ខ្មែរនៅអូទ្រីសព្យាយាមរក្សាវប្បធម៌ខ្មែរ
រដ្ឋធានីវីយែន ប្រទេសអូទ្រីស៖ សង្គ្រាមដ៏រ៉ាំរ៉ៃជិតបីទសវត្សរ៍បានធ្វើរុញច្រានពលរដ្ឋខ្មែរ រាប់សែននាក់ធ្វើ ចំណាកស្រុកទៅក្រៅប្រទេស ពាសពេញពិភពលោក ក្នុងនោះក៏មាននៅប្រទេសអូទ្រីសផងដែរ។
ទោះបីឃ្លាតឆ្ងាយពីមាតុភូមិជាច្រើនឆ្នាំក្តី ពួកគេនៅតែរក្សាបានអត្តសញ្ញាណជាខ្មែរនិងកំពុងព្យាយាមបន្តវេនភាព ជាខ្មែរនេះដល់កូនចៅរបស់ពួកគេ។ ដើម្បីរក្សាអត្តសញ្ញាណជាតិ ពលរដ្ឋខ្មែរនៅអូទ្រីសបានរួមគ្នាចងក្រងជាសហគមន៍ខ្មែរនៅ អូទ្រីស រៀបចំពិធីប្រពៃណីសាសនារួមគ្នា មានការបង្រៀនរបាំ ភាសា និងអក្សរខ្មែរសម្រាប់កូនខ្មែរដែលកើតនៅទីនោះ។
លោក កៅ សាវុធ ជាអតីតប្រធានសមាគមខ្មែរនៅអូទ្រីស ដែលបានមករស់នៅប្រទេសអូទ្រីសនៅដើមទសវត្សរ៍៨០។ លោក សាវុធ បានពន្យល់ពីមូលហេតុដែលលោកសម្រេចចងក្រងជាសហគមន៍ខ្មែរអូទ្រីស នេះឡើងនៅឆ្នាំ២០០៩ គឺដើម្បីរួបរួមខ្មែរនៅប្រទេសអូទ្រីសដើម្បីជួយអភិវឌ្ឍប្រទេស កម្ពុជានិងងាយស្រួលប្រារព្ធពិធីប្រពៃណីរួមគ្នា។
«ខ្ញុំខំប្រមែប្រមូលខ្មែរយើងពីនេះមួយ ពីនោះមួយ ធ្វើឱ្យសមាគមនេះបានធំធាត់ យើងប្រមូលឱ្យបង្កើតឱ្យមានជាបុណ្យចូលឆ្នាំឱ្យមានជារបាំឡើង ដើម្បីផ្សាយជាអារ្យធម៌និងប្រពៃណីខ្មែរយើងឱ្យជនជាតិគេឃើញ ឱ្យគេស្គាល់។ កុំឱ្យគេថាយើងរត់ហ្នឹងដោយសារប្រទេសយើងជាប្រទេសមួយអត់មានអ្វី ហូប មិនមែនទេ យើងជាប្រទេសមួយដែលសម្បូរបែប ដីមានជីវជាតិ ប៉ុន្តែជាអកុសល ស្រុកយើងមានសង្គ្រាម»។
រហូតមកទល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរប្រហែល២.០០០នាក់ បានមកតាំងលំនៅអូទ្រីសដែលស្ថិតនៅទ្វីបអឺរ៉ុបភាគកណ្តាល។ នៅពេលពិធីបុណ្យចូលឆ្នាំម្តងៗ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានមកជួបជុំគ្នានៅទីក្រុងលីន ចំងាយប្រហែលជា២០០គីឡូម៉ែត្រពីរដ្ឋធានីវ៉្យែន ដែលមានជនជាតិខ្មែររស់នៅច្រើនជាងគេ។ ក្នុងពិធីនោះ គេឃើញមានការសម្ដែងរបាំប្រពៃណីដូចជា របាំជូនពរ របាំភួងនារី និងរបាំនារីជាជួរ និងរបាំប្រជាប្រិយដូចជា របាំគែននិងរបាំក្រមា ដែលសម្ដែងដោយកូនខ្មែរដែលកើតនៅអូទ្រីស និងខ្លះជាកុមារជនជាតិអូទ្រីស។ ក្រៅពីរបាំនៅពេលជួបជុំប្រចាំឆ្នាំនេះ ក៏ឃើញមានការលេងកីឡា ការចែករំលែកម្ហូបខ្មែរ និងពិធីតាមបែបសាសនាព្រះពុទ្ធផ្សេងៗផងដែរ។
