តុលាការមិនឃាត់ខ្លួនឈូកបណ្ឌិតទេបើទោះបីសារភាពបាញ់កម្មករក្តី
តុលាការខេត្តស្វាយរៀង មិនបានឃាត់ខ្លួនជនសង្ស័យ ដែលជាអតីតអភិបាលក្រុងបាវិតទៅតាមការទទួចរបស់ជនរងគ្រោះ អង្គការសង្គមស៊ីវិលចំននួន ៣២ និងមជ្ឈដ្ខានជាច្រើនទៀតនោះទេ បើទោះបីជាជនសង្ស័យបានសារភាពថា ខ្លួនបានបាញ់ប្រហារទៅលើកម្មករក្តី។
កាលពីម្សិលមិញ លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាជនសង្ស័យតែម្នាក់គត់ ក្នុងការបាញ់ប្រហារ ទៅលើកម្មករ ៣ នាក់ ឲ្យរងរបួសធ្ងន់ នៅក្នុងការតវ៉ាមួយ កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានចូលខ្លួនទៅឆ្លើយបំភ្លឺស្ងាត់ៗ មុនពេលកំណត់ នៅតុលាការខេត្តស្វាយរៀង បន្ទាប់ពីបានបាត់ខ្លួន ចាប់តាំងពីថ្ងៃបាញ់ប្រហារនោះមក។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាខេត្តស្វាយរៀងបាននិយាយថា ជនសង្ស័យ ឈូក បណ្ឌិត បានចូលខ្លួនទៅបំភ្លឺនៅតុលាការរួចហើយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺមួយថ្ងៃមុនដីកាកោះ។ ដោយជនសង្ស័យបានទទួលស្គាល់នូវការបាញ់នោះ តែជនសង្ស័យឆ្លើយពីមូលហេតុច្រើនណាស់ ខ្ញុំមិនអាចប្រាប់បានទេ។
កម្មការិនី ប៊ុត ចិន្តា ដែលត្រូវគ្រាប់កាំភ្លើងទម្លុះដើមទ្រូង បានបាននិយាយថា នាងមានអារម្មណ៍មិនល្អទេ ពេលឮថា ជនសង្ស័យ មិនត្រូវបានតុលាការចាប់ខ្លួន នាងនៅតែបារម្ភពីសុវត្ថិភាព ព្រោះជងសង្ស័យនៅមានសេរីភាពនៅឡើយ។
លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់ អង្គការលីកាដូបាននិយាយថា លោក ចង់ឲ្យតុលាការចាត់វិធានការ ទៅតាមច្បាប់លើករណីនេះ បើទោះបីជាមានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅពីក្រោយខ្នងក៏ ដោយ។ តុលាការត្រូវតែឯករាជ្យ មិនត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយទេ៕