ស.រ.អា.ស្នើមករុស្ស៊ីឲ្យបង្វែរទំនាក់ទំនងទ្វេភាគីត្រឡប់ទៅកាន់ភាពប្រក្រតីធម្មតាវិញ
សំណើនេះលើកឡើង ដោយលោកអនុប្រធានាធិបតីអាមេរិក Joseph Biden ពេលជួបជាឯកតោភាគី ជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ក្នុងបរិវេណ នៃ “សន្និសីទអន្តរជាតិស្តីអំពីសន្តិសុខ” ដែលបានប្រព្រឹត្តទៅនៅក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃសៅរ៍ ទី២កុម្ភៈកន្លងទៅ។
ដំណឹង ខាងលើ ត្រូវបានកាសែតក្រុងម៉ូស្គូ លេខថ្ងៃចន្ទទី៤កុម្ភៈនេះ លើកយកទៅ ចុះផ្សាយសឹងគ្មានរំលងឡើយ ដោយកត់សម្គាល់ថា មូលហេតុមកពី ទំនាក់ទំនងរុស្ស៊ី-អាមេរិក នាពេលចុងក្រោយ ពើបប្រទះនឹង ភាពរកាំរកូសជាបន្តបន្ទាប់ ទាល់តែកើតឡើងជាបរិយាកាសខ្វះការជឿទុកចិត្តគ្នា ទៅហើយ។
ទោះយ៉ាងណាក្តី ក៏ក្នុងជំនួបជាមួយលោកប្រមុខការទូតរុស្ស៊ី លោកអនុប្រធានាធិបតីអាមេរិក Joseph Biden បានចាប់ផ្តើមនិយាយ គឺអំពី “នយោបាយខាងផ្តល់កំដៅឡើងវិញ” ដល់ទំនាក់ទំនងជាមួយរុស្ស៊ី ដែលបានត្រូវប្រារព្ធធ្វើឡើង ដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ ២០០៩ ក្រោយពីគាត់ឡើងកាន់អំណាច ក្នុងអាណត្តិដំបូង របស់គាត់ភ្លាម។ តាមលោក Biden នយោ បាយនោះ បាននាំមកនូវលទ្ធផលជាក់លាក់មួយចំនួន ឧទាហរណ៍ រវាងរុស្ស៊ី និង អាមេរិក មានចុះបានជា សន្ធិសញ្ញាស្តីអំពីការកាត់បន្ថយតទៅទៀតសព្វាវុធបរមាណូ ហៅកាត់ ថា “START-ទី៣” មានជួយឲ្យរុស្ស៊ី បានចូលជាសមាជិក នៃ “អង្គការពាណិជ្ជកម្មពិភពលោក” WTO , មានការសហការគ្នាយ៉ាងជោគ ជ័យជុំវិញបញ្ហាមួយចំនួននៃនយោបាយពិភពលោកនិងមានបង្កើតបានជា“គណៈ កម្មការចម្រុះនៅអមប្រធានាធិបតីរុស្ស៊ី-អាមេរិក ក្រោមឈ្មោះថា “គណៈកម្ម ការមេដវេដេវ-អូបាម៉ា”។
ព្រមជាមួយនេះ ក្នុងជំនួបនៅក្រុង Munich ភាគីរុស្ស៊ី និង អាមេរិក បានលើកឡើងអំពី កត្តាខ្លះ ដែលញ៉ាំងឲ្យកើតឡើង ជាភាពក្នក់ក្នាញ ក្នុងទំនាក់ទំនងខ្លួន ៖
– សម្រាប់អាមេរិក គឺ មិនអាចទទួលយកបានឡើយ ការដែលរុស្ស៊ីទទួលស្គាល់ឯករាជ្យ នៃដែនដីអបគមរបស់រដ្ឋហ្ស៊កហ្ស៊ីអធិបតេយ្យ គឺដែនដី Abkhazie និង Ossetieខាងត្បូង គោលជំហរ ដែលរុស្ស៊ីប្រកាន់ចំពោះ វិបត្តិនៅស៊ីរី ចំពោះ “ប្រព័ន្ធខែលមីស្ស៊ីលប្រឆាំងមីស្ស៊ីល” ដែលអាមេរិកកំពុងដំឡើង នៅទ្វីបអឺរ៉ុប សភាពការណ៍ខាងសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅរុស្ស៊ី ច្បាប់រុស្ស៊ី ដែលហាមលែងឲ្យគ្រួសារអាមេរិកាំង សុំកុមារកំព្រារុស្ស៊ីយកទៅធ្វើជាកូនចិញ្ចឹម។ល។
– សម្រាប់រុស្ស៊ី ជាបឋម គឺមិនអាចទទួលយកជាដាច់ខាត ការដែលអាមេរិក ចេះតែឃោសនាបំផ្លើសអំពី“ការគំរាមស្អីណាពីខាងរុស្ស៊ី ” ហើយក្រោមលេស នេះ បក្សសម្ព័ន្ធ OTAN កំពុង ប្រែភូម៌ភាគកណ្តាលទ្វីបអឺរ៉ុប ឲ្យទៅជាមជ្ឈមណ្ឌលប្រឈមនឹងរុស្ស៊ី គោលជំហរដែលស.រ.អា. ប្រកាន់ចំពោះដំណើរវិវឌ្ឍន៍ទៅនៃអ្វីដែលហៅថា “និទាឃរដូវក្នុងពិភពអារ៉ាប” ការដែលអាមេរិកបានអនុម័ត “ច្បាប់ Magnitsky” ដាក់ទណ្ឌកម្ម ផ្នែកទិដ្ឋាការ និងហិរញ្ញវត្ថុប្រឆាំងនឹងមន្ត្រីរុស្ស៊ីមួយចំនួន។ល។
ក្នុងជំនួបកន្លងទៅ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ដោយស្វាគម ចំពោះសំណើលោកអនុប្រធានាធិបតីអាមេរិក Joseph Biden ដើម្បីបង្វែរទំនាក់ទំនងទ្វេភាគី ឲ្យត្រឡប់ទៅកាន់ ភាពប្រក្រតីធម្មតាវិញ បានសំដែងសេចក្តីសង្ឃឹមថា ភាគីអាមេរិក មុខជាឈប់បង្កឲ្យកើតឡើងទៀតឡើយ ជាក្តីក្តៅ ក្រហាយ ក្នុងមជ្ឈដ្ឋានសាធារណជននៅរុស្ស៊ី៕ ដោយ កែវ ឆាយា (RFI)