ការងារសម្រាប់ស្ត្រី បន្ទាប់ពី ៨ មីនា ២០១២
ដោយ ផល សុវណ្ណវត្តី
Cambodia News
នៅថ្ងៃទី ៨ មីនា ឆ្នាំ ២០១២ នេះ មិនខុសប្លែកពីថ្ងៃ ៨ មីនា ឆ្នាំមុនៗនោះទេ គឺរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅកម្ពុជាបាននាំគ្នារៀបចំពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ។ ប៉ុន្តែអ្វីដែលថ្មីនៅឆ្នាំនេះគឺកម្ពុជាបានជ្រើសរើសយកប្រធានបទ «អ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំ» ដែលប្រធានបទនេះស្ដាប់ទៅមិនត្រឹមតែពីរោះរណ្ដំចិត្តប៉ុណ្ណោះនោះទេ ប៉ុន្តែវាពិតជាមានខ្លឹមសារយ៉ាងទូលំទូលាយបង្កប់នៅការកោតសរសើរ និងដឹងគុណដល់អ្នកម្ដាយជាទីគោរព ដែលជាស្ត្រីដ៏ពូកែ។
បើទោះជានៅមិនទាន់មានតួលេខថ្មីក៏ដោយ វិទ្យាស្ថានស្ថិតិជាតិសម្រាប់ឆ្នាំ ២០០៩ បានបង្ហាញថា ស្ត្រីមានចំនួនច្រើនជាងបុរសរហូតដល់ទៅ ៥២,៤% នៃអត្រាប្រជាពលរដ្ឋប្រមាណជា ១៤ លាននាក់ ហើយពលរដ្ឋជាង ៨០% រស់នៅតាមតំបន់ជនបទដែលជាអ្នកប្រកបរបរកសិកម្ម ដែលក្នុងនោះ ស្ត្រីជាកម្លាំងស្នូលក្នុងការងារនេះ។
ដោយសារតែស្ត្រីមានចំនួនច្រើនបែបនេះហើយ ទើបរាជរដ្ឋាភិបាលកន្លងមកតាមរយៈក្រសួងកិច្ចការនារី សហការជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដូចជាអង្គការ Trocaire ជាដើម ដោយរួមទាំងម្ចាស់ជំនួយផង បានខិតខំខ្នះខ្នែងស្វែងរកកត្តាគន្លឹះនានា ដើម្បីជួយអភិវឌ្ឍស្ត្រី តាមរយៈការលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ ការបោកបញ្ឆោត និងជួញដូរ ការកេងប្រវ័ញ្ចទាំងកម្លាំងកាយ និងផ្លូវភេទ ហើយបានផ្ដល់ការអប់រំ និងមុខជំនាញវិជ្ជាជីវៈ និងបំណិនជីវិតផ្សេងៗទៀតផង។
មាត្រាទី ៣១ នៅក្នុងជំពូកបីនៃរដ្ឋធម្មនុញ្ញរបស់ ព្រះរាជាណាចក្រកម្ពុជាអំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរបានចែងថា «ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»។
