តុលាការកំពូលប៉ាគីស្ថានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Raja Pervez
នៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ តុលាការកំពូល បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Raja Pervez ពីបទពុករលួយ ក្នុងកិច្ចសន្យាថាមពលផ្សេងៗ នៅពេលដែលលោក នៅជា រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានទឹក។ ដីកានេះ ធ្វើអោយស្ថានការនយោបាយ នៅប៉ាគីស្ថាន ឈានទៅរកភាពផុយស្រួយ ជាពិសេសនៅរយៈពេលចុងក្រោយនេះ នៅពេលដែលបាតុកររាប់សែននាក់ បាននាំគ្នាទាមទារ អោយមានការរំលាយសភាចោល និងរៀបចំកែទំរង់ប្រទេសឡើងវិញ។ ទន្ទឹមនេះដែរ សកម្មជនប្រឆាំងមួយរូប ឈ្មោះ Imran Khan ដែលជាអតីតកីឡាករដ៏ល្បីល្បាញ នៅប៉ាគីស្ថាន បានទាមទារអោយ ប្រធានាធិបតី Asif Ali Zardari ចុះចេញពីដំណែង ហើយបានសុំអោយបាតុករ ទាមទារអោយមាន ការបោះឆ្នោត នៅពេលឆាប់ៗ ខាងមុខនេះ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Raja Pervez ជាប់ប្រកាន់ពីបទពុករលួយ ក្នុងការប្រគល់កិច្ចសន្យាផ្សេងៗ នៅពេលដែលលោក នៅជារដ្ឋមន្ត្រីក្រសួងថាមពល និងធនធានទឹកនៅឡើយ។ សវនាការទាក់ទង នឹងរឿងពុករលួយនេះ បានប្រព្រិត្តទៅ ជាច្រើនដងមកហើយ ដោយក្នុងការកាត់ក្តីនេះ មេចៅក្រមនៃតុលាការកំពូល ជាអ្នកដឹកនាំ ហើយគេដឹងរួចទៅហើយថា ចៅក្រមរូបនេះ មិនបានគាំទ្រជួយ ទៅដល់រដ្ឋាភិបាលប៉ាគីស្ថាន នោះឡើយ។
ដីកានេះ ធ្វើឡើង នៅពេលដែលស្ថានការនយោបាយ នៅក្នុងប្រទេសឈានទៅរកភាពផុយស្រួយ ជាពិសេសនៅរយៈពេលចុងក្រោយនេះ នៅពេលដែលបាតុកររាប់សែននាក់ បាននាំគ្នា ចុះធ្វើបាតុកម្មយ៉ាងសកម្ម ទាមទារ អោយមានការរំលាយសភាចោល និងរៀបចំកែទំរង់ប្រទេសឡើងវិញ។ នៅក្នុងបាតុកម្មនេះដែរ គេក៏ឃើញមានវត្តមានរបស់ អតីតកីឡាករដ៏ល្បីល្បាញក្នុងស្រុក ឈ្មោះ Imran Khan ដែលបានទាមទារអោយ ប្រធានាធិបតី Zardari ចុះចេញពីដំណែង។
ក្នុងរយៈពេល ៦៥ ឆ្នាំមកហើយ ក្នុងប្រវិត្តសាស្ត្ររបស់ប៉ាគីស្ថាន រដ្ឋាភិបាលស៊ីវិល និងរដ្ឋាភិបាលយោធា បានធ្វើការផ្លាស់ប្តូរអំណាចគ្នា ទៅវិញទៅមក។ រដ្ឋាភិបាលប៉ាគីស្ថាន នៅពេលនេះ ត្រូវតែខំធ្វើយ៉ាងណា ដើម្បីអាចបន្តដំណើរការរបស់ខ្លួនបាន រហូតដល់ពេលបោះឆ្នោត ខាងមុខនេះ។ ប្រសិនបើអាចពិតមែន នេះជាលើកទីមួយហើយ ដែលសភាប៉ាគីស្ថាន ដំណើរការងាររបស់ខ្លួន បានចប់អណ្ណត្តិជាស្ថាពរ។
អណ្ណត្តិរដ្ឋាភិបាលប៉ាគីស្ថានមានរយៈពេលខ្លី នឹងត្រូវបញ្ចប់ នៅពាក់កណ្តាលខែ មិនា ហើយ រដ្ឋាភិបាលស្តីទីមួយ នឹងឡើងកាន់កាប់បន្ត រហូតដល់ពេលបោះឆ្នោត នាខែមេសាខាងមុខនេះ។ ប៉ុន្តែ យោធាប៉ាគីស្ថាន ដែលមានឥទ្ធិពលក្នុងប្រទេស ក៏អាចនឹងមានវត្តមាន គ្រប់ពេលវេលា ក្នុងឆាកនយោបាយផងដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)