យុវជនម្នាក់ជិះម៉ូតូបុកតាចាស់ម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០៧ មករា បុរសចំណាស់ម្នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពីត្រូវ យុវជនម្នាក់ បើកម៉ូតូលឿនជ្រុកទៅបុក ខណៈរូបគាត់ ដើរឆ្លងផ្លូវ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោកតា រងគ្រោះ មានឈ្មោះ តាន់ សំផល ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅផ្ទះលេខ១៦៤ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកឯយុវជន ជិះម៉ូតូមាន ឈ្មោះ ហ៊ាន សុផល្លីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ មានទីលំនៅផ្ទះលេខ៥៦៨D ភូមិទ្ទរ សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
សាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា វេលាម៉ោង៤និង២០នាទីល្ងាច គេឃើញយុវជនខាងលើ បើកម៉ូតូមួយគ្រឿង ម៉ាក SUZUKI SMASH ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM-9123 យ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៦ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកលោកតា តាន់ សំផល ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យខ្ទាត បោកក្បាលនឹងដី រងរបួសធ្ងន់ រួចក៏ត្រូវគេបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែម្តង ។
បច្ចុប្បន្ន ម៉ូតូយុវជនបង្ក ត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាន រាជធានីភ្នំពេញ៕
ដោយ៖ ហេង នាង