ចិនចង់មាននាវាផ្ទុកយន្តហោះទីពីរទៀត
យោងតាមអ្នកទទួលខុសត្រូវយោធាជាន់ ខ្ពស់ចិនមួយរូប ក្រុងប៉េកាំងនឹងផលិតនាវាផ្ទុកយន្ត ហោះមួយគ្រឿងថែមទៀត ដែលមានទំហំធំជាងនាវាផ្ទុកយន្តហោះដែលខ្លួនបានដាក់អោយប្រើកាលពី ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅ។ នេះបើយោងតាមសារព័ត៌មានរបស់ចិនមួយ ចេញផ្សាយនៅថ្ងៃពុធនេះ។
នាវាផ្ទុកយន្តហោះដែលក្រុងប៉េកាំងចង់ផលិតនេះ គឺជានាវាផ្ទុកយន្តហោះទីពីរសំរាប់យោធាចិន។ នាវាផ្ទុកយន្តហោះថ្មីនេះ នឹងមានទំហំធំជាងនាវាផ្ទុកយន្តហោះទីមួយដែលចិនបានដាក់អោយ ដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១២ កន្លងទៅ។
នេះបើយោងប្រភពព័ត៌មានដែលកាសែតចិនមួយ ទទួលបានពីឧត្តមនាវីត្រីចិន លោក Song Xue ជាមេដឹកនាំសំខាន់ទីពីរនៃទ័ពជើងទឹកចិន។ នាឧកាសពិធីប្រារព្ធខួប៦៤ឆ្នាំ នៃការបង្កើតទ័ពជើងទឹកចិន លោក Song Xue បានប្រាប់ថា នាវាផ្ទុកយន្តហោះថ្មីនេះនឹងអាចផ្ទុកបានយន្តហោះចំបាំងច្រើនជាង នាវាផ្ទុកយន្តហោះទីមួយ។
ដោយឡែក យោងតាមមេដឹកនាំទ័ពជើងទឹកចិនរូបនេះ ព័ត៌មានដែលលេចលឺថាចិននឹងផលិតនាវាផ្ទុកយន្តហោះទីពីរនេះ នៅសៀងហៃ គឺមិនមែនជាការពិតនោះទេ។
គួររំលឹកឡើងវិញថា កាលពីខែកញ្ញា កន្លងទៅ ចិនបានដាក់ប្រើនូវនាវាផ្ទុកយន្តហោះទីមួយរបស់ខ្លួន មានឈ្មោះថា Liaoning។ នាវានេះ ស្ថិតនៅក្រោមការបញ្ជាផ្ទាល់របស់ទីស្នាក់ការ កណ្តាលទ័ពជើងទឹកចិន។ ចិនបានទិញនាវាផ្ទុកយន្តហោះនេះពីប្រទេសអ៊ុយក្រែន នាចុងទស្ស វត្សរ១៩៩០ហើយបានយកវាមកធ្វើការកែច្នៃឡើងវិញ។ យន្តហោះ ចំបាំងចិន បានសាកល្បងហោះ ហើរ និងចុះចតលើនាវា Liaoning នេះរួចមកហើយ។
លោក Song Xue បានប្រាប់ថា បច្ចុប្បន្ននេះ ទ័ពជើងទឹកចិនកំពុងតែបង្កើតក្រុមផ្នែកអាកាសចរណ៍មួយក្រុមសំរាប់ នាវាផ្ទុកយន្តហោះ Liaoning ។ ក្នុងក្រុមនោះ មានកងនាវាចំបាំងយ៉ាងហោចណាស់ក៏ពីរដែរ។ហើយក្នុងនោះក៏មានដូចជាយន្តហោះចំបាំងឧបករណ៍មុជក្រោមទឹកយន្តហោះ ហោះឡើងតាមទិសបញ្ឈរផ្សេងៗទៀតដែរ។
រួមជាមួយនឹងនាវាផ្ទុកយន្តហោះ Liaoning នាវាផ្ទុកយន្តហោះថ្មីមួយគ្រឿងដែលចិនប្រកាសចង់សាងសង់នេះ មានតួនាទីសំខាន់ក្នុងការការពារបូរណភាពដែនដីជាតិខ្លួន ពិសេសនៅពេលដែលស្ថានភាពជម្លោះរវាងចិននិងជប៉ុន ជុំវិញកោះសេនកាគូ នៅសមុទ្រចិនខាងកើត នៅតែមានភាពតានតឹងជាដរាប៕ដោយ ព្រំ សឿន សូលីណា (RFI)