លុយយេនជប៉ុនធ្លាក់ថ្លៃក្រោយពីធនាគារកណ្តាលជប៉ុនប្រកាសបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់
នៅថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលជប៉ុនបានប្រកាសបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ថែមទៀត ដើម្បីជំរុញឲ្យអត្រាអតិផរណាកើនឡើង ក្នុងគោលដៅរំដោះសេដ្ឋកិច្ចជប៉ុនឲ្យចេញពីវិបត្តិបរិត្តផរណា ដែលបានអូសបន្លាយពេលជិតពីរទសវត្សរ៍មកហើយ។ ការប្រកាសរបស់ធនាគារកណ្តាលជប៉ុននេះបានធ្វើឲ្យលុយយេនធ្លាក់ថ្លៃ យ៉ាងខ្លាំង ធៀបនឹងលុយដុល្លារ និងអឺរ៉ូ។
នៅ ក្នុងសេចក្តីប្រកាស នៅថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលជប៉ុនបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាភិបាលធនាគារបានអនុម័តជាឯកច្ឆន្ទ បញ្ចេញលុយប្រមាណពី៦៤៥ពាន់លានទៅ ៧៥៥ពាន់លានដុល្លារ ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារ តាមរយៈការប្រមូលទិញមូលបត្ររបស់រដ្ឋ និងឯកជន។
ធនាគារកណ្តាលជប៉ុនបានបញ្ជាក់ថា នៅក្នុងវិធានការថ្មីនេះ ខ្លួននឹងដាក់កម្មវិធីទិញមូលបត្របំណុលរយៈពេលវែងរបស់រដ្ឋាភិបាលជប៉ុន ប្រមាណជា៧៥ ពាន់ លានដុល្លារ ក្នុងមួយខែៗ។
សេចក្តីសម្រេចនេះ គឺជាការបង្ហាញឲ្យឃើញ ពីចំណុចចាប់ផ្តើម នៃនយោបាយថ្មីរបស់ធនាគារកណ្តាលជប៉ុន ក្រោមការដឹកនាំរបស់អគ្គទេសាភិបាលថ្មី គឺលោក ហារូហ៊ីកូ គូរ៉ូដា (Haruhiko Kuroda) ដែលគេស្គាល់ជាទូទៅថា ជាអ្នកដែលប្រកាន់យកនូវនយោបាយមួយ គឺចង់ឲ្យធនាគារកណ្តាលបោះពុម្ពលុយដោយគ្មានកម្រិតដែនកំណត់ ដើម្បីធ្វើយ៉ាងណា ជំរុញឲ្យអត្រាអតិផរណាប្រចាំឆ្នាំ នៅជប៉ុន កើនឡើងដល់ ២% ទៅតាមគោលដៅ ដែលបានកំណត់។ អត្រាអតិផរណាទាប គ្មានអតិផរណាសោះ ឬក៏អត្រាអតិផរណាអវិជ្ជមាន គឺជាឧបសគ្គដ៏ចម្បងបំផុត ដែលរារាំងមិនឲ្យសេដ្ឋកិច្ចជប៉ុនមានកំណើន។
នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការប្រកាសរបស់ធនាគារកណ្តាលជប៉ុន គេសង្កេតឃើញថា លុយយេនរបស់ជប៉ុនបានធ្លាក់ថ្លៃយ៉ាងខ្លាំង បើធៀបនឹងលុយដុល្លារអាមេរិក និងលុយអឺរ៉ូរបស់អឺរ៉ុប។ តម្លៃមូលបត្របំណុលរបស់រដ្ឋា ភិបាលជប៉ុនក៏បានធ្លាក់ចុះខ្លាំងដែរ គឺធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់ឃើញមានចាប់តាំងពីឆ្នាំ ២០០៣មក។
នយោបាយបោះពុម្ពលុយ ដើម្បីបង្កើនអត្រាអតិផរណា និងជំរុញកំណើនសេដ្ឋ កិច្ច ដែលជប៉ុនកំពុងតែដាក់ចេញនេះ បានធ្វើឲ្យមានការរិះគន់ពីសំណាក់បណ្តាប្រទេសជាដៃគូ ជាពិសេស បណ្តាប្រទេសក្នុងក្រុម G20។ មានអ្នកខ្លះយល់ថា តាមរយៈការដាក់ចេញនូវនយោបាយបែបនេះ រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន ធ្វើអន្តរាគមន៍ដោយផ្ទាល់ទៅលើទីផ្សារប្តូរប្រាក់ ដើម្បីបញ្ចុះតម្លៃលុយជាតិរបស់ខ្លួន ក្នុងគោលដៅ បង្កើនការប្រកួតប្រជែង ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដែលនេះអាចនឹងបង្កឲ្យមាន “សង្រ្គាមរូបិយវត្ថុ”។
លើសពីនេះទៅទៀត មានអ្នកវិភាគខ្លះយល់ថា ការបោះពុម្ពលុយក៏មិនប្រាកដថាជាដំណោះស្រាយល្អ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុននោះដែរ៕ ដោយ សេង ឌីណា (RFI)