ចិន​​ក្តៅ​​ក្រហាយ​​ចំពោះ​​វត្តមាន​​របស់​​ប្រធានាធិបតី​​តៃវ៉ាន់​​នៅ​​បុរី​​វ៉ាទីកង់​​

ក្រុង​ប៉េកាំង​សំដែង​នូវ​​ការ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ចំពោះ ​វត្តមាន​របស់​ប្រធានាធិបតី​​តៃវ៉ាន់ លោក​ Ma Ying-jeou ក្នុង​​​ពិធី​បុណ្យ​សូត្រធម៌​ ចូលកាន់​តំណែង​​របស់​សម្តេច​សង្ឃប៉ាប កាតូលិក François នៅ​បុរី​វ៉ាទីកង់។ ដោយ​សារ​តែ​វត្តមាន​របស់​ប្រធានាធិបតី​កោះ​តៃវ៉ាន់​នេះ​ ចិន​បាន​បដិសេធ​មិន​បញ្ជូន​តំណាង​របស់​ខ្លួន ​អោយ​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​នេះ​ឡើយ។

“យើង​សង្ឃឹម​ថា បុរីវ៉ាទីកង់​​នឹង​ចាត់​វិធានការ​ជាក់​ស្តែង​ ដើម្បី​​អោយ​លក្ខខណ្ឌ​នៃ​​ទំនាក់ទំនង​បា​ន​ប្រសើរ​ឡើង​វិញ។” នេះ​ជា​ការ​ប្រកាស​របស់​លោកស្រី Hua Chunying ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​​ ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​រវាង​ចិន និង​បុរី​វ៉ាទីកង់។

​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុង​ប៉េកាំង​សំដែង​​​​ការ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ​ ដោយ​សារ​តែ​ឃើញ​​វត្តមាន​របស់​ប្រធានាធិបតី​​តៃវ៉ាន់ លោក​ Ma Ying-jeou ក្នុង​​​ពិធី​បុណ្យ​​សូត្រធម៌​​របស់​សម្តេច​សង្ឃប៉ាប កាតូលិក François ចូលកាន់​តំណែង​ នៅ​បុរី​វ៉ាទីកង់។ ​​វត្តមាន​របស់​ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​ធ្វើ​អោយ​ចិន​បាន​បដិសេធ​មិន​បញ្ជូន​តំណាង​របស់​ខ្លួន ​​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​នេះ​ឡើយ។ហើយ​ចិន ​ក៏​បាន​​ត​វ៉ា​ជាមួយ​នឹង​​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ផង​ដែរ​ ថា​​បាន​​ចេញ​ទិដ្ឋាកា​ឆ្លង ដែន​អោយ​ដល់​ លោក​ Ma Ying-jeou អោយ​បាន​មក​ចូលរួម​​ក្នុង​ពិធី​បុណ្យ​នេះ។

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ ២០០៥ ប្រធានាធិបតី​ចាស់​តៃវ៉ាន់ចាស់​ គឺ​លោក Chen Shui-bian​ ក៏​ធ្លាប់​បាន​​មក​ចូល​រួម​ក្នុង​ពី​ធិ​បុណ្យ​សព​របស់​សម្តេច​ប៉ាប​ Jean Paul ២ នៅ​បុរី​វ៉ាទីកង់​ផងដែរ។

បុរីវ៉ាទីកង់​បាន​បញ្ជាក់​​​ទៅ​វិញ​ថា ពិធី​បុណ្យ​ messe​ ជា​ពិធី​បុណ្យ​​សាធារណៈ ហើយ​​ថា មិន​បាន​អញ្ជើញ​អ្នកណា​ម្នាក់​អោយ​មក​ចូលរួម​នោះ​ឡើយ។“ជន​គ្រប់​រូប​សុទ្ធតែ​ត្រូវ​បាន​ស្វាគមន៍​។ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​គេ​​ផ្តល់​អាទិភាព​នោះ​ឡើយ។” នេះ​ជា​​​ការ​​ឆ្លើយ​តប​របស់​​​មន្ត្រី​សង្ឃ Federico Lombardi ដែល​ជា​អ្នក​នាំពាក្យ​របស់​បុរី​វ៉ាទីកង់។

គួររំលឹក​ថា ជា​ច្រើនលើក​ច្រើនសារ​ បុរី​វ៉ាទីកង់​តែងតែ​បង្ហាញ​ថាខ្លួន​​​​សុខចិត្ត​​លះបង់​ទំនាក់ទំនង​​ជាមួយ​ ​តៃវ៉ាន់ ប្រសិន​បើ​ចិន​​ព្រម​​ផ្តល់​សេរីភាព​​​​អោយ​ដល់​សាសនា​កាតូលិក ​និង​​ផ្តល់​​សិទ្ធិ​​ដល់​សម្តេច​សង្ឃ​ប៉ាប ក្នុង​​ការ​តែងតាំង​​​មន្ត្រី​សង្ឃ​​ នៅ​​ក្នុង​ប្រទេស​ចិន។

ប៉េកាំង​តែងតែ​បដិសេធ​មិន​​​អោយ​បុរីវ៉ាទីកង់​​មាន​សិទ្ធិ​សំរេច​តែងតាំង​​ មន្ត្រី​សង្ឃ​​នោះ​ឡើយ ។ ការ​រឹងទទឹង​នេះ​​​​ ជា​ញឹកញយ​​បាន​បង្ក​អោយ​ក្លាយ​ទៅ​ជា​​ជម្លោះ។ យោង​តាម​ស្ថិតិ​​ផ្លូវការ​មួយ ជនជាតិ​ចិន​ដែល​កាន់​សាសនា​កាតូលិក​មាន​​​ ៥,៧ ​លាន​នាក់។ ពួក​គេ​​នៅ​តែ​រងគ្រោះ​ក្នុង​​ការ​​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​គ្រប់គ្រង​នៅ​​​ក្នុង​​ស្រុក​នៅ​ឡើយ បើ​ទោះ​ជា​ស្ថានភាព​ហាក់​បាន​​ប្រសើរ​ជាង​មុន​ក៏​ដោយ។

ចិន​បាន​​កាត់​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​​បុរី​វ៉ាទីកង់​ នៅ​ឆ្នាំ​ ១៩៥៧ បន្ទាប់​ពី​បុរីវ៉ាទីកង់​បាន​ទទួល​ស្គាល់​​ថា​តៃវ៉ាន់​ជា​ដែនដី​មួយ​ស្រប​ ច្បាប់ ឯករាជ្យ​​ដាច់​ពី​ចិន។ នៅ​​ក្នុង​ប្រទេស ចិន​បាន​បង្កើត​អោយ​មាន​វិហារ​​​គ្រិស្ត​សាសនា​ជា​ច្រើន​ ដែល​វិហារ​ទាំង​នេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​​រដ្ឋ​អំណាច​ កុំម្មុយនិស្ត​ចិន។ នៅ​ឆ្នាំ​ ១៩៥៧ នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​អ្នកកាន់​សាសនា​​គ្រិស្ត​ជា​​ច្រើន​នាក់​ ត្រូវ​បាន​រងគ្រោះ​ក្នុង​ការ​កាប់​សំលាប់​​ក្នុង​ស្រុក៕ដោយព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close