ការកើនឡើងនូវអំពើហិង្សាប្រឆាំងស្រ្តីអេហ្ស៊ីប ធ្វើឲ្យក្រុមសិទ្ធិមនុស្សព្រួយកង្វល់
ជិត២ឆ្នាំបន្ទាប់ពីបដិវត្តន៍នៃប្រទេសអេហ្ស៊ីប ដែលបានសន្យានាំឲ្យមានតំណាងច្រើនទៀតនៅពេលអនាគត សិទ្ធិរបស់ស្រ្តីអេហ្ស៊ីប នៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។
រដ្ឋធានីឡឺគែរ៍៖ ជិត២ឆ្នាំបន្ទាប់ពីបដិវត្តន៍នៃប្រទេសអេហ្ស៊ីបដែលបានសន្យានាំឲ្យ មានតំណាងច្រើនទៀតនៅពេលអនាគត សិទ្ធិរបស់ស្រ្តីអេហ្ស៊ីប នៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។ ក្រុមសិទ្ធិមនុស្សប្រាប់ឲ្យដឹងថា អំពើហិង្សាប្រឆាំងនឹងស្រ្តីមានការកើនឡើង ហើយពួកគេចង់ឲ្យរដ្ឋាភិបាលធ្វើអន្តរគមន៍។
ស្ត្រី បានដើរតួនាទីដ៏សំខាន់មួយក្នុងបដិវត្តន៍ដែលបានទម្លាក់រដ្ឋាភិបាល ចាស់របស់អេហ្ស៊ីប។ ប៉ុន្តែ ជិត២ឆ្នាំ ពួកគេជាច្រើន បាននិយាយថាពួកគេ បានទទួលផលបន្តិចបន្តួច។ក្រៅពីសន្តិសុខខាងរាងកាយពួកសកម្មជន និយាយថាស្ថានភាព របស់ស្រ្តី មានភាពកាន់តែអាក្រក់ទៅៗ។
លោកស្រី Heba Morayef ជានាយិកានៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំប្រទេសអេហ្ស៊ីប។
«មានករណីឧក្រិដ្ឋកម្ម ការរំលោភផ្លូវភេទជាច្រើន ហើយកាលពីពេលថ្មីៗនេះ ក៏មានករណីចាប់រំលោភជាក្រុមផងដែរ ហើយការដោះស្រាយរឿងក្តីនេះ គឺរដ្ឋាភិ បាលមិនបានធ្វើទាល់តែសោះ»។
ពួកសកម្មជន និយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យរដ្ឋាភិបាលជួយស្រ្តី បានទទួលបរាជ័យ។ អ្នកចិត្តវិទ្យា Farah Shash នៃមជ្ឈមណ្ឌល Nadim ក្នុងរដ្ឋធានីឡឺគែរ៍ដែលធ្វើការជាមួយជនរងគ្រោះដោយសារអំពើហិង្សា ផ្លូវភេទ។
«នៅពេលណាដែលយើង ពិភាក្សាអំពីបញ្ហាស្រ្តីក្នុងសភា ឬពិភាក្សាជជែកដេញដោលជាសាធារណៈ ពួកគេ និយាយថាវាមិនមែនជាបញ្ហាអាទិភាពទេ ហើយថា យើងមិនជឿថាកិច្ចការពារ និងការចូលរួមរបស់ស្រ្តីជាអាទិភាពដោយសារអ្វីដែលកំពុងកើតមានឡើងនៅពេលឥឡូវនេះដោយសារបដិវត្តន៍និងប្រព័ន្ធនយោបាយ» ។ល។
ខណៈពេលដែលសិទ្ធិរបស់ស្រ្តី មានភាពរង្គោះរង្គើរនៅក្រោមប្រព័ន្ធចាស់ អ្នកជំនាញការខាងច្បាប់ និយាយថារដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេស បានអនុម័តនៅចំពេលមានរឿងចម្រូងចម្រាស់កាលពីខែមុន ដែលបានធ្វើឲ្យការធានាខាងសង្គមស៊ីវិលកាន់តែយ៉ាប់យ៉ឺនឡើង។
