ស្លាប់ ៨ នាក់របួសធ្ងន់ និង ស្រាល ២២ នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរនៅថ្ងៃទី ២១ កុម្ភៈ
ភ្នំពេញ ៖ តាមការឲ្យដឹងពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ បានកើតឡើង ១៦លើក (យប់ ៧លើក) បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី ម្នាក់) របួសធ្ងន់ ១១នាក់ (ស្រី៥នាក់) របួសស្រាល ១១ (ស្រី៤នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង ១៦លើកនោះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២៥គ្រឿង ក្នុងនោះម៉ូតូ ១៥គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ៤គ្រឿង យានផ្សេងៗ ១គ្រឿង និង ថ្មើរជើង២នាក់។
មូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើង គឺបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៦លើក មិនគោរពសិទ្ធិ ២លើក ប្រជែង គ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក សុខភាពងងុយដេក ១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ២នាក់) និង កត្តាផ្សេងៗ ២លើក៕