សម្ថកិច្ចចុះបង្រ្កាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មករា លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្រ្កាបបានមុខសញ្ញាចោរ ប្លន់ប្រដាប់អាវុធ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ២នាក់ និងជនជួញដូរ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣នាក់ ស្រីម្នាក់ ប្រុស២នាក់ នៅចំណុចភូមិត្រពាំង ឈូក ទល់មុខមន្ទីរពេទ្យព្រះកុសុមៈ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីលោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវ និងកម្លាំងបង្កប់របស់សមត្ថកិច្ច ទើបឈានដល់ចុះច្បាមមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុស ច្បាប់ចំនួន៣នាក់ ស្រីម្នាក់ ប្រុស២នាក់ ដែលកំពុងតែប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះចំណុចខាងលើ ។
ខណៈពេលនោះ សមត្ថកិច្ចឆែកឆែររកឃើញថ្នាំញៀនចំនួន ៨កញ្ចប់តូច និងឧបករណ៏ជក់គ្រឿងញៀនមួយចំនួន ហើយកំពុងតែចាប់បណ្តើរយកទៅសាកសួរ នៅខណ្ឌសែនសុខបន្តទៀត ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូគ្រីសអង្គរ ពណ៌ក្រហម មកដល់មុខផ្ទះខាងលើ ចុះយួរថង់ពណ៌ស ដើរចូលទៅក្នុងបំណង ទៅរកទិញគ្រឿងញៀន ស្រាប់តែប្រទះឃើញសមត្ថកិច្ចបែបនេះភ័យស្លន់ស្លោបានទម្លាក់ថង់នោះ ចោលបម្រុងរត់គេចខ្លួន ត្រូវសមត្ថកិច្ចក្របួចបាន។
ជនសង្ស័យទាំង៥ នាក់នោះ រួមមានឈ្មោះ ១. គៀន ម៉ារី ភេទស្រី អាយុ២០ឆ្នាំ, ២. យឹម វណ្ណរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ, ៣. សោម អូន ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងបីនាក់ជូញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ៤. ពៅ សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ និង៥. កែវ បញ្ញារ៉ារិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរនេះ ជាជនប្លន់ប្រដាប់អាវុធ ។
ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង បាននាំយកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ ហេង នាង