អង់គ្លេសចង់កាត់មុខបារាំងទៅចែចង់ឥណ្ឌា
ឥណ្ឌា កំពុងមានស្នេហ៍ខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោកFrançois Hollande កាលពីសប្តាហ៍មុន នៅថ្ងៃចន្ទនេះដល់វេនលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា ដើម្បីរឹតបន្តឹងចំណងមិត្តភាពជាដៃគូជាយុទ្ធ សាស្រ្ត អង់គ្លេស-ឥណ្ឌា តាំងពីឆ្នាំ២០០៤មក។ ទីក្រុងឡុងដ៏្ររំពឹងថា ដំណើរ ទស្សនកិច្ចនេះ នឹងអាចទាក់ទាញឲ្យទីក្រុង ញូវដែលី ឱ្យផ្លាស់ចិត្តនិងងាកមកទិញយន្តហោះ ចម្បាំង Eurofighter វិញ ជាជាងទិញយន្តហោះបារាំង Rafaleជាគូប្រជែង។
តាម គន្លងមាគ៌ាលោកប្រធានាធិបតីបារាំង François Hollande លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស ចាប់ផ្តើមបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃចន្ទ១៨កុម្ភៈនេះទៅ ដើម្បីធ្វើការចែចង់ឥណ្ឌានៅលើវិស័យអាកាស ចរណ៍។ អមដោយគណប្រតិភូដ៏សំខាន់បំផុតជាងពេលណាៗទាំងអស់ រួមមានអ្នកតំណាងនៃក្រុមហ៊ុនឬខាងស្ថាប័ននានាជាង១០០នាក់ រដ្ឋមន្ត្រី៤រូបនិងអ្នកតំណាង រាស្ត្រអង់គ្លេស៩នាក់។
ជាបឋម លោកនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវអញ្ជើញទៅកាន់ទីក្រុងប៊ុមប៊ៃ ហើយបន្ទាប់មកគឺទីក្រុង ញូវដែលី ដែលជាទិសដៅដ៏សំខាន់បំផុតនៃដំណើរទស្សនកិច្ចរបស់លោក David Cameron។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវខិតខំនិយាយបញ្ចុះបញ្ចូលឥណ្ឌាសារជាថ្មី ដើម្បីឲ្យឥណ្ឌាប្តូរចិត្តគំនិត និងងាកមកចាប់អារម្មណ៍លើការទិញយន្តហោះចម្បាំងអង់គេ្លសវិញរបស់ ក្រុមហ៊ុនចម្រុះអឺរ៉ុប Eurofighters ។ ដោយកាលពីឆ្នាំទៅមិញ រដ្ឋាភិបាលឥណ្ឌា មានការពេញចិត្តយ៉ាងខ្លាំងទៅលើយន្តហោះចម្បាំង Rafale បារាំង និងចង់ទិញដើម្បីទុកបំពាក់ដល់កងទ័ពអាកាសឥណ្ឌា ជាជាង យន្តហោះចម្បាំងTtyphoon ដែលផលិតនៅអង់គ្លេសដោយក្រុមហ៊ុន Eurofighter ។
ក៏ប៉ុន្តែ តាំងពីពេលនោះមក កិច្ចសន្យាជាមួយក្រុមហ៊ុនបារាំង Dassaut ក្នុងតម្លៃដ៏សម្បើមនេះ នៅមិនទាន់បានចុះនៅឡើយទេ ដូច្នេះហើយបានជាទីក្រុងឡុដ្រ៏ខិតខំព្យាយាមជាថ្មីទៀត ដើម្បី ចង់ឲ្យឥណ្ឌាផ្លាស់ចិត្តមកងាកមកទិញ យន្តហោះនៃក្រុមហ៊ុន Eurofighterវិញ។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីអង់គ្លេសនៅពេលនេះ អាចជួបប្រទះនឹងភាពស្មុក ស្មាញ ដោយហេតុតែអង់គ្លេសកំពុងជួបសំណុំរឿងអាស្រូវ ពុករលួយមួយដែលប៉ះពាល់ដល់កិច្ចសន្យាមួយទៀតនៅលើវិស័យ អាកាសចរណ៍ គឺកិច្ចសន្យា ឥណ្ឌាក្នុងការទិញឧត្ថម្ភភាគចក្រ១២គ្រឿងដែលផលិតដោយ ក្រុមហ៊ុនចម្រុះ អង់គ្លេស-អ៊ីតាលីនៅក្នុងភាគនិរតីនៃប្រទេសអង់គ្លេស។
ទីក្រុងញូវដែលី ដែលមានមន្ទិលសង្ស័យខ្លាំង ថាពួកមន្ត្រីឥណ្ឌា បានទទួលសំណូកសូកប៉ាន់ ពីក្រុមហ៊ុនអង់គ្លេស-អ៊ីតាលី បានជូនដំណឹងកាលពីថ្ងៃសុក្រមុនពីចេតនារបស់ខ្លួនក្នុងការលុបចោល កិច្ចសន្យារបស់ខ្លួនវិញ។ ដូចនេះហើយ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនិយាយបញ្ចុះបញ្ចូលឥណ្ឌា ប្រាប់ពីផលប្រយោជន៍រវាងប្រទេសទាំងពីរអង់គ្លេស-ឥណ្ឌានៅលើការ បង្កើនការប្តោះប្តូរពាណិជ្ចកម្មរវាងគ្នា ដែលមកទល់ពេលនេះ បានកើនឡើងកម្រិត២៧% ហើយចាប់តាំងពីឆ្នាំ ២០១០មក៕ដោយ នុយ ប៊ែរណាដែត (RFI)