កូរ៉េខាងជើងប្រកាសគ្រោងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៣
កូរ៉េខាងជើងបានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថានឹងធ្វើការសាកល្បងអាវុធនុយ ក្លេអ៊ែរជាលើកទី៣ ព្រមទាំងបាញ់សាកល្បងមីស៊ីលបន្ថែមទៀត ដើម្បីផ្ចាញ់សហរដ្ឋអាមេរិក ដែលក្រុងព្យុងយ៉ាងចាត់ទុកថាជា “សត្រូវស៊ីសាច់ហុតឈាម” របស់ខ្លួន។ ការប្រកាសពីគម្រោងសាកល្បងអាវុធនុយក្លេអ៊ែរនេះធ្វើឡើង នៅ ក្រោយពីអ.ស.ប.ប្រកាសបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង ដែលបានបាញ់សាក ល្បងរ៉ុកកែត កាលពីខែធ្នូកន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការការពារជាតិ ដែលជាស្ថាប័នមានអំណាចកំពូលខាងកងទ័ពនៅកូរ៉េខាងជើង បានប្រកាសច្បាស់ៗថា រាល់ការបាញ់សាកល្បងផ្កាយរណប មីស៊ីលអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងគ្រោងនឹងធ្វើនេះ គឺមានគោលដៅផ្ចាញ់សហរដ្ឋអាមេរិក ដែលជាសត្រូវស៊ីសាច់ហុតឈាមរបស់កូរ៉េខាងជើង។ ទោះជាយ៉ាងណា កូរ៉េខាងជើងមិនបានបញ្ជាក់ច្បាស់លាស់ថា តើការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលទាំងនេះ នឹងត្រូវធ្វើនៅពេលណាពិតប្រាកដនោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ដែលដកស្រង់ប្រភពពីមន្រ្តីចារកិច្ចកូរ៉េខាងត្បូង អ្វីៗត្រូវបានកូរ៉េខាងជើងត្រៀមរៀបចំរួចរាល់អស់ហើយ ។ ការសាកល្បងអាវុធនុយក្លេអ៊ែរអាចនឹងធ្វើឡើងនៅពេលណាក៏បានដែរ ឲ្យតែមានបញ្ជាពីលោកគីម ជុងអ៊ុន។
គួររំឭកឡើងវិញថា កូរ៉េខាងជើងធ្លាប់បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ២លើករួចមកហើយ កាលពីពេលកន្លងមក គឺលើកទី១ នៅឆ្នាំ២០០៦ និងលើកទី២ នៅឆ្នាំ២០០៩។ ជាទូទៅ កូរ៉េខាងជើងធ្វើការបាញ់សាកល្បងមីស៊ីលជាមុន ហើយក្រោយពីមានការថ្កោលទោស ឬការដាក់ទណ្ឌកម្មពីសំណាក់អ.ស.ប. ជុំវិញការបាញ់សាកល្បងមីស៊ីលនេះ កូរ៉េខាងជើងក៏ឆ្លើយតបវិញ ដោយធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។
ការប្រកាសធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ នៅថ្ងៃព្រហស្បតិ៍នេះ ក៏មិនខុសពីលើកមុនដែរ គឺធ្វើឡើង ដើម្បីឆ្លើយតបនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិ សុខអ.ស.ប. ក្នុងការបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង ដែលបានធ្វើការបាញ់សាក ល្បងរ៉ុកែត កាលពីខែធ្នូ។ ការបាញ់សាកល្បងរ៉ុកកែត ដែលកូរ៉េខាងជើងអះអាងថា ជាការសាកល្បងផ្កាយរណបស៊ីវិល ក៏ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខយល់ថាជាការរំលោភលើសេចក្តីសម្រេចរបស់ខ្លួន ពីមុន ដែលហាមកូរ៉េខាងជើងមិនឲ្យធ្វើការសាកល្បងអ្វីក៏ដោយ ដែលប្រើបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក (Ballistic)។
នៅថ្ងៃព្រហស្បតិ៍នេះ ចិន ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង ក៏ប៉ុន្តែ បានបោះឆ្នោតគាំទ្រការបន្ថែមទណ្ឌកម្មលើក្រុងព្យុង យ៉ាង កាលពីថ្ងៃអង្គារដែរនោះ បានប្រកាសអំពាវនាវឲ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ កុំឲ្យធ្វើអ្វី ដែលនាំឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងជាងនេះទៅ ទៀត។ ចិនក៏បានអំពាវនាវផងដែរឲ្យចាប់បើកធ្វើឡើងវិញ នូវការចរចា ៦ភាគី ដែលរួមមាន ចិន សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើង។ កិច្ចចរចា ដែលត្រូវជាប់គាំងតាំងពីខែមេសា ឆ្នាំ២០០៩ ក្រោយពេលកូរ៉េខាងជើងធ្វើការសាក ល្បងអាវុធនុយក្លេអ៊ែរលើកទី២ ហើយប្រកាសដើរចេញពីតុចរចា៕ដោយ សេង ឌីណា (RFI)