តុលាការវៀតណាមដាក់ទោសធ្ងន់បំផុតដល់ក្រុមសកម្មជន “ប្រតិកិរិយា”
សកម្មជនចំនួន២២រូប នៃក្រុមចលនាបះបោរដ៏តូចបំផុតមួយ ដែលត្រូវអាជ្ញាធរចាត់ទុកថាពួកប្រតិកិរិយា ត្រូវបានតុលាការវៀតណាមកាត់ទោសនៅថ្ងៃចន្ទនេះ ម្នាក់ជាប់ទោសអស់មួយជីវិត និងខ្លះទៀតពី១២ ទៅ១៧ឆ្នាំ ពីបទបានប៉ុនប៉ងធ្វើវិទ្ធង្សនាចង់ផ្តួលរំលំរដ្ឋាភិបាល កុម្មុយនិស្តក្រុងហាណូយ។
តុលាការ ខេត្ត Phu Yen បានចេញសាលក្រម ដាក់ទោសមេក្រុម លោក Phan Van Thu ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំណែកសមាជិកក្រុម២១នាក់ផ្សេងទៀត ខ្លះ ១០ឆ្នាំ ខ្លះ១៧ឆ្នាំ ក្នុងពន្ធនាគារ និងជាប់ឃុំក្នុងគេហដ្ឋានជាច្រើនបន្ថែមទៀត។
នៅក្នុងអង្គសវនាការ ដែលអាចចាត់ទុកថាជាសំណុំរឿងធំជាងគេបង្អស់មួយ បើគិតពីចំនួនអ្នកទោស ជនជាប់ទោសព្រមទោសស្គាល់បទឧក្រិដ្ឋរបស់ខ្លួនទាំងអស់ ! នេះបើយោងតាមមេធាវីជនជាប់ចោទ ដែលតែងតាំងដោយតុលាការ និងដែលបានអះអាងថាជាទោសដ៏សក្តិសមបំផុត។ ព្រោះ ជនជាប់ចោទទាំង២២នាក់នេះ មានសកម្មភាពចង់ធ្វើវិទ្ធង្សនាផ្តួលរំលំរដ្ឋាបាលប្រជាជន ! ជាបទចោទប្រកាន់ដែលរបបកុម្មុយនិស្តហាណូយតែងតែយកធ្វើលេស ដាក់ទោសលើរាល់សកម្មជនបះបោរនៅក្នុងប្រទេស។
បើតាមឯកសាររបស់ប៉ូលិសវៀតណាម ក្រុមសកម្មជនដែលដឹកនាំដោយ Phan Van Thu នេះ តែងធ្វើសកម្មភាពអហិង្សា ចន្លោះពីឆ្នាំ២០០៣ដល់ខែកុម្ភៈឆ្នាំ២០១២ (ថ្ងៃចាប់ខ្លួនបាន)។ ជាក្រុមបះបោរតូចមួយ “ក្រុមប្រឹក្សាច្បាប់និងកិច្ចការសាធារណៈ Bia Son” មិនសូវមានឈ្មោះបោះសំឡេងសូម្បីតែនៅក្នុងប្រទេសវៀតណាមផ្ទាល់។
ភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម បានគូសបញ្ជាក់ កាលពីថ្ងៃ’ចន្ទទី២៨’មករា ថ្ងៃបើកសវនាការ’ ក្រុមនេះមានគ្នាប្រមាណជាង៣០០នាក់ នៅរាយប៉ាយតាមក្រុងជាច្រើន នៅភាគកណ្តាលនិងខាងត្បូងប្រទេស។ គោលបំណង គឺចង់បំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមិនឱ្យជឿលើគណបក្សនិង រដ្ឋអំណាច ព្រមទាំងធ្វើឱ្យកើតមានការមន្ទិលសង្ស័យ លើរដ្ឋាភិបាលកុម្មុយនិស្តបច្ចុប្បន្ន ដោយបានទទួលជំនួយហិរញ្ញវត្ថុពីបរទេស។ នេះបើតាមក្រុមភ្នាក់ងារស៊ើបការណ៍សំងាត់។
ប្រឈមមុខនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងរយ៉ាងដូច្នេះ អង្គការ ការពារ សិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភ ខ្លាំង ព្រោះមើលឃើញថា រដ្ឋាភិបាល ក្រុងហាណូយ ព្យាយាម ដាក់ទោសកាន់តែធ្ងន់ឡើងៗលើសកម្មជនដែលសារព័ត៌ មានចុះផ្សាយ មិនសូវចាប់អារម្មណ៍៕ដោយ អៀង សុខម៉ិញ (RFI)