សង្រ្គាមយ៉ាងយូរបំផុតរបស់សហរដ្ឋអាមេរិក នៅតែជាបញ្ហាគន្លឹះសម្រាប់លោក អូបាម៉ា
ការបញ្ចប់សង្រ្គាមនៅក្នុងប្រទេស អាហ្វកានីស្ថាន (Afghanistan) នឹងនៅតែជាបញ្ហាគោលនយោបាយការបរទេសដ៏ចម្បងមួយ ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) កំពុងប្រឈមមុខ ក្នុងអំឡុងអណត្តិទីពីរនៃការកាន់តំណែងរបស់លោក។
កងកម្លាំងយោធាសហរដ្ឋអាមេរិក ស្ថិតនៅក្នុងប្រទេស អាហ្វកានីស្ថាន អស់រយៈពេលជាង១១ឆ្នាំ ដែលយូរជាងវត្តមានរបស់សូវៀតកាលពីទសវត្សរ៍ឆ្នាំ១៩៨០ទៅទៀត ដែលមានរយៈពេលជាង៩ឆ្នាំប៉ុណ្ណោះ។
មានកងទ័ពសហរដ្ឋអាមេរិកប្រហែល៦ម៉ឺន៨ពាន់នាក់នៅក្នុងប្រទេសនេះ។ ផែនការបច្ចុប្បន្នគឺត្រូវដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិក និងក្រុមចម្រុះអន្តរជាតិទាំងអស់ ចេញពីអាហ្វកានីស្ថាន នៅត្រឹមចុងឆ្នាំ២០១៤ ដែលនៅទីបញ្ចប់នឹងផ្ទេរការទទួលខុសត្រូវផ្នែកយោធានិងសន្តិសុខ ទៅឱ្យជនជាតិអាហ្វកានីស្ថានវិញ។
ប៉ុន្តែ លោក ចន បុលតុន (John Bolton) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ (២០០៥-២០០៦) ជឿជាក់ថា កងកម្លាំងសន្តិសុខអាហ្វកានីស្ថាន នឹងមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីកាន់កាប់បន្តពីសហរដ្ឋអាមេរិកនោះទេ ហើយលោកមានទុទិដ្ឋិនិយមចំពោះអនាគតរបស់ប្រទេសអាហ្វកានីស្ថាន បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិក។
«លទ្ធភាពនៃការដកកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៤ គឺគ្រាន់តែនាំមកនូវលទ្ធភាពសម្រាប់ពួកតាលីបាន (Taliban) ក្នុងការដណ្តើមការគ្រប់គ្រងប្រទេសនេះម្តងទៀត កាន់តែច្បាស់ថែមទៀតតែប៉ុណ្ណោះ។ ហើយខ្ញុំគិតថា ប្រសិនបើខ្ញុំព្យាករណ៍ទុកវិញ ខ្ញុំនឹងព្យាករណ៍ថា នេះគឺជាលទ្ធផលដែលនឹងអាចកើតមានឡើង ដែលគឺជាលទ្ធផលអវិជ្ជមាន ផុសចេញពីទស្សនៈរបស់សហរដ្ឋអាមេរិក។ គំនិតដែលថាយើងនឹងដកកងទ័ព ទោះបីជាលទ្ធ ផលដែលស្ទើរតែច្បាស់លាស់នោះគឺថា ការវិលត្រឡប់របស់ពួកតាលីបាន/ អាល់កៃ ដា (Taliban/al-Qaida) មកកាន់អំណាចវិញ និងគ្រោះថ្នាក់ទាំងឡាយ ដែលនឹងទាក់ទងដល់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត។ ខ្ញុំគ្រាន់តែគិតថា