កូរ៉េខាងត្បូងធ្វើសមយុទ្ធជើងទឹក ៧ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី
នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូងបានបើកធ្វើសមយុទ្ធទាហានជើងទឹករបស់ ខ្លួន សំរាប់រយៈពេល ៦ថ្ងៃ នៅសមុទ្រជប៉ុន។ នៅក្រោមការឃ្លាំមើលពីយន្តហោះអាមេរិក ក្រុងសេអ៊ូលចង់បង្វឹកបង្ហាត់ទាហានជើងទឹកខ្លួន អោយមានលទ្ធភាពស្ទាក់ និងតាមដាន មីស៊ីល ព្រមទាំងនាវាមុជទឹករបស់កូរ៉េខាងជើង។ គួររំលឹកថា សមយុទ្ធជើងទឹករបស់ក្រុងសេអ៊ូល ធ្វើឡើងតែក្នុងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរក្រោម ដីរបស់ខ្លួន ប្រកបដោយជោគជ័យ។
សមយុទ្ធជើងទឹករបស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ផ្តោតទិសដៅធំជាងគេ លើការសំរេចអោយបានជោគជ័យក្នុងការបង្ហាត់បង្វឹកទ័ពជើងទឹក អោយមានលទ្ធភាពស្ទាក់ និងតាមដានមីស៊ីល ព្រមទាំងនាវាមុជទឹករបស់កូរ៉េខាងជើង។ សមយុទ្ធទ័ពជើងទឹកនេះ មានរយៈពេល៦ថ្ងៃ ហើយស្ថិតនៅក្រោមការឃ្លាំមើលពីយន្តហោះអាមេរិក។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធជើងទឹកនេះ នឹងអាចអោយក្រុងសេអ៊ូលវាយតំលៃលើសមត្ថភាពការពារប្រទេស នៅចំពោះមុខការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
គួររំលឹកថា សមយុទ្ធនេះ ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងដោយជោគជ័យ នូវអាវុធនុយក្លេអ៊ែរក្រោមដីរបស់ខ្លួនមក។ កូរ៉េខាងត្បូងបានត្រៀមពង្រឹងវិស័យយោធារបស់ខ្លួន ជាច្រើនលើកមកហើយ ពិសេសចាប់តាំងតែពីកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបកាលពីខែធ្នូ កន្លងមកម្ល៉េះ ដែលការបាញ់នេះ ត្រូវបានសហគមអន្តរជាតិ អោយនិយមន័យថា ជាការលាបមុខ ដើម្បីបិទបាំងនូវការសាកល្បងមីស៊ីលតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក បានចូលរួមជួយជ្រោមជ្រែងកូរ៉េខាងត្បូង ក្នុងការត្រៀមការពារទឹកដី។ អាមេរិកបានពង្រាយទ័ពខ្លួនចំនួន ២៨០០ នាក់ ដើម្បីធ្វើការការពារជាអចិន្ត្រៃយ៍ នៅកូរ៉េខាងត្បូង។ កាលពីដើមខែកុម្ភៈនេះ ប្រទេសដៃគូទាំងពីរបានបើកសមយុទ្ធជើងទឹករួមគ្នាមួយ នៅតាមឆ្នេរភាគខាងកើតកូរ៉េ ដោយមានវត្តមាននាវាមុជទឹករបស់អាមរិកមួយគ្រឿង។
ប្រទេសទាំងពីរ ក៏បានធ្វើការសាកល្បងហ្វឹកហ្វឺន ទ័ពអាកាសផងដែរ។
មុននឹងចប់អណត្តិរបស់ខ្លួន នៅសប្តាហ៍ក្រោយនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ បានបញ្ចេញយោបល់ថា កូរ៉េខាងជើងកំពុងតែធ្វើដំណើរទៅកាន់ភាពទ័លច្រក ព្រោះថា ថ្វីដ្បិតតែខ្លួនទទួលបានជោគជ័យក្នុងការបាញ់អាវុធនុយក្លេអ៊ែរ ក៏ពិតមែន ក៏អនុភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនមិនអាចការពារប្រទេសខ្លួន អោយចៀសផុតពីវិបត្តិបានឡើយ៕ដោយ ព្រំ សឿន សូលីណា(RFI)