កូរ៉េខាងជើង៖ ជនបរទេស​ត្រូវតែ​ចាកចេញ​ពី​កូរ៉េខាងត្បូង​មុន​សង្រ្គាម​នុយក្លេអ៊ែរ

តើ ​កូរ៉េខាងជើង​ពិត​ជា​ត្រៀម​ខ្លួន​ ដើម្បី​បញ្ឆេះ​សង្រ្គាម​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​មែន ឬ​យ៉ាង​ណា ?។ នេះ​ជា​សំណួរ​មួយ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​ទេ។ អ្វី​ដែល​គេ​ដឹង ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ របបក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​យក​សង្រ្គាម​នុយក្លេអ៊ែរ​មក​កំញើញ​សហគមន៍​ អន្តរជាតិ។

ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ ទី៩ មេសា​នេះ កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​ជន​បរទេស​ទំាង​អស់​ផ្តើម​វិចបង្វេច​ចាកចេញ​ពី ​ទឹកដី​កូរ៉េខាងត្បូង មុន​នឹង​ខ្លួន​ចាប់​ផ្តើម​ធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ។ ទន្ទឹម​គ្នា​នេះ របប​ក្រុង​ព្យុងយ៉ាង​ក៏​បាន​គំរាម​ជម្លៀស​បុគ្គលិក កម្មករ​របស់​ខ្លួន​ទំាង​អស់​ចេញ​ពី​តំបន់​ឧស្សាហកម្ម Kaesng ដែរ។

« ឧបទ្វីប ​កូរ៉េ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សង្រ្គាម​នុយក្លេអ៊ែរ » នេះ​ជា​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​កូរ៉េខាងជើង​ដើម្បី​សន្តិភាព​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ផ្សព្វផ្សាយ​ដោយ​ ទីភ្នាក់ងារ​ផ្លូវការ​របស់​ទីក្រុង​ព្យុងយ៉ាង។ សេចក្តីជូនដំណឹង​ដដែល​បាន​បន្ថែម​ថា នៅ​ក្នុង​ករណី​ដែល​មាន​សង្រ្គាម​ផ្ទុះ​ឡើង កូរ៉េខាងជើង​មិន​ចង់​ឃើញ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ ក្លាយ​ជា​ផ្ទំាងស៊ីប​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា ការ​អំពាវនាវ​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​ធ្វើ​ម្តង​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​កន្លង​ទៅ ដោយ​របបកុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ថា ខ្លួន​មិន​អាច​ធានា​សន្តិសុខ​ចំពោះ​បេសកកម្ម​ការទូតបរទេស​នៅ​ក្នុង​ទីក្រុង​ ព្យុងយាង​បាន​ឡើយ​ចាប់​ពី​ថ្ងៃទី ១០ មេសា។ ចាប់​ពី​ថ្ងៃទី១០ មេសា​ដែល​កូរ៉េខាងជើង​អាច​នឹង​ធ្វើ​ការ​សាក ល្បង​នុយក្លេអ៊ែរ ឬ​មួយ​ក៏​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​ថ្មី។

តែ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​ថ្ងៃ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​មួយ​ដែល​មាន​បេសកកម្ម​ការទូត​នៅ​ កូរ៉េខាងជើង​ចាប់​ផ្តើម​វិចបង្វេច​ចាកចេញ​ពី​ទីក្រុង​ព្យុងយ៉ាង​នៅ​ឡើយ​ទេ។ មូលហេតុ មក​ពី​ពួក​គេ​មិន​ជឿ និង​បាន​ចាត់​ទុក​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ថា មាន​តែ​ទ្រឹស្តី​ហូរ​ដូច​ទឹក គ្មាន​ការ​ពិត​នៅ​ត្រង់​កន្លែង​ណា​មួយ​ទេ។ ពិត​ណាស់​ថា ភាព​តានតឹង​ហាក់​ដូច​ជា​បាន​ឡើង​ដល់​កំពូល​នៅ​ឧបទ្វីប​កូរ៉េ តំាង​ពី​កូរ៉េខាងជើង​​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ូកែត​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១២​កន្លង​ទៅ និង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៣​ប្រកប​ដោយ​ជោគ ជ័យ​កាល​ពី​ខែ​កុម្ភៈ ពិសេស​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ​កំពុង​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ពេល​នេះ។ សមយុទ្ធ​ដែល​គ្រោង​នឹង​បិទបញ្ចប់​នៅ​ដំណាច់​ខែ​មេសា​នេះ។

តើ​កូរ៉េខាងជើង​ពិត​ជា​ត្រៀម​ខ្លួន​ដើម្បី​បញ្ឆេះ​សង្រ្គាម​នុយក្លេអ៊ែរ​នៅ​ ឧបទ្វីប​កូរ៉េ​មែន ឬ​យ៉ាង​ណា ?។ នេះ​ជា​សំណួរ​មួយ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​ទេ។ អ្វី​ដែល​ច្បាស់ ទំាង​អាមេរិក និង​ជប៉ុន​ហាក់​ដូច​ជា​មិន​បាន​មើល​ស្រាល​ចំពោះ​ការ​គំរាមកំហែង​របស់​ កូរ៉េខាងជើង​ទេ។ នៅ​ថ្ងៃ​នេះ និង​ដើម្បី​ប្រឆំាង​ទប់​នឹង​គ្រាប់មីស៊ីល​កូរ៉េខាងជើង​ជា​យថាហេតុ ជប៉ុន​បាន​ដាក់​ពង្រាយ​គ្រាប់មីស៊ីល Patriot នៅ​ប៉ែកកណ្តាល​ទីក្រុង​តូក្យូ និង​គ្រោង​ដំឡើង​ប្រព័ន្ធខែល​មីស៊ីល​ប្រឆំាង​មីស៊ីល​នៅ​កោះ​អូគីណាវ៉ា​ស្ថិត ​ប៉ែក​ខាង​ត្បូង​ប្រទេស។

ទាក់ទង​នឹង​ការ​បិទ​ច្រកចេញ ចូល​ជា​បណ្តោះអាសន្ន​តំបន់​ឧស្សាហកម្ម Kaesong និង​ការ​គំរាម​ជម្លៀស​បុគ្គលិក កម្មករ​កូរ៉េខាងជើង​ចេញ​ពី​តំបន់​នោះ​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង ត្រូវ​បាន​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-Hye ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា លោកស្រី​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លំាង។ ចំណែក​លោក​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ​វិញ​បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​ ធានា​សុវត្ថិ ភាព និង​សន្តិសុខ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តំបន់ ​ឧស្សាហកម្ម Kaesong នោះ ព្រម​ទំាង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ផង​ដែរ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close