អ៊ីរ៉ង់មានឆន្ទៈក្នុងការបន្តការចរចាស្តីអំពីកម្មវិធីនុយក្លេអ៊ែរដោយសារតែមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំង
ប្រទេស អ៊ីរ៉ង់ (Iran) ថ្លែងថា ប្រហែលជានៅចុងខែនេះ ខ្លួននឹងត្រៀមខ្លួនវិលត្រឡប់ទៅរកការចរចាជាមួយប្រទេសមហាអំណាច ធំៗរបស់ពិភពលោក ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ខណៈដែលកម្មវិធីចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសនេះកំពុងបន្ត ប្រទេសលោកខាងលិចបានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅនឹង រដ្ឋាភិបាលទីក្រុង តេរ៉ង់ (Tehran)។ Henry Ridgwell ពិនិត្យមើលពីប្រសិទ្ធិភាពរបស់ទណ្ឌ កម្មនេះ និងឥទិ្ធពលទៅលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានចុះហត្ថលេខាលើទណ្ឌកម្មថ្មីមួយទៀត ដោយសំដៅទៅលើវិស័យថាមពលនិងការដឹកជញ្ជូនរបស់ប្រទេស អ៊ីរ៉ង់។ ទណ្ឌកម្មនេះបន្ថែមទៅលើទណ្ឌកម្មជាឯកតោភាគីនិងពហុភាគីប្រឆាំង នឹងឧស្សាហកម្មនិងធនាគាររបស់ អ៊ីរ៉ង់។
វិធានការនេះសំដៅទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់។ ប្រទេសលោកខាង លិចអះអាងថា អ៊ីរ៉ង់ កំពុងព្យាយាមផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុង តេរ៉ង់ ថ្លែងថា កម្មវិធីនោះគឺសម្រាប់គោលបំណងស៊ីវិលតែប៉ុណ្ណោះ។
អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនបានត្រៀមជួបចរចាថ្មីដំបូងមួយ ជាមួយមហាអំណាចអន្តរជាតិ ដែលត្រូវបានស្គាល់ថាជាប្រទេសមហាអំណាច៥បូក១ (P5+1) ដែលរួមមានសហរដ្ឋអាមេរិក (United States) អង់គ្លេស (Britain) រុស្ស៊ី (Russia) ចិន (China) និងបារាំង (France) ដែលបូកបញ្ចូលប្រទេសអាល្លឺម៉ង់ (Germany) មួយទៀតផង។
លោក ចេមី អ៊ីនហ្គ្រាម (Jamie Ingram) នៃអង្គការចក្ខុវិស័យសកល IHS (IHS Global Insight) និយាយថា ទណ្ឌកម្មនេះកំពុងបង្ខំឲ្យ អ៊ីរ៉ង់វិលទៅរកតុចរចាវិញ។
«ទណ្ឌកម្មនេះកំពុងវាយប្រហារយ៉ាងដំណំទៅលើប្រាក់ចំណូលរបស់ជនជាតិ អ៊ីរ៉ង់។ ហើយដោយមានការរឹតត្បឹតលើការនាំចូល មានការខ្វះខាតស្បៀងអាហារកាន់តែកើនឡើង»។
លោក នីហ្គេល ឃុស្នើ(Nigel Kushner) នាយកប្រតិបត្តិនៃអង្គការ ដាប់បិលយូ លីហ្គល( W Legal) ដែលផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនទាំងឡាយស្តីពីការធ្វើពាណិជ្ជកម្ម ជាមួយ អ៊ីរ៉ង់ មានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយ អ៊ីរ៉ង់ សូម្បីតែទំនិញដែលមានការអនុញ្ញាត បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ នោះគឺដោយសារធនាគារអឺរ៉ុបខ្លាចមានការខឹងសម្បារពីសហរដ្ឋអាមេរិក។
