បាញ់ប្លន់អាជីវករបញ្ចាំទ្រព្យសម្បត្តិនៅកាស៊ីណូណាហ្កាយកកាបូបលុយជាង ១ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង ១០ នាទីយប់ថ្ងៃទី ០២ ខែមករា អាជីវករម្នាក់បានរងរបួសដោយសារក្រុមចោរប្លន់ ប្រដាប់អាវុធ បាញ់រប្លន់យកកាបូបប្រាក់ សរុបជាទឹកប្រាក់អស់ជិត ៣ ម៉ឺនដុល្លារ ស្ថិតនចំណុចមុខផ្ទះលេខ ៧៨ ផ្លូវបេតុង ក្រុមទី ១២ ភូមិព្រែកតាគង់ ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
អាជីវកររងរបួសក្នុងហេតុការណ៍ខាងលើនេះឈ្មោះ សយ គន្ធា ភេទស្រីអាយុ ៣១ ឆ្នាំ មានទីលំនៅកន្លែងកើតហេតុនិងមានមុខរបរជាអ្នករកស៊ីទទួលបញ្ចាំ ទ្រព្យសម្បត្តិនៅកាស៊ីណូណាហ្កា ។ មុនពេលកើតហេតុស្ត្រីរងគ្រោះបានធ្វើដំណើរចេញកន្លែងប្រកបអាជីវកម្ម ត្រឡប់មកលំនៅឋានដោយជិះរថយន្តម៉ាក ឡិចស៊ីស 330 ពណ៌ស លុះពេលមក ដល់មុខលំនៅឋាន ក៏ឈប់រថយន្តបំណងបើកចូលផ្ទះ ដែលខណៈនោះស្ត្រីឈ្មោះ សយ គន្ធា បានចុះពីរថយន្តជួយ រឺយែ រថយន្តប្តី ស្របពេលនោះក៏មានជនប្រដាប់អាវុធពីរនាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៨ មួយគ្រឿង មកធ្វើសកម្មភាពភ្ជង់បាញ់ប្រហារចំនួន ២ គ្រាប់ បណ្តាលឲ្យគ្រាប់កាំភ្លើងត្រូវជើងជង្គង់ខាងស្តាំរបស់ស្ត្រីឈ្មោះ សយ គន្ធា រងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទាំងយប់ ។
ចំពោះករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាចោរប្លន់ខាងលើនេះ ដើម្បីតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ហេង នាង