ភូមាប្រកាសបើកដេញថ្លៃប្លុកប្រេងកាតក្រោមដីចំនួន១៨ប្លុក
បណ្តាញសារព័ត៌មានរដ្ឋភូមាបានផ្សាយឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋា ភិបាលភូមាបានប្រកាសបើកឲ្យដេញថ្លៃ លើប្លុកប្រេងកាត ចំនួន ១៨ប្លុក ដែលសុទ្ធសឹងជាប្លុកប្រេងក្រោមដី។ ធនធានប្រេង និងឧស្ម័នធម្មជាតិនៅភូមា គឺជាចំណុចដែលទាក់ទាញចំណាប់អារម្មណ៍បណ្តាក្រុមហ៊ុនបរទេស។
នៅ ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយដោយកាសែត New Light of Myanmar ដែលជាកាសែតរបស់រដ្ឋ ចេញផ្សាយជាភាសាអង់គ្លេស អាជ្ញាធរភូមាបានបញ្ជាក់ថា ក្រុមហ៊ុនដែលចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មលើប្លុកប្រេងកាតក្រោមដី ភូមា អាចដាក់ពាក្យសុំដេញថ្លៃបានយ៉ាងច្រើនបំផុត ៣ប្លុក ក្នុងមួយក្រុមហ៊ុន ហើយការធ្វើអាជីវកម្មប្លុកប្រេងទាំងនេះ ចាំបាច់ត្រូវតែធ្វើដោយមានក្រុមហ៊ុនប្រេងរដ្ឋភូមាជាដៃគូ។
យោងតាមឯកសារចេញផ្សាយដោយក្រុមហ៊ុនប្រេងរដ្ឋភូមា គឺ Myanmar Oil and Gas Entreprise ប្លុកប្រេងកាត ទាំង ១៨ប្លុក ដែលរដ្ឋាភិបាលភូមាបើកឲ្យដេញថ្លៃនេះគឺស្មើនឹង១ភាគ៣នៃធនធានប្រេងក្រោមដីរបស់ភូមា។ ក្រៅពីប្រេងក្រោម ដី ភូមានៅមានប្រេងក្រោមបាតសមុទ្រប្រមាណជាជាង ៥០ប្លុកផ្សេងទៀត។
យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារសេ.អ៊ី.អាអាមេរិក ភូមាមានធនធានប្រេងសរុបប្រមាណជា ៥០លានធុង និងឧស្ម័នធម្មជាតិ ប្រមាណជាជាង ២៨០ពាន់ លានម៉ែត្រគូប។ ធនធានប្រេង និងឧស្ម័នធម្មជាតិទាំងនេះនៅមិនទាន់ត្រូវបានគេធ្វើអាជីវកម្មពេញលេញ នៅឡើយទេ ដោយសារតែកន្លងមក នៅក្រោមរបបសឹក ភូមាស្ថិតក្រោមទណ្ឌកម្មអន្តរជាតិ។
នាពេលកន្លងមក ភាគច្រើនមានតែប្រទេសក្នុងតំបន់អាស៊ីប៉ុណ្ណោះ ជាពិសេស គឺ ចិន ដែលបោះទុនវិនិយោគធ្វើអាជីវកម្មប្រេង និងឧស្ម័ន នៅភូមា។ នៅក្នុងការដេញថ្លៃ កាលពីលើកមុន នៅឆ្នាំ២០១១ កិច្ចសន្យាធ្វើអាជីវកម្មប្រេង និងឧស្ម័នភូមានេះ ក៏ភាគច្រើនត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនមកពីអាស៊ីដែរ។
នៅពេលនេះ ក្រោយពីប្រទេសលោកខាងលិចបានបន្ធូរបន្ថយទណ្ឌកម្មលើភូមា គេសង្កេតឃើញថា មានក្រុមហ៊ុនមកពីប្រទេសលោកខាងលិចជាច្រើន កំពុងតែប្រជែងចង់បានសិទ្ធិធ្វើអាជីវកម្មប្លុកប្រេង និងឧស្ម័នភូមា។ ក៏ប៉ុន្តែ ពួកគេបានសំដែងនូវការព្រួយបារម្ភ អំពីតម្លាភាព នៅក្នុងនីតិវិធីនៃការដេញថ្លៃ។
ការតវ៉ាជុំវិញតម្លាភាពក្នុងការដេញថ្លៃនេះហើយ ដែលបានជំរុញឲ្យរដ្ឋាភិ បាលភូមាផ្អាកការដេញថ្លៃ ដែលគ្រោងធ្វើ កាលពីឆ្នាំ២០១២កន្លងទៅ ដោយរង់ចាំការធ្វើកំណែទម្រង់នីតិវិធី នៃការដេញថ្លៃ ទើបដាក់ឲ្យដេញថ្លៃ នៅពេលនេះ។
ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចជាច្រើនធ្លាប់បានលើកឡើងថា ធនធានប្រេង និងឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចភូមា ប្រសិនបើរដ្ឋាភិបាលចេះចាត់ចែងចំណូលពីវិស័យនេះឲ្យបានត្រឹមត្រូវ ចៀសវាងនូវអំពើពុករលួយ៕ដោយ សេង ឌីណា (RFI)