ម្សៅទឹកដោះគោនៅអង់គ្លេសត្រូវប៉ាន់សម្រាប់ពលរដ្ឋចិន
បណ្ដាពាណិជ្ជករលក់រាយម្សៅទឹក ដោះគោ កំពុងតែធ្វើការ ដាក់កំណត់ទៅលើចំនួនកំប៉ុងម្សៅទឹកដោះគោដែលអតិថិជនម្នាក់ៗអាច ទិញបាន ក្រោយពីក្រុមហ៊ុនផលិតម្សៅទឹកដោះគោនាំមុខគេមួយបាននិយាយថា នៅអង់គ្លេសមានអ្នកកំពុងទិញកំប៉ុងម្សៅទឹកដោះគោយ៉ាងច្រើនសន្ធឹក សន្ធាប់សម្រាប់ការនាំចេញក្រៅផ្លូវការទៅលក់នៅទីផ្សារប្រទេស ចិន។
ក្រុមហ៊ុន Danone ដែលជាអ្នកផលិតម្សៅទឹកដោះគោនាំមុខគេនៅអង់ គ្លេស បានស្នើឲ្យហាង លក់ទំនិញធំៗធ្វើការកំណត់នូវចំនួនដែលអតិថិជនម្នាក់ៗអាចទិញបាន ដោយអនុញ្ញាតឲ្យអតិថិជនម្នាក់ៗទិញបានតែ២កំប៉ុងប៉ុណ្ណោះក្នុងមួយ ថ្ងៃ។
ក្រុមហ៊ុននិយាយថា ម្សៅទឹកដោះគោរបស់ខ្លួនកំពុងតែត្រូវគេបញ្ជូនទៅបរទេសជាពិសេសគឺ ទៅឲ្យញាតិមិត្ដ ហើយក្រៅពីនេះក៏មានលក់តាមអ៊ីនធើរណិតផងដែរ។
នៅ ប្រទេសចិន ចាប់តាំងពីពេលដែលមានទារកជាច្រើននាក់ស្លាប់ និង៣សែននាក់ធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៨ ដោយសារតែផឹកម្សៅទឹកដោះគោដែលមានលាយជាតិគីមីមក តម្រូវការម្សៅទឹកដោះគោសុទ្ធពីបរទេសបានមានការកើនឡើងយ៉ាង ខ្លាំង។
នៅដើមឆ្នាំនេះ បណ្ដាហាងលក់ទំនិញនៅក្នុងប្រទេសអូស្រ្ដាលី និងក្រុងហុងកុង ក៏បានដាក់កំហិតលើចំនួនដែលអតិថិជនអាចទិញបានផងដែរ ដោយសារតែមូលហេតុដូចគ្នានេះ៕ (Radio Australia)