កម្ពុជា-ថៃ សន្យារក្សាស្ថិរ ភាព និងសន្ដិភាព តាមព្រំដែន
Cambodia News
ភ្នំពេញ៖ ក្រោយវិលត្រឡប់ អមដំណើរចូលរួម កិច្ចប្រជុំជាមួយប្រមុខ នៃរាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៣ លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេស ប្រ៊ុយណេ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបាន ពិភាក្សាបញ្ហាតំបន់ និងអន្ដរជាតិមួយចំនួន ក្នុងនោះរួមមាន បញ្ហាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងបញ្ហាឧបទ្វីបកូរ៉េ។
លោក កៅ គឹមហួន បានបន្ដថា ក្រៅពីកិច្ចប្រជុំមេដឹកនាំ កម្ពុជា-ថៃ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកស្រី យីង ឡាក់ នាយករដ្ឋមន្ដ្រីថៃ ក៏ បានពិភាក្សាគ្នាខ្លីមួយ ដោយសន្យាពង្រឹងកិច្ចសហប្រតិបត្ដិ ការ ការជំរុញកសាងមិត្ដភាព ស្ថិរភាព និង សន្ដិសុខតាមព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របពេលដែលការបកស្រាយ សាលក្រម ឆ្នាំ ១៩៦២ របស់តុលាការអន្ដរ ជាតិយុត្ដិធម៌ ទីក្រុងឡាអេ កំពុងដំណើរ ការនៅឡើយ។
គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកពីចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសប្រ៊ុយណេ វិញ កាលពីវេលា ម៉ោងប្រមាណ ២រសៀល ថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៣ នេះ ៕