ផ្លូវមួយចំនួនតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីត្រូវបានបិទក្នុងពេលប្រជុំអាស៊ាន
សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ មីនា ២០១២ ដល់សាធារណៈជនឲ្យបានជ្រាបថា សាលារាជធានីភ្នំពេញនឹងបិទជាបណ្តោះអាសន្ននូវរបាំងចែកទ្រូងផ្លូវសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២ និងថ្ងៃទី៤ មេសា ២០១២ ត្រង់ចំណុចផ្លូវឆ្លងកាត់ចំនួន ៥កន្លែង។
ផ្លូវឆ្លងកាត់ចំនួន ៥កន្លែងនោះមានដូចជា ច្រកផ្លូវលេខ២១៥ ច្រកផ្លូវចូលវត្តទឹកថ្លា មុខស្ថានីយប្រេងឥន្ធនៈតេលាទឹកថ្លា ច្រកផ្លូវខាងលិចរោងចក្រទឹកថ្លា និងច្រកចូលផ្សារកាណាឌីយ៉ា ច្រកចូលប្លាហ្សា មុខធនាគារអេស៊ីលីដា និងភោជនីយដ្ឋានពោធិ៍ចិនតុង និងច្រកចូលមុខធនាគារកាណាឌីយ៉ា។
ការដែលសាលារាជធានីភ្នំពេញ បិទផ្លូវតូចៗមួយចំនួន ឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ីគឺ ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាការធានានូវសុវត្ថិភាព ជូនដល់ក្បួនធ្វើដំណើររបស់គណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
សូមរម្លឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅ ឆ្នាំ២០១២ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤ មេសា ២០១២ នៅរាជធានីភ្នំពេញ។ ដែលកម្ពុជាគ្រោងនឹងប្រើប្រាស់កម្លាំងសរុបជិតមួយម៉ឺននាក់ ដើម្បីការពារសន្តិសុខពេលកិច្ចប្រជុំកំពូលអាស៊ាន៕