លោកប្រធានាធិបតីបារំាងសន្យាបង្កើតការងារ និងកាត់បន្ថយអ្នកអត់ការងារធ្វើ
ក៏ដូចជារៀងរាល់ដំណាច់ឆ្នំា លោកប្រធានាធិបតីបារំាងតែងតែធ្វើការជូនពរឆ្នំាថ្មីដល់ប្រជាពលរដ្ឋ បារំាងតាមវិទ្យុ ទូរទស្សន៍។ នៅយប់មិញ លោក François Hollande បានថ្លែងសារជូនពរឆ្នំាថ្មីជាលើកទីមួយក្នុងនាមជាប្រធានាធិបតី បារំាង។ នៅក្នុងសារជូនពររយៈពេលខ្លីនោះ លោក François Hollande បានអំពាវនាវប្រជាពលរដ្ឋបារំាងកុំឲ្យអស់សង្ឃឹម និងសន្យាបង្កើតការងារ ព្រមទំាងធ្វើការកាត់បន្ថយអ្នកការងារធ្វើ។
ទោះបីជាប្រទេសកំពុងជួបវិបត្តិក៏ដោយ ក៏លោកប្រធានាធិបតីបារំាងបានព្យាយាមនិយាយបំភ្លឺប្រជាពលរដ្ឋរបស់ ខ្លួនកុំឲ្យអស់សង្ឃឹម និងត្រូវតែមានជំនឿទុកចិត្តក្នុងឆ្នំា ២០១៣។ ជាការពិត ប្រមុខរដ្ឋបារំាងបានទទួលស្គាល់ពីក្តីកង្វល់របស់ពលរដ្ឋបារំាងគ្រប់រូបដោយបញ្ជាក់ថា អ្វីដែលពលរដ្ឋបារំាង កំពុងបារម្ភនោះ គឺជារឿងមួយត្រឹមត្រូវ។ ក៏ប៉ុន្តែ លោក François Hollande បានប្រកាសធានា ដោយបញ្ជាក់ឡើងវិញថា គ្រប់សេចក្តីសម្រេចចិត្តដែលលោក និងរដ្ឋាភិបាលរបស់លោកបានធ្វើកន្លងមក គឺដើម្បីធ្វើឲ្យប្រទេសចម្រើនទៅមុខ ហើយថា នេះជាកាតព្វកិច្ចរបស់លោក ក្នុងនាមជាប្រធានាធិបតី។
លោកប្រមុខរដ្ឋបារំាងបានអះអាងជាថ្មីអំពីកម្មវត្ថុជាអាទិភាពរបស់ លោក នោះគឺការកាត់បន្ថយចំនួនអ្នកអត់ការងារធ្វើ ចាប់ពីពេលនេះ ដល់ដំណាច់ឆ្នំា ២០១៣។ ទន្ទឹមគ្នានេះ លោក Hollande បានបញ្ជាក់ថា ដើម្បីអាចងើបចេញពីវិបត្តិឲ្យបានលឿនបារំាងត្រូវចាប់ផ្តើមធ្វើកំណែទម្រង់ពីឥឡូវនេះទៅ។យ៉ាង ណាក៏ដោយ នៅក្នុងសារជូនពរនោះដដែល លោក Hollande ហាក់ដូចជាមិនបាននិយាយច្រើនទេ អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានច្រាន ចោលមាត្រា ច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលរបស់លោក Hollande ចង់យកពន្ធរហូតដល់ទៅ ៧៥% លើពលរដ្ឋបារាំងណាដែលមានប្រាក់ចំណូលលើសពី១លានអឺរ៉ូ ក្នុងមួយឆ្នាំ។
នៅក្នុងសារជូនពរនោះដដែល លោក Hollande បានស្នើលោកនាយករដ្ឋមន្រ្តីឲ្យកំណត់ពីយុទ្ធសាស្រ្តសម្រាប់ការធ្វើ វិនិយោគលើវិស័យសាធារណៈ និងឯកជន។ កម្មវត្ថុរបស់លោក Hollande គឺធ្វើឲ្យទំនើបប្រទេសបារំាងនៅក្នុងរង្វង់ឆ្នំា ២០២០។ យ៉ាងណាក៏ដោយ លោកប្រមុខរដ្ឋបារំាងបានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួនសម្រាប់ ឆ្នំា ២០១៣។ ឆ្នំា ២០១៣ដែលពលរដ្ឋបារំាងចង់ឃើញលទ្ធផលជាក់ស្តែងពីសកម្មភាពពិតរបស់លោក François Hollande៕ដោយ គួច គន្ធារ៉ា (RFI)