ទស្សនកិច្ចលោកប្រធានាធិបតីរុស្ស៊ីពូទីន នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង
ទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ថ្ងៃ២៦ និង២៧មិនា ក្នុងក្របខ័ណ្ឌជំនួបកំពូលនៃក្រុម៥ប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ដោយចង្វាក់ខ្ពស់ជាងគេ ហៅ កាត់ថា BRICS ពោលគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង។ ជាលទ្ធផលនៃកិច្ចចរចាទ្វេភាគី រវាងលោកពូទីន និង លោក Jacob Zuma ប្រមុខនៃរដ្ឋអាហ្វ្រិកខាងត្បូង ជាប្រទេសម្ចាស់ផ្ទះទទួលជំនួបកំពូលនេះ មានចុះបានឯកសារ ១០ច្បាប់។
ក្នុង ចំណោមឯកសារទាំងនោះ សំខាន់ជាគោលគឺ “សេចក្តីថ្លែងការណ៍រួមស្តីអំពីការតាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ រវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង”។ ឯកសារនេះចុះហត្ថលេខាដោយលោកប្រធានាធិបតីរុស្ស៊ីពូទីន និងសមភាគីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ផ្ទាល់តែម្តង។
ឯកសារ នេះរួមក្តោប សហប្រតិបត្តិការវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម សហប្រតិបត្តិការរវាងរដ្ឋសភា វិស័យការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកទេស និង ផ្នែកមនុស្សធម៌។ល។ ឯកសារនេះតាក់តែងឡើងជាពីរច្បាប់មានតម្លៃស្មើគ្នា ជាភាសាអង់គ្លេសផង រុស្ស៊ីផង។ ជាការកត់សម្គាល់ សាធារ ណរដ្ឋអាហ្វ្រិកខាងត្បូងជាមហាអំណាចសេដ្ឋកិច្ចនាំមុខគេនៃទ្វីប អាហ្វ្រិក។
បន្ទាប់មក នៅពីមុខវត្តមានប្រមុខរដ្ឋទាំងពីរ មានប្រព្រឹត្តទៅការចុះហត្ថលេ ខាលើឯកសារចំនួន ៩ច្បាប់ផ្សេង គឺជាកិច្ចព្រមព្រៀង និងអនុស្សរណៈលើវិស័យបែបយ៉ាង ថាមពល សុវត្ថិភាពផ្នែកអាកាសចរណ៍ ការទទួលស្គាល់សញ្ញា ប័ត្រទៅវិញទៅមក ផ្នែកវប្បធម៌ ការស្រាវជ្រាវផ្នែកតារាសាស្ត្រ វិនិយោគទៅក្នុងវិស័យរ៉ែជាដើម។
ថ្លែងក្នុងសន្និសីទកាសែត លោកប្រធានាធិបតីរុស្ស៊ីពូទីនបានបង្ហើបឲ្យដឹងថា ក្នុងឆ្នាំ២០១២ កន្លងទៅ ក្រុមហ៊ុនរុស្ស៊ីបានបោះទុន ៣៥០លានដុល្លារអាមេរិក ទៅក្នុងការអភិវឌ្ឍន៍វិស័យជីករ៉ែ Manganèse និង ២៥០លានដុល្លារ ទៅក្នុងការកែឲ្យទំនើបឡើងរោងចក្រខាងស្លរំលាយដែកថែប នៅអាហ្វ្រិកខាងត្បូង ព្រមទាំង ១០០លានដុល្លារ ទៅក្នុងការសាងសង់ឡើងវិញ រោងចក្រ Nickel ដើម្បីបង្កើនសមត្ថភាពផលិតលោហធាតុនេះ ឲ្យបាន២,៥ដងឯណោះ។
ដោយហេតុថា អាហ្វ្រិកខាងត្បូងសម្បូណ៌ដោយរ៉ែ Uranium លោកប្រមុខរដ្ឋរុស្ស៊ីពូទីន បានបំផុសមកជាសំណើជួយបង្កើតឡើងនៅក្នុងប្រទេសនេះ ជាឧស្សាហកម្មបរមាណូ ទាំងលំអិតថា គឺតាំងពីការជីកយកវត្ថុធាតុដើម ការសង់ឡើងជាស្ថានីយអគ្គិសនីដើរដោយថាមពលបរមាណូ ជាម៉ាស៊ីនប្រតិករនុយក្លេអ៊ែរសម្រាប់ស្រាវជ្រាវ រហូតដល់ការធ្វើគម្រោងឲ្យអាហ្វ្រិកខាងត្បូងចេះផលិតបានដោយខ្លួនឯង ជាគ្រឿងចក្របរមាណូតែម្តង។ អស់ទាំងនេះតាមប្រសាសន៍លោកពូទីន នឹងប្រព្រឹត្តទៅដោយមានការផ្តល់ឥណទានពេញទីពីខាងរុស្ស៊ី និងការជួយបណ្តុះបណ្តាលពួកអ្នកឯកទេសអាហ្វ្រិកខាងត្បូងទៅផង។
ទាក់ទងនឹងវិស័យពាណិជ្ជកម្ម លោកពូទីនរំលឹកថា ក្នុងឆ្នាំ២០១២ បើប្រៀបទៅនឹងឆ្នាំ២០១១ ទំហំផ្តោះប្តូរទំនិញរវាងរុស្ស៊ីនិងអាហ្វ្រិកខាងត្បូង បានកើនឡើង៦៦% លុះដល់ទឹកប្រាក់ប្រមាណ ១.០០០លានដុល្លារ ហើយទំហំនេះត្រូវគូភាគីសម្រេចថា បង្កើនឲ្យបានក្រាស់ក្រែលមែនទែន ក្នុងប៉ុន្មានឆ្នាំចំពោះមុខ៕ ដោយ កែវ ឆាយា (RFI)