ភូមា​​ស្ថិត​​ក្រោម​សម្ពាធ​​អន្តរជាតិ​​ឲ្យ​បញ្ចប់​ការ​វាយ​ប្រហារ​​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ធាម​

ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ភូមា​ និង​ក្រុម​ឧទ្ទាម​កាឈីន​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ភូមា​កាន់​តែ​មាន​ទ្រង់​ ទ្រាយ​ធំ​រហូត​ដល់​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ជំរុញ​ឲ្យ​សហគមន៍​ អន្តរជាតិ​មាន​​ការ​ព្រួយបារម្ភ​​ខ្លាំង​ចំពោះ​​សន្តិសុខ​របស់​សហគមន៍​ជន​ ជាតិ​ភាគ​តិច​នេះ។ ក្នុង​ន័យ​​នេះ​ហើយ បាន​ជា​សហគមន៍​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​នេះ បាន​ដាក់​សម្ពាធ​រដ្ឋាភិបាល​ភូមា​និង​បង្ខំ​ឲ្យ​ឈប់​​វាយ​ប្រហារ​តាម​ជើង​ អាកាស​ប្រឆាំង​ទៅ​លើ​ពួក​ឧទ្ទាម​កាឈីន​ត​ទៅទៀត​។

ក្រោយពី​ផ្អាក​ឈប់​បាញ់​គ្នា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​នៃ​អង្គការ​ដើម្បី​​រដ្ឋ​ កាឈីន​(KIO) និង​កងទ័ព​ភូមា បាន​រីក​រាល​ដាល​ឡើងវិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅចម្ងាយ​ប្រមាណ​ជា​១០​គម ពី​ Laiza ។  តំបន់ Laiza គឺ ជា​ទី​​បញ្ជាការ​​របស់​ពួក​ឧទ្ទាម​កាឈីន ដែលកងទ័ពរដ្ឋាភិ បាល មានបំណង​​វាយ​យក​មក​​កាន់​កាប់។

ការប្រយុទ្ធ​គ្នា​ជាមួយ​ក្រុមឧទ្ទាម​ជនជាតិភាគតិចកាឈីនដោយរដ្ឋាភិបាល បាន​ប្រើ​យន្តហោះ​​​ចម្បាំងនោះ ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​​ព្រួយ​បារម្ភ​ខ្លាំង មែនទែន​។ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ ​Rangoun បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​បណ្តាញ​សង្គម​Twitter ថា « អាមេរិក​​កត់ត្រា​ទុកនូវ​ព័ត៌មាន​ដែលបាន​បញ្ជាក់​ថា កងទ័ព​ភូមា បាន​ទទួល​ស្គាល់​ក្នុង​ការ​ដឹក​មុខ​វាយប្រហារ​តាម​​អាកាស​ទៅ​លើ​រដ្ឋ​កាឈីន​ ។ ហេតុការណ៍នេះ​ ធ្វើ​ឲ្យ​អាមេរិក​មាន​ក្តី​ព្រួយ​បារម្ភ​ជាពន់ពេក​អំពី​​សុវត្ថិ ភាព​របស់​ ប្រជាជន​ស៊ីវិល​។

ចំណែកលោក ស្រី Victoria Nuland អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិកវិញ បាន​អំពាវនាវ​​ឲ្យ​​គូ​បដិបក្ស​ទាំង​សង​ខាង បិទ​បញ្ចប់​ជម្លោះ​​និង​ឈាន​ទៅ​រក​កិច្ចចរចាសន្តិភាព​មួយ​ដ៏​ពិត​ប្រាកដ​។

ដោយឡែក លោក​អគ្គលេខាធិការ​អសប បាន​គីមូន​ វិញបាន​អំពាវនាវដល់​អាជ្ញា ធរ​ភូមា​ឲ្យ​បញ្ឈប់​​​រាល់​សកម្មភាព​ ទាំង​ឡាយ​ណា​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយដល់​ជីវិត​របស់​ប្រជាជន​ស៊ីវិល​​នៅ​​​ ក្នុង​ដែនដី​កាឈីន​នេះ​និងជំរុញ​ឲ្យ​អធិករណ៍​​នៅ ក្នុងតំបន់​កាន់​តែ​ ធ្លាក់​ចុះ​ដុនដាប​។

កាសែតកងទ័ពភូមា​ឈ្មោះ Myawaddy  ក៏​បាន​បញ្ជាក់​អះអាង​នៅ​ក្នុង​សប្តាហ៍​ នេះដែរ ​​នៅ​លើ​ទំព័រវិបសៃយ៍​អ៊ីនធ័រណែត​របស់​ខ្លួន​ អំពី​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ដែរ​ ប៉ុន្តែ​​ពុំ​​បាន​​បញ្ជាក់ប្រាប់ ​ពី​ប្រភេទនៃ​​យន្តហោះ​ដែល​បាន​ចូល​រួម​ការ​វាយ​ប្រហារនោះ​ទេ។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក Hla Maung Shwe ដែលជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នក​ចរចា​របស់​រដ្ឋាភិបាលភូមាក៏​ អះអាង​ទទួលស្គាល់ដែរថា កងទ័ព ​បាន​ប្រើប្រាស់​ឧត្ថម្ភ​ភាគ​ចក្រ​​និង​​យន្តហោះ​សម្រាប់​ ហ្វឹកហ្វឺនក្នុងប្រតិបត្តិការ របស់ខ្លួន ​តែពុំបាន​បញ្ជាក់​ច្បាស់លាស់​ពី​​តួនាទី​​ពិតប្រាកដ​នៃ​យន្តហោះ​នោះ ឡើយ។

គួររំលឹកថា រដ្ឋាភិបាល​ថ្មី​ភូមា​របស់លោក​ថេនសេន​ បាន​ចាប់ផ្តើម​ធ្វើការ​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​​​ជនជាតិ​ភាគ​តិច​​តាំងពី​ ឆ្នាំ​មុនម៉្លេះ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា​ជាមួយ​ក្រុម​ប្រដាប់​ អាវុធជនជាតិភាគតិចមួយចំនួនដែរ ក៏ប៉ុន្តែ​ការចរចា​ជាច្រើនលើក​ច្រើនសា ​ជាមួយ​ក្រុម​ឧទ្ទាម​កាឈីន​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ភូមា​ នៅ​តែ​ត្រូវ​ទទួល​បរាជ័យ៕​ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close