ផ្តាសាយបក្សី ៖ ចិនបន្ថែមវិធានការបិទទីផ្សារសត្វស្លាប
ខេត្តក្រុងជាច្រើន នាប៉ែកខាងកើតប្រទេស បានហាមឃាត់មិនឱ្យមានចរាចរណ៍លក់ដូរសត្វមាន់ទារស់ ឬស្លាប់ តាំងពីថ្ងៃសុក្រមក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរ៉ុស H៧N៩ នៃជំងឺគ្រុនផ្តាសាយបក្សី ដែលបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និង១៨នាក់ឆ្លងវីរ៉ុស។ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរក្រុងសៀងហៃ បានចាត់វិធានការថ្មីបន្ថែមមួយទៀត ដោយកំណត់ការហោះហើររបស់សត្វព្រាប និងហាមឃាត់មិនឱ្យលក់ដូរសត្វស្លាបព្រៃ ដែលបណ្តាជនធ្លាប់យកមកធ្វើជាម្ហូបអាហារបរិភោគ។
បន្ទាប់ពីបានចេញបំរាមបិទទីផ្សារលក់មាន់ទា តាំងពីថ្ងៃសុក្រ និងបានបញ្ជាឱ្យសម្លាប់ចោលសត្វស្លាបប្រភេទនេះអស់រាប់សិបពាន់ ក្បាល ដើម្បីទប់ស្កាត់ការចម្លងវីរ៉ុស H៧N៩ នៃជំងឺគ្រុនផ្តាសាយបក្សី ដែលតាមពិតទៅនោះ ត្រូវបានគេរកឃើញនៅក្នុងសត្វព្រាបមក នៅថ្ងៃអាទិត្យនេះ ក្រុងសៀងហៃបានចេញប្រកាសតាមវេបសាយ ហាមឃាត់ការហោះហើររបស់សត្វព្រាប និងចាប់បង្ខាំងទុកបានប្រមាណពីរលានក្បាល។ ការលក់សត្វស្លាបព្រៃ សម្រាប់ធ្វើម្ហូប ក៏ត្រូវហាមឃាត់។ អនុញ្ញាតឱ្យបរិភោគតែពងសត្វមាន់ទា ឬព្រាបប៉ុណ្ណោះ ! សួនសត្វស្លាបរបស់ក្រុងត្រូវបិទទ្វារមួយរយៈ។ នេះបើតាមសារព័ត៌មានShanghai Daily។
អ្នកទទួលខុសត្រូវសាលារៀនទាំងអស់ ក៏បានទទួលបញ្ជាឱ្យការពារសុវត្ថិភាពសុខភាពដល់សិស្សានុសិស្ស។ ទូរទស្សន៍ជាតិបានបង្ហាញអំពីយុទ្ធនាការបោសសំអាត បាញ់ថ្នាំសម្លាប់មេរោគ នៅតាមថ្នាក់រៀន ព្រោះថ្ងៃចន្ទស្អែក ជាថ្ងៃចូលរៀនវិញ។
គិតចាប់តាំងពីមានផ្ទុះឡើងជាថ្មីនៃជំងឺគ្រុនផ្តាសាយបក្សី ក្នុងឆ្នាំ២០១៣នេះ ចិនបានកត់ត្រាចំនួនមនុស្ស ឆ្លងវីរ៉ុស H៧N៩ ១៨នាក់ ជិតពាក់កណ្តាលជាអ្នករស់នៅក្នុងសៀងហៃ ហើយជាងនេះទៅទៀត៤នាក់នៅក្រុងសៀងហៃ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ៦នាក់។
សម្រាប់អង្គការសុខភាពពិភពលោក តាំងពីថ្ងៃពុធមក អង្គការបានច្រានចោលសម្មតិកម្មនៃគ្រោះ “រាតត្បាត” របស់វីរ៉ុស H៧N៩ ដោយសំអាងថាគ្មានការឆ្លងពីមនុស្សទៅមនុស្សទេ ដូចវីរ៉ុស H៥N១ នៃជំងឺគ្រុនផ្តាសាយបក្សីទេ។
នៅក្នុងវិចារណកថារបស់ទស្សនាវដ្តី Globel Time ការលេចឡើងនៃជំងឺគ្រុនផ្តាសាយបក្សីនៅពេលនេះ បញ្ជាក់យ៉ាងច្បាស់អំពីគ្រោះថ្នាក់ នៃការធ្វើកសិកម្ម-ឧស្សាហកម្មចិញ្ចឹមសត្វតាមបែបប្រពល វប្បកម្ម(បង្ខំឱ្យបានផលច្រើន) ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានទំហំកាន់តែធំ និងកើនឡើងជាលំដាប់៕ ដោយ អៀង សុខម៉ិញ (RFI)