វាគឺជាភាពល្ងិតល្ងង់មួយតែប៉ុណ្ណោះ»។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិងអាហ្វកានីស្ថាន បានចូលរួមក្នុងការចរចារស្តីពីទំហំនៃវត្តមានយោធាសហរដ្ឋអាមេរិក បន្ទាប់ពីឆ្នាំ២០១៤ ដែលជាវត្តមាន ដែលត្រូវបានរំពឹងថានឹងមានទំហំតូចជាងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងវត្តមាននាពេលបច្ចុប្បន្ន។
អតីតរដ្ឋមន្រ្តីការពារជាតិ (១៩៩៧-២០០១) លោក វីលៀម កូហេន (William Cohen) ថ្លែងថា ត្រូវតែមានកម្លាំងយោធាអន្តរជាតិសេសសល់មួយនៅក្នុងប្រទេស អាហ្វកានីស្ថាន។
«វាមិនអាចនៅត្រឹមតែសហរដ្ឋអាមេរិកនោះទេ។ ត្រូវតែមានការទទួលស្គាល់មួយទៅលើផ្នែកនៃប្រទេសជាច្រើនទៀត ដែលវាស្ថិតក្នុងផលប្រយោជន៍របស់ពិភព លោក ក្នុងការមើលឃើញស្ថិរភាពនៅតែបន្តកើតមាន ឬត្រូវបាននាំយកទៅដល់ អាហ្វកានីស្ថាន។ ប្រសិនបើយើងចាកចេញ ហើយគ្រប់គ្នាចាកចេញ នៅពេលនោះខ្ញុំគិតថា យើងនឹងមើលឃើញពីការវិលត្រឡប់ទៅរកស្ថានភាពកាលពីមុនវិញ។ នេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិកមិនអាចជាប្រទេសតែមួយគត់ ដែលខ្វល់ខ្វាយពីស្ថិរភាពនៅក្នុងប្រទេសអាហ្វកានីស្ថាននោះ ទេ។ ដូច្នេះ វាត្រូវតែមានកម្លាំងអន្តរជាតិ ប្រសិនបើការចង់បាននេះត្រូវសម្រេចឱ្យបាន»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការទាមទារចម្បងមួយរបស់សហរដ្ឋអាមេរិក និងបស្ចិមប្រទេសផ្សេងទៀត គឺសុំឱ្យប្រធានាធិបតី អាហ្វកានីស្ថាន លោក ហាមីដ កាហ្សៃ (Hamid Karzai) ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ប៉ុន្តែ អតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាច្រើន ដែលរួមទាំងឯកអគ្គរដ្ឋទូត ចន បុលតុន ផង និយាយថា គោលដៅក្នុងការលុបបំបាត់អំពើពុករលួយ គឺជាគោលដៅខ្ពស់មួយ ដែលលោក កាហ្សៃ មិនអាចសម្រេចបានទេ។
«ទោះបីជាយើងពិតជាចង់បានប្រទេស អាហ្វកានីស្ថាន មួយដែលគ្មានអំពើពុក រលួយក៏ដោយ លទ្ធភាពដែលសហរដ្ឋអាមេរិកអាចធ្វើឱ្យរឿងនេះកើតឡើង ឬរបបរបស់លោក កាហ្សៃ ឬអ្នកផ្សេងទៀតអាចធ្វើឱ្យរឿងនេះកើតឡើង នៅក្នុងរយៈពេលដ៏ខ្លី គឺគ្មានភាពប្រាកដនិយមនោះទេ។ វាគឺជាសច្ចៈភាពនៃជីវិត នៅទីនោះ ដែលប្រជាពលរដ្ឋ អាហ្វកានីស្ថានខ្លួនឯង ត្រូវសម្រេចចិត្ត ថាតើត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា។ វាប្រហែលជាផ្នែកមួយនៃការ រំពឹងទុកប្រកបដោយភាពមិនប្រាកដនិយម ដែលយើងមានចំពោះរដ្ឋាភិបាលជាតិ អាហ្វកានីស្ថាន»។