«មនុស្សទាំងឡាយសង្ស័យថា ជនជាតិអាមេរិកាំងនឹងនិយាយស្ងាត់ៗជាមួយពួកគេ ហើយសុំឲ្យពួកគេកុំធ្វើពាណិជ្ជកម្មនេះ។ ដូច្នេះ ពួកគេនឹងមិនធ្វើពាណិជ្ជកម្មនេះទេ បើទោះជាពួកគេទទួលបានការអនុញ្ញាតឲ្យធ្វើក៏ដោយ។ ខ្ញុំបាននិយាយជាមួយធនាគាររបស់ប្រទេសស្វីស (Swiss) កាលពីម្សិលមិញ ដែលបាននិយាយថា «យើងចង់ទទួលយកការបង់ប្រាក់សម្រាប់ទំនិញផ្នែកវេជ្ជសាស្ត្រ ឬទំនិញមនុស្សធម៌ ដែលនឹងបញ្ជូនទៅ អ៊ីរ៉ង់ ប៉ុន្តែយើងមានការខ្លាចរអារ ក្នុងការធ្វើបែបនេះ។»
លោក ឃុស្នើ និយាយថា អ៊ីរ៉ង់ កំពុងសម្លឹងទៅកាន់ប្រទេសណា ដែលនៅក្រៅយុត្តាធិការរបស់ទណ្ឌកម្មនេះ ដើម្បីទទួលបាននូវអ្វីដែលខ្លួនត្រូវការ។
«វាប្រហែលជាត្រូវការពេលយូរជាងមុន វាមានភាពប្រទាំងប្រទើសជាងមុន ហើយវាអាចត្រូវចំណាយច្រើនជាងមុនផង ប៉ុន្តែជារឿយៗ ពួកគេនឹងសម្លឹងមើលប្រទេសទាំង ឡាយ ដូចជាប្រទេស ចិន និងប្រហែលជាប្រទេស ទួកគី ដែលមិនចាំបាច់គោរពតាម»។
អ្នកវិភាគ អាលី ហ្វាថូឡោះ ណេចាត (Ali Fathollah-Nejad) នៃសាកលវិទ្យាល័យ ឡុនដុន (University of London) និយាយថា ទណ្ឌកម្មផ្នែកធនាគារកំពុងបង្កការឈឺចាប់ខ្លាំងបំផុតនៅក្នុងប្រទេស អ៊ីរ៉ង់។
«អ្នកមានទណ្ឌកម្មផ្នែកហិរញ្ញវត្ថុនិងធនាគារយ៉ាងធំធេង ដែលជាចំណុចរាំងស្ទះ ដែលគ្រប់សាខាស៊ីវិលទាំងអស់នៃសេដ្ឋកិច្ច ត្រូវគាំងដំណើរការទាំងអស់»។
លោក ហ្វាថូឡោះ ណេចាត អះអាងថា ប្រទេសលោកខាងលិចត្រូវតែដាក់ទណ្ឌ កម្មដើម្បីការចរចានាពេលខាងមុខនេះ ប្រសិនបើចង់ឲ្យមានដំណោះស្រាយការទូតមួយ។
«ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច ទាក់ទងនឹងសុខមាលភាពរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងសុខមាលភាពសង្គមស៊ីវិលរបស់ប្រទេសនេះ គឺជាកិច្ចការដែលជនជាតិ អ៊ីរ៉ង់ នៅខាងក្នុងនិងក្រៅប្រទេសពិតជាខ្វាយខ្វល់ខ្លាំងណាស់។ ហើយនេះគឺជាអ្វីដែលត្រូវតែយកមកដាក់នៅលើតុចរចារ»។
ប្រសិនបើការចរចារវាងប្រទេស អ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាច P5+1 បន្តទៅមុខមែន ក្រុមអ្នកវិភាគរំពឹងទុកថានឹងមានការផ្តោតទៅលើការកសាងទំនុកចិត្ត រយៈ ពេលខ្លី ជាជាងដំណោះស្រាយចំពោះវិបត្តិនេះ៕
ប្រែសម្រួលដោយ លី សុខឃាង (VOA)