កម្ពុជាបន្តបញ្ជូនទ័ពក្រោមឆ័ត្រ អ.ស.ប ១៥២នាក់ ទៅប្រទេសស៊ូដង់ខាងត្បូង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០៤ មេសា ២០១៣ នេះ មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) បានធ្វើពិធីជូនដំណើរកងទ័ពរបស់ខ្លួនចំនួន១៥២នាក់ដែលត្រូវ បញ្ជូនទៅប្រទេសស៊ូដង់ខាងត្បូង ក្រោមការគ្រប់គ្រងរបស់ អ.ស.ប ដើម្បីរក្សាសន្តិភាព។
ថ្លែងនៅក្នុងពិធីជូនដំណើរនៅឯអាកាសយានដ្ឋាន យោធា នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់គោលការណ៍សំខាន់ៗ ៣ ចំណុចក្នុងចំណោម គោលការណ៍ជាច្រើន នៃប្រតិបត្តិការថែរក្សាសន្តិភាព ក្រោមក្របខណ្ឌ អ.ស.ប ដើម្បីផ្តាំផ្ញើដល់កងទ័ពកម្ពុជា។
គោលការណ៍ទី១-ផ្ទុយពីការកម្ទេច បំផ្លាញ ឬធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ យោធាត្រូវការពារ ជួសជុល និងកសាង ទី២-ផ្ទុយពីការកម្ទេច ឬធ្វើឲ្យរបួស ពិការ សត្រូវ យោធាត្រូវការពារ និងសង្គ្រោះជីវិតមនុស្ស និងគោលការណ៍ និងទី៣-ផ្ទុយពីការវាយលុក យោធាមានសិទ្ធិត្រឹមតែការពារខ្លួនប៉ុណ្ណោះ។
កងទ័ព កម្ពុជាដែលត្រូវ បញ្ជូនទៅប្រទេសស៊ូដង់ខាងត្បូងទាំង១៥២ នាក់ នោះរួមមានកម្លាំងកងរាជអាវុធហត្ថ លេខ ៧១១ និងពេទ្យកម្រិត ២ លេខ ៨០៨ ដែលក្នុងនោះ មានស្រី ១០ នាក់ផងដែរ៕