មេរោគផ្តាសាយថ្មីមិនទាន់ឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាម៉េរិកមានប្រសាសន៍ថា ប្រភេទមេរោគផ្តាសាយបក្សីថ្មីដែលបណ្តាលឲ្យមនុស្សកើតជំងឺ និងស្លាប់ក្នុងប្រទេសចិនមិនអាចបណ្តាលឲ្យឆ្លងរាលដាលនោះទេ ប៉ុន្តែលោកបានព្រមានថាគេមិនអាចធានាថា មេរោគនេះនឹងមិនអាចផ្លាស់ប្តូរ និងក្លាយជាជំងឺឆ្លងនោះទេ។
លោកវេជ្ជបណ្ឌិត Thomas Frieden បានប្រាប់កិច្ចប្រជុំកំពូលសុខភាពនៅទីក្រុងញូយ៉កថា មានមនុស្សជាង ២ពាន់នាក់ហើយដែលបានប៉ះពាល់ជាមួយអ្នកជំងឺដែលឆ្លងមេរោគប្រភេទ ថ្មីនេះ ហើយមានមនុស្សតិចតួចប៉ុណ្ណោះធ្លាក់ខ្លួនឈឺ។ និយាយជារួម អ្នកឆ្លងជំងឺទាំងអស់សុទ្ធសឹងតែបានប៉ះពាល់ជាមួយសត្វបក្សី ដែលជាប្រភពមេរោគ។
មេរោគផ្តាសាយបក្សីប្រភេទថ្មី H7N9 ដែលបានឆ្លងទៅមនុស្សកាលពីខែកុម្ភៈបានធ្វើឲ្យមនុស្សមានជំងឺយ៉ាង តិច ១២៧នាក់ហើយ និងបានសម្លាប់មនុស្ស ២៧នាក់ផងដែរ។ បើតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាម៉េរិក អត្រាស្លាប់ដែលបណ្តាលមកពីការឆ្លងមេរោគនេះមានប្រមាណ ២០ភាគរយ។
បើ តាមការធ្វើតេស្តដោយមន្ត្រីសុខាភិបាលចិនបង្ហាញថាមេរោគនេះមាន នៅក្នុងសត្វមាន់ ទា និងព្រាប ប៉ុន្តែលោកវេជ្ជបណ្ឌិត Frieden បញ្ជាក់ថាគេមិនទាន់ដឹងច្បាស់ថាតើមេរោគនេះឆ្លងក្នុងចំណោមសត្វ ស្លាបយ៉ាងដូចម្តេចនោះទេ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់ដើម្បីធ្វើការ ត្រួតពិនិត្យជំងឺនេះ ហើយបច្ចុប្បន្ននេះមជ្ឈមណ្ឌលមានបុគ្គលិកចំនួន ១៩៣នាក់ដែលធ្វើការលើមេរោគ H7N9 ដែលក្រុមការងារនេះកំពុងបំពេញភារកិច្ចក្នុងប្រទេស ចិន ឡាវ កម្ពុជា និងវៀតណាម៕ (Radio Australia)