ជនជាប់ចោទសំខាន់ក្នុងបទរំលោភនិស្សិតស្រីឥណ្ឌាស្លាប់នៅក្នុងគុក
នៅប្រទេសឥណ្ឌា Ram Singh ដែលជាជនជាប់ចោទសំខាន់ក្នុងបទរំលោភនិស្សិតស្រី កាលពីខែធ្នូកន្លងមក ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងពន្ធនាគារ នៅថ្ងៃចន្ទនេះ។ យោងតាមអាជ្ញាធរពន្ធនាគារ ជនជាប់ចោទបានធ្វើអត្តឃាតសំលាប់ខ្លួន ដោយព្យួរក។ ប៉ុន្តែយោងតាមមេធាវីរបស់ជនជាប់ចោទរូបនេះ ជនជាប់ចោទប្រហែលជាត្រូវគេធ្វើឃាត។ ទោះយ៉ាងណា ការស្លាប់របស់ជនជាប់ចោទ បានធ្វើអោយក្រុមគ្រួសាររបស់និស្សិតស្រីដែលរង គ្រោះ មានការខឹងសម្បារយ៉ាងខ្លាំង។
យោងតាមអាជ្ញាធរពន្ធនាគារ Ram Singh ដែលជាជនជាប់ចោទសំខាន់ ក្នុងចំណោមជន ៦នាក់ ដែលជាប់ការចោទប្រកាន់ក្នុងបទរំលោភនិស្សិតស្រី កាលពីខែធ្នូកន្លងមក បានធ្វើអត្តឃាតព្យួរកសំលាប់ខ្លួន។ អាជ្ញាធរគុកបានប្រាប់ថា Ram Singh បានយកសំលៀកបំពាក់របស់ខ្លួន មកចងបន្តគ្នាធ្វើជាខ្សែព្យួរកធ្វើអត្តឃាតខ្លួនឯង។
ប៉ុន្តែសំរាប់មេធាវីរបស់ជនជាប់ចោទរូបនេះ ជនជាប់ចោទប្រហែលជាត្រូវបានគេធ្វើឃាត។
យោងតាមឪពុករបស់ Ram Singh, Ram Singh ប្រហែលជាមិនអាចឡើងដាក់ខ្សែ ដើម្បីធ្វើអត្តឃាតខ្លួនឯងនោះទេ ព្រោះថាខ្លួនធ្លាប់របួសដៃ ដោយសារតែធ្លាប់រងគ្រោះថ្នាក់ចរចរាចរណ៍។ តុលាការបានសំរេចធ្វើការស៊ើបអង្កេត ដើម្បីពិនិត្យអោយដឹងថា តើប្រព័ន្ធសន្តិសុខក្នុងពន្ធនាគារនោះ ពិតជារឹងមាំដែររឺយ៉ាងណា។
គួររំលឹកថា Ram Singh ជាជនជាប់ចោទសំខាន់មួយរូប ក្នុងចំនោមជនជាប់ចោទទាំង៦នាក់ ដែលរងការចោទប្រកាន់ក្នុងបទរំលោភ និងសម្លាប់និស្សិតស្រី កាលពីខែធ្នូ ឆ្នាំ ២០១២។ នៅថ្ងៃ ១៦ ធ្នូ ឆ្នាំ ២០១២, Ram Singh ជាអ្នកបើកបររថយន្តក្រុង ដែលនិស្សិតស្រីឥណ្ឌា និងសង្សារនាងបានឡើងជិះ។ ក្នុងរថយន្តក្រុងនោះ ជនពាល៦នាក់ បានរំលោភ និងវាយធ្វើបាបនិស្សិតស្រី ជាមួយនឹងដំបងដែកយ៉ាងធ្ងន់ធ្ងរ។ និស្សិតស្រីបានស្លាប់នៅថ្ងៃ ២៩ធ្នូ ដោយសារតែក្រុមគ្រូពេទ្យមិនអាចព្យាបាលរបួសអោយបានជា។
ប៉ូលិសបានឃុំខ្លួន Ram Singh និងបុរស៥នាក់ទៀត ដែលក្នុងនោះមានអនីតិជនម្នាក់ អាយុ១៧ឆ្នាំ។ រឿងរំលោភនិស្សិតស្រីនេះ បានបង្កអោយមានបាតុកម្មទាមទារអោយកាត់ទោសប្រហារជីវិតជនពាល នៅប្រទេសឥណ្ឌា។ Ram Singh ធ្លាប់បានបង្ហាញខ្លួន ដើម្បីឆ្លើយសំណួរ នៅសាលាឧក្រិដ្ឋជាច្រើនដងរួចមកហើយ។ ជនជាប់ចោទរូបនេះ អាចនឹងទទួលទោសប្រហារជីវិត។
ទោះយ៉ាងណា ការស្លាប់របស់ Ram Singh មិនបានធ្វើអោយគ្រួសារនិស្សិតស្រីស្ងប់ចិត្តនោះឡើយ។ ផ្ទុយទៅវិញ ឪពុកម្តាយរបស់និស្សិតស្រីមានការខឹងសម្បារយ៉ាងខ្លាំង នូវការធ្វេសប្រហែសដែលអាចអោយ Ram Singh ស្លាប់បាន ទាំងមិនទាន់បានទទួលការដាក់ទោសអ្វីជាក់លាក់នៅឡើយ។
ដោយឡែក បើទោះជាជនជាប់ចោទរូបនេះស្លាប់ទៅហើយក្តី បើយោងតាមថ្នាក់ដឹកនាំប៉ូលិសមួយរូបដែលសុំមិនបញ្ចេញឈ្មោះ សវនាកាកាត់ក្តីលើរឿងរំលោភនិស្សិតស្រីនឹងនៅតែបន្តធ្វើ៕ដោយ ព្រំ សឿន សូលីណា (RFI)