឹងអាសនៈនៅក្នុងរដ្ឋាភិបាលចាស់ដែលមាន៧៥អាសនៈ។ ក្នុងការបោះឆ្នោតសភាឆ្នាំ២០០៨ កន្លងមក គណបក្សកាន់អំណាច UMNO មិនបានទទួលសន្លឹកឆ្នោតដល់ទៅពីរភាគបីនោះទេ។ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលចំរុះម៉ាឡេស៊ី ប្រសិនបើបក្ស UMNO នៅតែបន្តធ្លាក់ចុះនោះ នាយករដ្ឋមន្ត្រី Najib Razak អាចនឹងលាចុះពីតំណែងយ៉ាងយូរនៅដំណាច់ឆ្នាំ២០១៣នេះ។ បច្ចុប្បន្ននេះ លោក Najib Razak មិនសូវជាមានអំណាចដូចជាពេលមុននោះទេ។ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសុំអោយមានការបង្រួបង្រួមជាតិ ហើយប្រាប់ថាលោកនឹងបំពេញកិច្ចការនយោបាយក្នុងបែបផែនផ្សះផ្សារ ជាតិ។
ដោយឡែក គណបក្សប្រឆាំងរបស់លោក Anwar Ibrahim បានបដិសេធលទ្ធផលនៃការបោះឆ្នោត ដោយចោទគណបក្សកាន់អំណាចថា អនុញ្ញាតអោយជនបរទេសបានបោះឆ្នោតផ្ទុយពីច្បាប់។ លើសពីនេះ គណបក្សប្រឆាំងក៏បានចោទគណៈកម្មការរៀបចំការបោះឆ្នោតផងដែរ ថាបានលួចសន្លឹកឆ្នោតពីប្រជាជន។ យោងតាមសាក្សីជាច្រើន ទឹកខ្មៅដែលប្រើសំរាប់សម្គាល់ម្រាមដៃបោះឆ្នោត ងាយស្រួលនឹងរលុបបាត់។ ដូច្នេះ វាធ្វើអោយអ្នកបោះឆ្នោតម្នាក់ អាចបោះឆ្នោតបានច្រើនដងទៀត។
ទោះជាមានការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក្តី យោងតាមអ្នកវិភាគនានា បក្សប្រឆាំងពិបាកនឹងតវ៉ាដើម្បីប្តូរជ័យជំនះរបស់បក្សកាន់អំណាច ណាស់។ បក្សប្រឆាំងអាចត្រឹមតែដាក់ពាក្យប្តឹងទៅតុលាការប៉ុណ្ណោះ។ មេដឹកនាំបក្សប្រឆាំង Ibrahim ដែលមានអាយុ៦៥ឆ្នាំ និងមានសុខភាពមិនសូវជាអំណោយផលនោះធ្លាប់បានប្រាប់ថា លោកនឹងដកខ្លួនថយពីឆាក នយោបាយជាតិ ប្រសិនបើលោកមិនអាចកាន់តំណែងជាមេដឹកនាំប្រទេសទេនោះ។
ប្រជាជនម៉ាឡេស៊ី៨០ភាគរយក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតជាង១៣លាន នាក់ បាននាំគ្នាទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះជាអត្រាមួយដ៏ខ្ពស់បំផុត៕ ដោយ ព្រំ សឿន សូលីណា (RFI)