ទន្ទឹមនឹងនេះ ចំណុចទី ១ នៃមាត្រា ១៦ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនោះក៏បានចែងដែរថា «បុរស និងស្ត្រីពេញវ័យគ្រប់រូប ដោយគ្មានការដាក់កំហិតលក្ខខណ្ឌណាមួយ អាស្រ័យលើពូជសាសន៍ សញ្ជាតិ ឬសាសនា មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារមួយ។ បុរស និងស្ត្រីមានសិទ្ធិស្មើៗគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងអំឡុងពេលរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ និងនៅពេលលែងលះគ្នា» ខណៈដែលចំណុចទី ២ ចែងថា « អាពាហ៍ពិពាហ៍នឹងអាចប្រព្រឹត្តទៅបាន លុះត្រាតែមានការយល់ព្រមយ៉ាងពេញលេញ និងដោយសេរីពីសំណាក់អនាគតគូស្វាមីនិងភរិយា»។
ទោះបីជាយ៉ាងនេះក្តី ក៏ស្ត្រីកម្ពុជានៅតែមានការរើសអើងពីបុរសទាំងទាំងនៅក្នុងគ្រួសារ និងនៅក្នុងសង្គមទាំងមូល។ ក្មេងស្រីត្រូវបានឪពុក ឬបងនិងប្អូនប្រុសវាយធ្វើបាប ឯស្ត្រីជាភរិយាត្រូវបានប្តីប្រើហិង្សាគ្រប់រូបភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច។ល។ និង។ល។ ទាំងនេះក៏ដោយសារផ្នត់គំនិតចាស់គំរឹលដែលបានដិតស្នាមជាប់តាំងពីយូរលង់មក ហើយនោះនៅតែមានក្នុងចំណោមបុរសៗ ដែលបញ្ហានេះគឺទាមទារឲ្យមានការផ្លាស់ប្ដូរឥរិយាបថមិនស៊ីវិល័យ នេះចេញ។
កន្លងមកនៅកម្ពុជា គោលគំនិតរបស់នារីៗត្រូវបានគេបំភ្លេច ដោយចាត់ទុកថា ការគិត ការវាយតម្លៃ និងការធ្វើនិទស្សន៍ ឬក៏ការព្យាករណ៍របស់ពួកគេមានកម្រិតទាប ហើយការគិតរបស់ពួកគេទៀតសោតត្រូវបានបុរសៗចាត់ទុកថា ជាគំនិត «មុជមិនជ្រៅ ទៅមិនឆ្ងាយ នៅតែជុំវិញចង្ក្រានបាយ» តែប៉ុណ្ណោះ។
ជាទូទៅ ថ្វីបើកម្លាំងកាយរបស់នារីភេទមិនអាចយកប្រៀបជាមួយបុរសបាននោះទេ ហើយពួកគេក៏គ្មានបំណងចង់ប្រកួតប្រជែងលើកម្លាំងបាយជាមួយនិងបុរស នោះដែរ។ ប៉ុន្តែការគិត ការវិភាគ និងការសម្រេចរបស់នារីភេទក៏មិនចាញ់បុរសៗប៉ុន្មានឡើយ ប្រសិនបើការអប់រំ និងចំណេះដឹងរបស់ពួកគេមានលក្ខណៈប្រហាក់ប្រហែលនឹងបុរសៗដែរនោះ។
ដោយសារតែមិនឲ្យតម្លៃ និងការមាក់ងាយ និងការរើសអើងដល់នារីភេទនេះហើយ ទើបបុរសជាច្រើនបានចាត់ទុកនារីភេទថា ជាអ្នករស់នៅគ្រាន់តែកំដរជីវិតរបស់ពួកគេតែប៉ុណ្ណោះ។ បុរសទាំងនោះមិនអនុញ្ញាតឲ្យនារីភេទបានទទួលចំណេះដឹងទូទៅ និងការអប់រំជាន់ខ្ពស់ដូចពួកគេជាបុរសៗឡើយ។ ពួកបុរសដែលមានទស្សនៈចង្អៀតចង្អល់ និងមានគំនិតទុទិដ្ឋិនិយមបែបនេះបានយល់ឃើញថា បើទោះជានារីបានភេទសិក្សាបានខ្ពស់ មានចំណេះដឹងច្រើនយ៉ាងណាក៏ដោយ ក៏នារីៗនៅតែជាប្រពន្ធរបស់គេដែលត្រូវទទួលរ៉ាប់រងការងារផ្ទះ ដូចជាដាំស្ល និងមើលថែទាំកូនៗចៅជាដើម។