ស្រ្តីក្មេងម្នាក់ ស្ថិតក្នុងចំណោមស្រ្តីជាច្រើនដែលចេញមកតាមផ្លូវដើម្បីតវ៉ាប្រឆាំងការព្រួយកង្វល់របស់ខ្លួន។
«មានច្បាប់ជាច្រើនក្នុងរដ្ឋធម្មនុញ្ញ ដែលពួកគេ មិនព្យាយាមនិយាយឲ្យចំៗក្នុងការគាំទ្រស្រ្តីដែលការពារសិទ្ធិ របស់ខ្លួន»។
បន្ថែមពីលើការអនុម័តច្បាប់ដើម្បីការពារ ក្រុមសិទ្ធិមនុស្សនិយាយថា ខ្លួននឹងសើរើប្រព័ន្ធសិក្សាអប់រំដែលពណ៌នាតួនាទីដ៏មានប្រយោជន៍ សម្រាប់ស្រ្តី សេដ្ឋកិច្ចដែលធ្វើឲ្យមនុស្សក្មេងៗជាច្រើនគ្មានការងារធ្វើ ហើយនឹងសង្គមដែលមាននិន្នា ការស្តីបន្ទោសជនរងគ្រោះដោយការចាប់ រំលោភ។
ក្រុមអង្គការស៊ីវិលខ្លះ កំពុងផ្តល់កិច្ចការពារដល់ស្រ្តីនៅការប្រជុំមហាជនហើយនឹងតំបន់ ងាយរងគ្រោះថ្នាក់ផ្សេងៗទៀត។ អ្នកចិត្តវិទ្យា Shash និយាយថានិន្នាការនេះ អាចជួយបង្កើនការយល់ដឹង ប៉ុន្តែ ការគិតនៅពីក្រោយរឿងនេះត្រូវបាននាំទៅខុសផ្លូវ។
«ស្រ្តី មិនអាចធ្វើជាខែលការពារមនុស្សគ្រប់ពេលទាំងអស់នៅតាមផ្លូវរបស់ អេហ្ស៊ីបទេ។ យើង ត្រូវការដឹងថាប្រព័ន្ធនេះ កំពុងការពារយើង។ យើង ត្រូវការដឹងថាបុរស មើលយើងថា
មិនមែនជាឧបករណ៍ខាងផ្លូវភេទដែលកំពុងដើរលើផ្លូវនោះទេ»។
ពួកអ្នកគាំទ្រសិទ្ធិមនុស្សដូចជា Morayef និយាយថា ចំនួនរឿងក្តីដែលពួកអ្នកការពារ បានវាយប្រហារលើជនសង្ស័យបានកើនឡើង ហើយនេះជាព្រឹត្តិការណ៍គួរឲ្យព្រួយកង្វល់មួយ។
«នេះជាអាជ្ញាប័ណ្ណថ្មីដែលបានផ្តល់ដល់ពលរដ្ឋម្នាក់ៗដែលពាក់ព័ន្ធ ក្នុងអំពើហិង្សាជាការគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ ពីព្រោះ លោកអ្នក មើលឃើញពីភាពទន់ខ្សោយរបស់រដ្ឋ ហើយនិយាយឲ្យស្មោះការបើកចំហរទ្វារនេះ ធ្វើឲ្យការការពារច្បាប់មានដំណើរការទៅមុខ»។
ខណៈពេលដែលក្រុមសិទ្ធិមនុស្ស មើលរដ្ឋាភិបាលអ៊ីស្លាមយ៉ាងប្រុងប្រយ័ត្ន ពួកគេ ជជែកឲ្យហេតុផលថាវាជាផលប្រយោជន៍របស់គេគ្រប់គ្នា រួមទាំងមេដឹកនាំដើម្បីឲ្យមានតួនាទីកាន់តែធំឡើងហើយនឹងបង្កើន សន្តិសុខសម្រាប់ស្រ្តី៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន (VOA)