យកកាំភ្លើងខ្លីភ្ជង់សន្តិសុខសណ្ឋាគារឈូកទិព្វត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង ៤០ នាទីយប់ថ្ងៃទី ១៧ខែកុម្ភៈ មន្ត្រីយោធាម្នាក់យកអាវុធខ្លីភ្ជង់សន្តិសុខសណ្ឋាគារ ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅចំណុច មុខសណ្ឋាគារ ឈូកទិព្វ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
មន្ត្រីយោធាដែលត្រូវឃាត់ខ្លួនខាងលើនេះឈ្មោះ ឡុង សាង អាយុ ២៩ឆ្នាំ ជាមន្ត្រីយោធាអង្គរក្ស មិនបញ្ជាក់ទីលំនៅច្បាស់លាស់ ។ មុនពេលឃាត់ខ្លួនឈ្មោះ ឡុង សាង បានយកកាំភ្លើងខ្លីម៉ាកឡុក ភ្ជង់សន្តិសុខសណ្ឋាគារឈូកទិព្វបំណងបាញ់សម្លាប់ដោយសាររឿងសួរនាំ អំពីបញ្ហាប្រពន្ធរបស់ ខ្លួន នៅមុខសណ្ឋាគារ។
មុនពេលឃាត់ ខ្លួនឈ្មោះ ឡុង សាង និងប្រពន្ធបានចេញពីស៊ីការនៅក្នុងភោជនីយ៍ដ្ឋានឈូកទិព្វ ពេលនោះស្ត្រីជាប្រពន្ធបានចេញមកមុនប្តីហើយសួរនាំសន្តិសុខសណ្ឋាគារ ឈូកទិព្វថា ពូមានដឹងកន្លែងណាមានផ្ទះសំណាក់ដែរឬអត់? ពេលនោះសន្តិសុខចង្អុលទៅមុខបន្តិចទៅមានហើយ។ ស្របពេលជាមួយគ្នានោះដែលបុរសឈ្មោះ ឡុង សាង ក៏បានដើរពីកន្លែងស៊ីការ ចេញមកក្រៅហើយសួរនាំសន្តិសុខដដែរថា មានឃើញប្រពន្ធឬទេ ។
ភ្លាមនោះសន្តិសុខក៏ឆ្លើយថាគាត់ទៅរកជួលផ្ទះសំណាក់ដេកបាត់ហើយ នៅពេលដែលសន្តិសុខឆ្លើយបែបនេះ ឈ្មោះ ឡុង សាង ក៏ខឹងក្នុងចិត្តហាក់បីដូចជាមើលងាយប្រពន្ធរបស់រូបគេទើបដក កាំភ្លើងខ្លីភ្ជង់បាញ់លើសន្តិសុខសណ្ឋាគារទើបកើតមានការជ្រួលច្របល ត្រូវសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌទួលគោក៕ ហេង នាង