ទស្សនកិច្ច​ផ្លូវការ​លើក​ទីមួយ​របស់​ប្រធានាធិបតី​បារំាង​នៅ​ប្រទេស​ម៉ារ៉ុក

នៅ​ថ្ងៃ​ពុធ ទី៣ មេសា​នេះ លោក​ប្រធានាធិបតី​បារំាង François Hollande ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទីមួយ​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក។ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Casablanca និង Rabat ដើម្បី​ជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ Mohammed VI និង​លោក​នាយករដ្ឋមន្រ្តី Abdelilah Benkirane។ ជា​ផ្លូវការ ទស្សនកិច្ច​របស់​លោក​ប្រមុខរដ្ឋបារំាង​ផ្តោត​សំខាន់​លើ​ផ្នែក​នយោបាយ។ តែ​នេះ​មិន​មាន​ន័យ​ថា សំណុំរឿង​សេដ្ឋកិច្ច​នឹង​ត្រូវ​បំភ្លេច​ចោល​នោះ​ទេ ព្រោះ​ថា បារំាង​គឺ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ព្រះរាជាណា ចក្រ​ម៉ារ៉ុក។

នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​បារំាង រដ្ឋាភិបាល​បាន​ក្រើន​រម្លឹក​ពី​ទំនាក់ទំនង​ល្អ​ដែល​ប្រទេស​ទំាង​ពីរ​ធ្លាប់ ​មាន និង​បាន​រក្សា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ជាក់ស្តែង ព្រះមហាក្សត្រ Mohammed VI គឺ​ជា​ប្រមុខរដ្ឋ​ម៉ារ៉ុក​ទីមួយ​ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី​បារំាង François Hollande ទទួល​ជួប​មុន​គេ​នៅ​វិមាន Elysée កាល​ពី​ថ្ងៃទី២៤ ឧសភា ឆ្នំា ២០១២ ពោល​មួយ​សប្តាហ៍​ក្រោយ​ពី​លោក Hollande បាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​បារំាង​ជា​ផ្លូវការ។

ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក​រយៈពេល ២ថ្ងៃ​របស់​លោក François Hollande ត្រូវ​បាន​គេ​មើល​ឃើញ​ថា ផ្តោត​សំខាន់​លើ​ផ្នែក​នយោបាយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក លោក​ប្រធានាធិបតី​បារំាង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ពី​មុខ​សមាជិក​សភា​ ម៉ារ៉ុក។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក François Hollande នឹង​លើក​យក​ទៅ​និយាយ​នូវ​សំណុំរឿង​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន រួម​មាន វិបត្តិ​នៅ​ស៊ីរី ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​ដើមបូព៌ា និង​អន្តរាគមន៍​របស់​ទាហាន​បារំាង​នៅ​ក្នុង​ប្រទេស​ម៉ាលី។ អន្តរាគមន៍​របស់​ទាហាន​បារំាង​នៅ​ក្នុង​ប្រទេស​ម៉ាលី​ដែល​ត្រូវ​បាន​ប្រទេស​ ម៉ារ៉ុក​គំាទ្រ​ពេញ​ទំហឹង រហូត​ដល់​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ម៉ារ៉ុក Mohammed VI ចេញ​ព្រះភ័ក្ត​ការពារ​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុមប្រទេស​អ៊ីស្លាម​កាល​ពី​ ថ្ងៃទី ៦ កុម្ភៈ​កន្លង​ទៅ។

ក្រៅ​ពី​រឿង​នយោបាយ សំណុំរឿង​សេដ្ឋកិច្ច​ក៏​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដែរ ព្រោះ​ថា បារំាង​គឺ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ព្រះរាជាណាចក្រ​ម៉ារ៉ុក។ បច្ចុប្បន្ន​នេះ មាន​វត្តមាន​រោងចក្រ សហគ្រាស​បារំាង​ចំនួន ៧៥០ នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​ដែល​បាន​ផ្តល់​ការងារ​ជូន​ប្រជាជន​ម៉ារ៉ុក​ចំនួន​ ជិត ១០០ ០០០នាក់។ មាន​រដ្ឋមន្រ្តី​ជា​ច្រើន​រូប ព្រម​ទំាង​ប្រធាន​រោងចក្រ សហគ្រាស​ប្រមាណ​ជា ៦០នាក់​នឹង​អម​ដំណើរ​ទៅ​ជាមួយ​លោក François Hollande។ តែ​បើ​តាម​មើល​ទៅ ប្រហែល​ជា​នឹង​គ្មាន​ការ​ប្រកាស​ចេញ​នូវ​កិច្ចសន្យា​ពាណិជ្ជកម្ម​ណា​មួយ​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close