ជាការពិត នារីភេទជាកម្លាំងចលករមួយក្នុងការធ្វើឲ្យសង្គមរីកចម្រើន បានយ៉ាងរហ័ស។ នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួន ដោយសារតែនារីត្រូវបានគេផ្ដល់ឱកាស ផ្ដល់សិទ្ធិ ផ្ដល់ការទទួលខុសត្រូវ ផ្ដល់ចំណេះដឹង និងការអប់រំដូចបុរសនេះហើយ ទើបនារីភេទបានក្លាយជាអ្នកនយោបាយ និងមេដឹកនាំដ៏ចំណានរបស់ប្រទេស។
ឧទាហរណ៍តូចមួយនៅក្នុងសង្គម។ ប្រសិនបើក្នុងគ្រួសារមួយមានស្វាមីនិងភរិយាចេះប្រឹក្សា និងទទួលការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកពីបញ្ហាគ្រួសារ បញ្ហាសេដ្ឋកិច្ច និងរឿងរ៉ាវដទែៗទៀតទាក់ទិននឹងគ្រួសារ ហើយពួកគេទាំងពីរមានសមត្ថភាពក្នុងការស្វែងរកប្រាក់ចំណូលតាម ជំនាញរៀងៗខ្លួន និងមានសមត្ថភាពក្នុងការដឹកនាំអប់រំកូនចៅប្រហាក់ប្រហែលគ្នា នោះគ្រួសារនេះពិតជាមានជីវភាពធូរស្រាល និងមានភាពរុងរឿងជាងគ្រួសារដែលមានតែស្វាមី ឬក៏ភរិយាម្នាក់ឯងជាអ្នករ៉ាប់រង។ ដូចនេះសង្គមជាតិទាំងមូលក៏ដូច្នោះដែរ បើនារីនិងបុរសមានសមត្ថភាពដូចគ្នា និងមិនមានការរើសអើងដល់នារីភេទ នោះសង្គមពិតជារីកចម្រើន ស៊ីវិល័យ និងមានភាពរុងរឿង។
ហេតុនេះ ដើម្បីរួមចំណែកអភិវឌ្ឍស្ត្រី និងអភិវឌ្ឍជាតិ ទាំងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលត្រូវទទួលស្គាល់សិទ្ធិ និងលើកស្ទួយតួនាទីដល់នារីភេទ។ សង្គមទាំងមូលត្រូវខិតខំការពារ ជំរុញនិងលើកទឹកចិត្ត អប់រំ បណ្ដុះបណ្ដាល ផ្ដល់ប្រឹក្សាយោបល់ ចែកជូនបទពិសោធន៍ ចំណេះដឹង មេរៀនទទួលបាន និងការអនុវត្តល្អៗដល់នារីកម្ពុជា។
ជាងនេះទៅទៀត នារីខ្លួនឯងត្រូវមានស្មារតីរឹងប៉ឹង។ ខណៈដែលសង្គម និងច្បាប់ជួយ ជ្រោមជ្រែងដល់ខ្លួន នោះនារីៗខ្លួនឯងត្រូវខិតខំពង្រឹងសមត្ថភាព ខំធ្វើការតស៊ូមតិ ហើយស្វែងរកនិងបង្កើនចំណេះដឹង ចំណេះធ្វើ បំណិនជីវិត និងវិជ្ជាជីវៈផ្សេងៗ។ ការដែលនារីមានសមត្ថភាព មានបំណិនជីវិតនិងមានជំនាញវិជ្ជាជីវៈផ្សេងៗ នោះពួកគេមិនត្រឹមតែអាចចៀសផុតពីការរើសអើងប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់ខ្លួនឯងផង និងដល់គ្រួសារនិងសង្គមជាតិផង ហើយពួកគេក៏អាចក្លាយជាអ្នកនយោបាយ និងមេដឹកនាំដ៏ចំណានរបស់ប្រទេសដូចបណ្ដាប្រទេសដទៃៗទៀតដែរ៕ (អត្ថបទក្រោមជំនួយរបស់អង្គការ Trocaire)