ទិន្នន័យសម្ងាត់របស់មនុស្សល្បីៗនៅអាម៉េរិកបានត្រូវគេលួចតាមប្រព័ន្ធអ៊ីនធើរណិតយកទៅផ្សព្វផ្សាយ
ក្រុមអាជ្ញាធរនៅសហរដ្ឋអាម៉េរិក កំពុងតែបើកការតាមដាន បន្ទាប់ពីក្រុមអ្នកលួចចូលលុកលុយប្រព័ន្ធកុំព្យូទ័រអ្នកដទៃ បានទម្លាយទិន្នន័យផ្នែកហិរញ្ញវត្ថុដែលទំនងជា របស់លោកស្រី Michelle Obama ជាភរិយានៃប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជនដែលមានឈ្មោះល្បីជាច្រើនរូបទៀត។
ពួកអ្នក លួចជ្រៀតជ្រែកចូលលុកលុយប្រព័ន្ធកុំព្យូទ័រអ្នក ដទៃ (hackers) ដែលមានប្រភពចេញពីអាសយដ្ឋានវ៉ិបសាយថ៍របស់ប្រទេសរុស្ស៊ី បានផ្សព្វផ្សាយនូវអ្វីដែលខ្លួនហៅថា ជារបាយការណ៍ជុំវិញការប្រើប្រាស់កាតឥណទានរបស់លោកស្រី Michelle Obama និងអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton ព្រមទាំងស្វាមីភរិយាមួយគូដែលជាអ្នកសិល្បៈល្បីល្បាញផងដែរ។
របាយការណ៍ ទាំងនោះ បង្ហាញឲ្យដឹងអំពីឈ្មោះនៃម្ចាស់កាតឥណទាននិងប្រវត្តិប្រើប្រាស់ដែល រួមមាន ប្រាក់កម្ចីនិងសម្មភាពផ្សេងៗទៀត បានមកពីក្រុមហ៊ុនធំៗដែលធ្វើការវាយតម្លៃលើការជាប់បំណុល៕ (Radio Australia)