ម៉ូតូ​ជិះ​លឿន​ជ្រុល​ទៅ​បុក​រថ​យន្ត​រង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង១១ យប់ថ្ងៃទី៥ មករា រថយន្ត​​មួយ​គ្រឿង​ ​កំពុង​បត់​ស្តាំ​ ស្រាប់​តែមាន​​ម៉ូតូ​មួយ​គ្រឿង​ជិះគ្នា​ ២នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​បុក​បណ្តាល​​ឲ្យ​ដួល​​រង​របួស​ធ្ងន់​នារី​ម្នាក់ អ្នក​បើក​ម៉ូតូ មិន​មាន​រង​របួស​ទេ​ ស្ថិត​នៅ​ចំណុច​វិថី​ព្រះ​ស៊ី​សុវត្ថិ​កែង​វិថី​សុរាមិត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តកាមរីបាឡែន ពណ៌ប្រផេះ ជិះ​លក្ខណៈក្រុមគ្រួសារ​មកពីដើរ​លេង បើកតាមវិថី​ព្រះសុរាមិត្រ ក្នុងទិសដៅពីកើតទៅ​លិច​​បត់ស្តាំ ខណៈពេលកំពុងតែបត់ ស្រាប់តែម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា​២នាក់ ស្រីម្នាក់ ប្រុស​​ម្នាក់ ក្នុងទិស​ដៅស្របគ្នា ជិះលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅ​បុកកង់​ក្រោ​យ​ខាងស្តាំរថយន្តកំពុងតែបត់ បណ្តាលឲ្យដួលរងរបួសធ្ងន់ នារីជិះពីក្រោយ រីឯ​អ្នក​បើក​ម៉ូតូ មិនមាន​រងរបួសទេ ។

ក្រោយពេលកើតហេតុ រថយន្តកាមរីបាឡែន ព្យាយាមបើករត់គេចទៅដល់ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ទើបសមត្ថកិច្ចឃាត់រថយន្តបាន ។ នារី​រង​គ្រោះ​ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែករថយន្ត និងម៉ូតូ ត្រូវ​សមត្ថកិច្ច យកទៅរក្សាទុកនៅខណ្ឌដូនពេញ ៕

Related Articles

Back to top button
Close
Close