នាយក​រដ្ឋមន្ត្រី​ស៊ីរី​រួច​ជីវិត​ពី​ភេរវកម្ម​បំផ្ទុះ​រថយន្ត​

នៅ ​ថ្ងៃ​ចន្ទនេះ នៅ​ក្រុង​ដាម៉ាស ប្រទេស​ស៊ីរី ​នាយករដ្ឋមន្ត្រី​​លោក Waël al-Halaqi បាន​​រួចផុត​ជីវិត​​​ពីអំពើ​​ភេរវកម្ម​​ ដែលបាន​វាយប្រហារ​ទៅលើ​​ក្បួន​រថយន្ត​​​របស់​លោក។ ​នាយករដ្ឋមន្ត្រី​ស៊ីរី​មិន​បាន​រងរបួស​អ្វី​ទេ ប៉ុន្តែភេរវកម្មបំផ្ទុះរថយន្ត​​នេះ​បាន​សម្លាប់​​អង្គរក្ស​របស់​លោក​ម្នាក់ និង​ធ្វើ​អោយ​មនុស្ស​ពីរ​នាក់​ទៀតរងរបួស។

ភេរវកម្ម ​បំផ្ទុះ​រថយន្ត​ដែល​បាន​កើតឡើង​នៅ​ក្រុងដាម៉ាស ប្រទេស​ស៊ីរី​​ នៅ​ថ្ងៃ​ចន្ទនេះ គឺ​មាន​គោលដៅ​វាយប្រហារ​រថយន្ត​​របស់​នាយករដ្ឋមន្ត្រី​​លោក Waël al-Halaqi។ ប៉ុន្តែ វា​មិន​បាន ប៉ះពាល់​​ទៅលើ​លោក ​al-Halaqi នោះទេ។ អង្គរក្ស​របស់​លោក​ម្នាក់បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​អំពើ​ភេរវកម្ម​នេះ ហើយអង្គរក្ស​ម្នាក់​ទៀត​ និង​អ្នកបើកបរ​រថយន្តរបស់​​លោក​ បាន​រងរបួស​ធ្ងន់ធ្ងរ។

ភេរវកម្ម​បំផ្ទុះរថយន្ត​នេះ បាន​កើតឡើង​នៅ​ជិត​សួនច្បារ​សាធារណៈ​មួយកន្លែង និង​សាលារៀន​​ Mazzé ស្ថិត​ក្នុងសង្កាត់​ដែល​មាន​ការ​ការពារ​សុវត្ថិភាពសន្តិសុខ​ខ្ពស់។ នៅ​ទីនោះ​ គឺ​ជា​ទីតាំង​​នៃអគារ​​រដ្ឋាភិបាល ​​ទីស្នាក់ការ​ផ្នែកចារកិច្ច​​ស៊ីរី ព្រមទាំង​ស្ថានទូត​​​បណ្តា​ប្រទេស​នានា​ផងដែរ។

ភេរវកម្ម​បំផ្ទុះ​នេះ ប្រហែល​ជា​ត្រូវ​បាន​​គេ​បញ្ជា​ដោយ​ឧបករណ៍តេឡេកុំម៉ង់​​ពីចំងាយ។ គួររំលឹកថា នៅ​ខែ​សីហា ឆ្នាំ​២០១២ លោក Waël al-Halaqi បាន​ឡើងកាន់​​តំណែងជា​​នាយករដ្ឋមន្ត្រីបន្ត​ពី​លោក Riad Hijab។ លោក Riad Hijab គឺ​ជា​អ្នក​​​​​ប្រឆាំង​​នឹង​ការ​សម្លាប់​រង្គាល​​​​នៃ​របប​ក្រុងដា ម៉ាស នៅ​ក្នុង​ចលនាបះបោរ​​​​​នៅ​ស៊ីរី កាល​ពី​ខែ​មិនា ឆ្នាំ​២០១១។ ​

អំពើ​ភេរវកម្ម​​នៅ​ក្រុង​ដាម៉ាស​លើកចុងក្រោយ​​មុននេះ ​​បាន​កើតឡើង​ កាល​ពី​ថ្ងៃ​៩​មេសា កន្លង ទៅ ដោយ​បាន​សម្លាប់​មនុស្ស​១៥នាក់។ រដ្ឋាភិបាល​លោកអាសាដ បាន​ចោទ​ថា “ក្រុមភេរករ” ​​ជា​អ្នក​​បង្កអំពើភេរវកម្ម។ ពាក្យថា​”​ក្រុមភេរករ” ​ដែល​បាន​ប្រើប្រាស់​ដោយ​របប​ក្រុង​ដាម៉ាស ​គឺ​​​សំដៅ​ទៅលើ​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​​របស់​លោក​ អាសាដ។ ក្រុមឧទ្ទាមស៊ីរី​ទទួល​បាន​​​ជំនួយ​ពី​ក្រុម​ជីហាដ​ដែល​ជាក្រុម​ ដែលតែងបង្កភេរវកម្ម​នៅ​ស៊ីរី។

ដោយឡែក ជុំវិញ​ការ​សង្ស័យ​​ថា​របប​ក្រុង​ដាម៉ាស​បាន​​ប្រើប្រាស់​អាវុធគីមី​នោះ អ្នកស៊ើបអង្កេត​​នៃ​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ធ្វើការ​ប្រមូល​​ភស្តុតាង ​​ នៅ​ក្រៅប្រទេស​ស៊ីរី។ រដ្ឋាភិបាល​ស៊ីរី​នៅ​តែបន្ត​​ហាមប្រាម​មិន​អោយ​អ្នកស៊ើបអង្កេត​ចូល​ទៅ​កាន់​ ទឹកដី​ខ្លួន។
នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្រុង ​New York អ្នកវិទ្យាសាស្ត្រជនជាតិ​ស៊ុយអែដ ​Ake Sellstrom ដែល​ត្រូវ​បានអង្គការ​សហប្រជាជាតិ​ ​តែងតាំង​ជា​អ្នក​ដឹកនាំ​បេសកមកម្ម​ស៊ើបអង្កេត​នេះ កាលពីចុង​​ខែ​មិនា​កន្លងទៅ​នោះ នឹង​ជួបពិភាក្សា​ជាមួយ​អ្នកទទួល​ខុសត្រូវ​នានា​របស់​អង្គការ​សហប្រជាជាតិ​ ជុំវិញ​បញ្ហាអាវុធគីមី​នេះ។ ​លោក​​Ake Sellstrom ធ្លាប់​បាន​ទៅក្រុង​Londres រួចហើយ​ ដើម្បី​ប្រមូលព័ត៌មាន​ទាក់ទង​នឹង​ការសង្ស័យ​របស់​បណ្តា​បស្ចិមប្រទេស​លើ​ អាវុធគីមី​នេះ។

កន្លង​មក បារាំង​និង​អង់គ្លេស​បាន​​រាយការណ៍​ទៅ​​អង្គការ​សហប្រជាជាតិ​ថា មាន​ភស្តុតាង​បញ្ជាក់​​ថា មាន​ការ​ប្រើប្រាស់​នូវ​ជាតិ​​ពុល នៅ​​ក្រុង​អាឡេប និង​​ក្រុង​​ហ៊ម ក្នុង​ប្រទេស​ស៊ីរី។ ដោយ ឡែក​ ​រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​ចោទ​បក្សប្រឆាំង​វិញដែរថា បាន​ប្រើ​អាវុធគីមី នៅ​ក្រុងអាឡេប​ កាល​ពី​ថ្ងៃ​១៩​មិនា កន្លងទៅ៕​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close