ចិនអនុញ្ញាតអោយភ្ញៀវទេសចរចូលកំសាន្តប្រជុំកោះ Paracels ដែលជាប់ជម្លោះជាមួយវៀតណាម
យោងតាមសារព័ត៌មានផ្លូវការនានានៅ ប្រទេសចិនដែលចេញផ្សាយ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរចិននឹងបើកប្រជុំកោះ Paracels ដែលគ្មានមនុស្សនៅ អោយភ្ញៀវទេសចរនានាបានចូលទៅកំសាន្ត ចាប់ពីខែមេសានេះទៅហើយ។ ទង្វើនេះនឹងធ្វើអោយវៀតណាមមានការក្តៅក្រហាយ ព្រោះថាវៀតណាមក៏បានដណ្តើមបូរណភាពដែនកោះនេះ ជារបស់ជាតិខ្លួនផងដែរ។
យោងតាមសារព័ត៌មានចិន នៅមុនថ្ងៃសំរាកបុណ្យការងារ ០១ ឧសភាខាងមុខនេះ ក្រុងប៉េកាំងមានគំរោងនឹងអោយភ្ញៀវទេសចរនានា បានចូលទៅកំសាន្តប្រជុំកោះ Paracels ដែលគ្មានមនុស្សនៅ ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូង។ ព័ត៌មាននេះនឹងធ្វើអោយវៀតណាមដែលទាមទារបូរណភាពដែនកោះនេះដែរ នោះ មានការក្តៅក្រហាយចៀសមិនផុត។
នាវាទេសចរមួយនៅ Hainan ចុងភាគខាងត្បូងចិន ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ពីរពាន់នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកភ្ញៀវទេសចរទៅកំសាន្ត នៅប្រជុំកោះ Paracels។ នេះបើយោងតាមលោក Tan Li អភិបាលរងកោះ Hainan ដែលបានប្រាប់កាសែតចិនមួយ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។
យោងតាមទីភ្នាក់ងារទេសចរមួយនៅ Hainan ដំណើរកំសាន្តនៅប្រជុំកោះនេះ នឹងមានតំលៃខ្ពស់ ដោយសារតែរដ្ឋាភិបាលចិនបានចាយវាយថវិកាច្រើនក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធទេសចរនៅទីនោះ។ នៅកោះ Woody Island ដែលជាកោះសំខាន់មួយនៃប្រជុំកោះParacel ចិនបានសង់សណ្ឋាគារមួយមាន៦០បន្ទប់ ដើម្បីទទួលភ្ញៀវទេសចរ។
ការអនុញ្ញាតអោយភ្ញៀវទេសចរចូលទៅកាន់ប្រជុំកោះនោះ នឹងបង្កអោយស្ថានភាពទំនាក់ទំនងរវាងចិន និងវៀតណាមកាន់តែតានតឹងថែមទៀត បើទោះជាគណបក្សកុំម្មុយនិស្តវៀតណាមនិងគណបក្សកុំម្មុយនិស្តចិន មានទំនាក់ទំនងគ្នាជិតដិតយ៉ាងណាក៏ដោយ ។ មូលហេតុគឺប្រទេសចិននិងវៀត ណាម តែងតែឈ្លោះគ្នា ដណ្តើមបូរណភាពដែនកោះParacels នេះ ថាជារបស់ជាតិរៀងៗខ្លួន។
គួររំលឹកឡើងវិញថា ចិនបានហៅប្រជុំកោះ Paracels នេះថា Xisha។ ចិនបានកាន់កាប់ប្រជុំកោះនេះ ក្នុងឆ្នាំ១៩៧៤ បន្ទាប់ពីមានការប្រយុទ្ធគ្នាមួយជាមួយនឹងវៀតណាម។
កាលពីឆ្នាំមុន ចិនបានដាក់យោធារបស់ខ្លួនអោយប្រចាំការនៅ Sansha ដែលជាទីតាំងមួយនៃប្រជុំកោះ Paracels។
ក្រុងហាណូយតែងតែបានលើកឡើងថា ចិនបានចាប់ខ្លួនទាហានជើងទឹករបស់ខ្លួនរាប់រយនាក់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយក្នុងខែមីនាកន្លងមក វៀត ណាមបានចោទចិនទៀតថា បានបាញ់ទៅលើនាវានេសាទមួយគ្រឿងរបស់ខ្លួន នៅក្បែរប្រជុំកោះ Paracels។ ប៉ុន្តែ ក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ៕ដោយ ព្រំ សឿន សូលីណា (RFI)