អតីតទីប្រឹក្សាសន្តិសុខជាតិ (១៩៧៤-៧៧, ១៩៨៩-៩៣) គឺឧត្តមសេនីយកងទ័ពអាកាសដែលចូលនិវត្តន៍ លោក ប្រែនត៍ ស្កូក្រូហ្វ (Brent Scowcroft) ក៏និយាយផងដែរថា សហរដ្ឋអាមេរិកមានការរំពឹងទុកប្រកបដោយភាពមិនប្រាកដនិយម អំពី អ្វីដែលខ្លួនអាចសម្រេចបាននៅក្នុងប្រទេស អាហ្វកានីស្ថាន និងអ៊ីរ៉ាក់។
«យើងមិនអាចធ្វើអន្តរាគមន៍ក្នុងរយៈយ៉ាងខ្លី ហើយកែប្រែសង្គមនោះឡើងវិញបានទេ។ យើងបានសាកល្បងជាច្រើនលើកមកហើយ ហើយវាហួសពីលទ្ធភាពរបស់យើង។ ដូច្នេះ យើងត្រូវតែដឹងថា នៅពេលដែលយើងសម្លឹងមើលសកម្មភាពនៅ ក្នុងប្រទេសមួយផ្សេងទៀត អ្វីដែលមានភាពប្រាកដនិយមសម្រាប់យើងដើម្បីសម្រេចឱ្យបាន និងអ្វីដែលមិនមានភាពប្រាកដនិយម។ ដោយសារតែនៅក្នុងប្រទេស អ៊ីរ៉ាក់ និងអាហ្វកានីស្ថាន យើងមានទស្សនៈធំធេងក្នុងការបង្កើតសង្គមទាំងពីរនេះឡើងវិញ ហើយប្រែក្លាយសង្គមទាំងនោះឱ្យទៅជាសង្គមប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ អ្នកមិនអាចធ្វើដូច្នេះភ្លាមៗបានទេ។ ហើយវាត្រូវការការយកចិត្តទុកដាក់និងការលះបង់ ដែលយើងមិនអាចធ្វើឱ្យមាននិរន្តរភាពនោះទេ។ ដូច្នេះ យើងត្រូវតែគ្រប់គ្រងលើសេចក្តីប៉ងប្រាថ្នារបស់យើង»។
លោកឧត្តមសេនីយ ស្កូក្រូហ្វ និយាយថា មានការធុញថប់នឹងសង្រ្គាមហើយ នៅក្នុងសហរដ្ឋអាមេរិក។
«ដោយមានសង្គ្រាមនៅអាហ្វកានីស្ថាន និងដោយមានភាពប្រទូស្តរ៉ាយនៅក្នុងប្រទេស អ៊ីរ៉ាក់ ខ្ញុំគិតថា មានមនោសញ្ចេតនាដ៏ខ្លាំងក្លាមួយដែលថា «ឈប់ចូលពាក់ព័ន្ធតទៅទៀត។ ដកកងទ័ពចេញមកវិញ។» តាមផ្លូវចិត្ត សាស្រ្ត ប្រការនេះអាចមានគ្រោះថ្នាក់។ ខ្ញុំមិនដឹងថានឹងមានអ្វីនឹងចេញមកនាពេលអនាគតនោះទេ ប៉ុន្តែការឈានពីភាពជ្រុលនិយមមួយទៅកាន់ភាពជ្រុលនិយមមួយទៀត គឺជារឿងគ្រោះថ្នាក់»។
អ្នកជំនាញនិយាយថា ក៏មានការធុញថប់នឹងសង្រ្គាមផងដែរនៅអឺរ៉ុប។ ហើយពួកគេនិយាយថា នេះមិនមែនជាប្រផ្នូលល្អទេ ក្នុងការដាក់បញ្ចូលគ្នានូវកងកម្លាំង យោធាអន្តរជាតិតូចជាងមុន ដើម្បីជំនួសកងកម្លាំងបច្ចុប្បន្ននៅក្នុងប្រទេស អាហ្វកានីស្ថាន រហូតដល់ចុងឆ្នាំ២០១៤នោះ៕ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)