រស់នៅសង្កាត់ឃ្មូនឌឹន (Gmunden) ភាគខាងជើងប្រទេសអូទ្រីសតាំងពីឆ្នាំ១៩៩៥ អ្នកស្រី អ៊ុំ ផល្លា ជាគ្រូបង្កាត់របាំបុរាណនិងប្រជាប្រិយខ្មែរនៅទីនេះ។ អ្នកស្រីតែងតែបង្ហាត់របាំដល់កូនខ្មែរនិងកុមារអូទ្រីសខ្លះ ប្រហែលពីរម៉ោង ជារៀងរាល់ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ រយៈពេលបីខែដើម្បីត្រៀមសម្ដែងក្នុងពិធីបុណ្យចួលឆ្នាំខ្មែរ។
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១២ នៅក្រុង Linz ប្រទេសអូទ្រីស។
អ្នកស្រីសម្រេចចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីបង្រៀនរបាំ នេះគឺដើម្បីឱ្យកូនខ្មែរដែលកើតនៅទីនោះស្គាល់ពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណខ្មែរ និងផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ជនជាតិបរទេសនៅអូទ្រីស។
«សម្រាប់កូនក្មេងឱ្យវាស្គាល់ដឹងថា យើងមានវប្បធម៌របស់យើងដ៏ស្អាតជាយូរណាស់មកហើយ ជាពិសេសក្មេងៗតូចៗ ឱ្យវាចងចាំទុកទៅថ្ងៃក្រោយទៀត។ ជាពិសេសយើងចង់ឱ្យពួកអូទ្រីស នៅពេលយើងធ្វើចូលឆ្នាំម្តងៗមិនមែនមានតែខ្មែរយើងសុទ្ធទេ ពួកអូទ្រីសក៏គេចូលមកច្រើនដែរ។សម្រាប់ពួកអូទ្រីសគឺគេគាំទ្រ ខ្លាំង គេឃើញគឺគេសប្បាយ គេអស្ចារ្យគឺជារបាំដែលគេមិនដែលឃើញ គេកោតសរសើរមែនទែន។»
លោក កៅ សាវុធ ថ្លែងទាំងទឹកមុខញញឹមថា មុនដំបូងជនជាតិបរទេសដែលរស់នៅអូទ្រីសច្រឡំថារបាំទាំងនោះជារបស់ ថៃ ប៉ុន្តែបន្ទាប់ពីមានការចាក់ផ្សាយតាមទូរទស្សន៍និងវិទ្យុជាបន្ត បន្ទាប់ ពួកគេបានទទួលស្គាល់ថា នោះជារបាំនិងទំនៀមទម្លាប់ខ្មែរវិញ។ លោក សាវុធ បន្ថែមថា កូនខ្មែរដែលកើតនៅប្រទេសអូទ្រីសទាំងអស់មានមោទនភាពជាជនជាតិ ខ្មែរ។
«កូនខ្មែរទាំងអស់ទោះបីវាមិនសូវបានចូលប្រឡូកជាមួយសង្គមខ្មែរ យើងឱ្យបានញឹកញាប់ ក៏ប៉ុន្តែវានៅតែតាំងខ្លួនវាជាខ្មែរ។ ពេលគេសួរវាថាជាខ្មែរឬ? វាមិនដែលខ្មាស់អៀនថាវាជាខ្មែរ។ វានៅតែមោទនភាពថាវាជាខ្មែរ ទោះបីអ្នកខ្លះអត់ចេះភាសាខ្មែរ វាក៏ថាវាជាខ្មែរដែរ ព្រោះប៉ានិងម៉ាក់វាជាខ្មែរ ទោះបីកើតនៅអូទ្រីសវាក៏នៅតែជាខ្មែរដែរ។»
ពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅអូទ្រីសមានបីជំនាន់ ពោលគឺក្រោយរបបខ្មែរក្រហមតាមព្រំដែនខ្មែរថៃ តាមរយៈអាហារូបករណ៍ប្រទេសឆេកូស្លូវ៉ាគីនៅសម័យរដ្ឋកម្ពុជា និងនៅពេលក្រោយមកទៀត។
ជាអតីតនិស្សិតខ្មែរទទួលអាហារូបករណ៍ពីសាធារណរដ្ឋឆេកូស្លូវ៉ាគី លោក ព្រំ វណ្ណា បានរស់នៅប្រទេសអូទ្រីសជិត៣០ឆ្នាំហើយ។ លោករស់នៅរដ្ឋធានីវ្យ៉ែនដែលមានខ្មែររស់នៅប្រហែល៤០គ្រួសារប៉ុណ្ណោះ។លោកបានសង្កេតឃើញថា កូនស្រីរបស់លោក ទោះបីជាកើតនៅប្រទេសអូទ្រីសក្តី ក៏តាំងខ្លួនថាជាខ្មែរ និយាយនិងច្រៀងចំរៀងខ្មែរ និងចង់រៀនអក្សរខ្មែរទៀតផង។ បុរសជាឪពុកវ័យជិត៥០ឆ្នាំរូបនេះបន្ថែមថា ដើម្បីបណ្តុះភាពជាខ្មែរដល់កូនគាត់បាន ដំបូងត្រូវមានការតឹងរឹងបន្តិច។
«បើឪពុកម្តាយអត់និយាយភាសាខ្មែរកូនអត់ចេះទេ ព្រោះអីនៅសាលាមានពីណាគេនិយាយភាសាខ្មែរ បើឪពុកម្តាយចង់ឱ្យកូនស្គាល់ខ្មែរ ស្រលាញ់ខ្មែរ ត្រូវតែតឹងរឹងបន្តិច ព្រោះក្មេងជួនកាលវាអត់ចង់ទេ ប៉ុន្តែបើយើងតឹងតែងយូរទៅវាទៅឯង»។
រីឯពលរដ្ឋខ្មែរម្នាក់ទៀតនៅរដ្ឋធានីវ៉្យែន អ្នកស្រី ចាន់ សេរី បារម្ភថា ពេលកូនៗរបស់អ្នកស្រីធំពេញវ័យអាចនឹងគិតថា ពួកគេជាជនជាតិអឺរ៉ុបវិញ ជាជាងជនជាតិខ្មែរ ព្រោះនៅវ៉្យែនមានជនជាតិខ្មែរតិចពេក។
«តាមខ្ញុំគិតមើលទៅ ក្មេងនៅទីនេះ ប្រសិនបើគេឧស្សាហ៍បានជួបជាមួយខ្មែរគ្នាឯងច្រើននិងចូលរួមពិធី ខ្មែរយើងធំដុំ អញ្ចឹងទៅមុខទៅ ពួកគេអាចមានគំនិតមួយចង់ដឹងពីខ្មែរ ប៉ុន្តែខាងពួកខ្ញុំនៅទីនេះគឺដាច់ស្រឡះ ដូច្នេះពេលនៅតូច វាចេះតែតាមយើងជាឪពុកម្តាយហើយ ប៉ុន្តែពេលគេធំទៅមិនអាចថាបានទេ ព្រោះអីគ្នាធំមកអត់សូវបានឃើញខ្មែរ ដូច្នេះអាចទៅគេច្រើនជាងហើយ»។
ដើម្បីឱ្យកូនពួកគាត់នៅតែស្រឡាញ់អត្តសញ្ញាណ វប្បធម៌ និងសាសនាខ្មែរ ទាំងលោក ព្រំ វណ្ណា និងអ្នកស្រី ចាន់ សេរី តែងនិយាយភាសាខ្មែរជាមួយកូននិងនាំឱ្យកូនៗពួកគាត់ឱ្យជួបជុំ ជាមួយខ្មែរដទៃទៀតក្នុងពិធីប្រពៃណីសាសនាខ្មែរនៅទីក្រុងលីនដែលមាន ខ្មែររស់នៅច្រើន។
នៅពេលថ្មីៗនេះ នៅប្រទេសអូទ្រីសមានអ្នកស្ម័គ្រចិត្តបង្រៀនភាសាខ្មែរដល់កូនខ្មែរ និងមានបំណងបង្កើតវត្តព្រះពុទ្ធសាសនាមួយនៅទីនោះ ដើម្បីឱ្យកូនខ្មែរនៅទីនោះស្គាល់កាន់តែច្បាស់ពីវប្បធម៌និង ជនជាតិខ្មែរ៕ដោយ ឃួន ធារ៉ា (VOA)