បុរសម្នាក់ស្រវឹងស្រាបើករថយន្តទៅបុករថយន្ត និងម៉ូតូ
ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែកុម្ភៈបុរសម្នាក់បើករថយន្តទៅបុករថយន្តមួយគ្រឿង ហើយជ្រុលទៅបុករៈម៉ូតូមួយគ្រឿងទៀត នៅតាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មុនពេលកើតហេតុរថយន្តបង្កហេតុម៉ាកម៉ែកសឺដេស ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ សុធារស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកបុករថយន្តមួយគ្រឿងម៉ាកកាមរី ស៊េរី ១៩៩៤ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2N-3776 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាហើយជ្រុលទៅបុកម៉ូតូ ចតស្ងៀមមួយទៀតម៉ាក សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC- 1625 បណ្ដាលឲ្យខ្ទាតហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ រហូតដល់មុខវត្តស្វាយពពែ អ្នកបើកបរបានឈប់រថយន្តហើយដោះស្លាកលេខចេញ បន្ទាប់មករត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែករថយន្តនិងម៉ូតូចំនួន២គ្រឿងទៀត រួមទាំងរថយន្តបង្កហេតុ បានរងការខូចខាតយ៉ាងដំណំ តែទោះជាយ៉ាងណាក៏ពុំមាននរណាម្នាក់រងបួសឡើយ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានឲ្យអង្គរក្សចេញមុខមកដោះស្រាយ ដោយសងទៅភាគីរថយន្តចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែកម៉ូតូរងការខូចខាតគឺជាម៉ូតូរបស់អង្គរក្សម្ចាស់រថយន្តបង្កហេតុ ៕
ដោយ៖ ហេង នាង