កម្ពុជា ​នឹង​លុប​បំ​បាត់​ឲ្យ​អស់​នូវ​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២០​

ភ្នំពេញ៖ កម្ពុជាបានរៀបចំ ជាយុទ្ធសាស្រ្ត ឬក៏វិធីសាស្រ្ត នានាជុំវិញចក្ខុវិស័យ និងគំនិត​ផ្តួច ផ្តើមផ្សេងៗ ឈានទៅលុបបំបាត់ នូវការឆ្លងថ្មីនៃមេរោគអេដស៍ នៅឆ្នាំ២០២០ ដោយ​ សារតែ អត្រាទាំងប្រេវ៉ាឡង់ មេរោគអេដស៍ និងការឆ្លងមេរោគអេដស៍ ថ្មីមានការថយចុះ គួរឲ្យកត់សម្គាល់ជាលំដាប់។

ថ្លែង​នៅ​ក្នុង​កម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្តីពី ស្ថានភាពមេរោគអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ​ធ្នូ ​២០១២ ​នៅ​សណ្ឋាគារណាហ្គាវើល​ លោកវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បាន​មាន​ប្រសាសន៍ថា ដើម្បីធ្វើការកាត់បន្ថយនូវការឆ្លងនូវជំងឺអេដស៍ឲ្យ មានការ ធ្លាក់ចុះនោះ គឺកម្ពុជា បានបង្កើតនូវយុទ្ធសាស្រ្តជាច្រើនក្នុងការកាត់បន្ថយការឆ្លងជំងឺអេដស៍ ហើយនៅក្នុង នោះចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៨ កម្ពុជាបានចាប់ផ្តើមកម្មវិធីឲ្យមានការប្រើប្រាស់ ស្រោមអនាម័យឲ្យ បាន១០០ភាគរយ នៅតាមផ្ទះបន ដែលជាយុទ្ធសាស្រ្តមួយក្នុងការកាត់បន្ថយការឆ្លងជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ​បាន​បន្តថា ការយល់ដឹងរបស់ប្រជាជនកម្ពុជា ស្តីពីបញ្ហាជំងឺអេដស៍គឺ មានប្រមាណពី៩៥ ទៅ៩៧ភាគរយ នៃប្រជាជនកម្ពុជា ដែលពួកគេបានយល់ដឹងអំពីបញ្ហាជំងឺអេដស៍នេះ ហើយពួកគេទាំងអស់នោះ ក៏បានធ្វើការកែប្រែនូវការប្រព្រឹត្តផ្លូវភេទ ដែលមិនមានសុវត្ថិភាពផងដែរ ហើយកម្ពុជា ខិតខំឈានទៅលុបបំបាត់ឲ្យអស់នូវការឆ្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ស្មាន ចំនួនមនុស្សពេញវ័យមានផ្ទុកមេរោគអេដស៍ចំនួន ៧២.៥១២នាក់នៅឆ្នាំ២០១២ ហើយតួលេខនេះ វានឹងនៅសល់ប្រហែល ៦៩.០០០នាក់ នៅឆ្នាំ២០១៥ ហើយទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកត្រូវការឱសថប្រឆាំងមេរោគអេដស៍ បានកើនឡើងពី ៥០.៩២៥ ក្នុងឆ្នាំ២០១០ ទៅ ៥៣.៣៥០ ក្នុងឆ្នាំ២០១២ ហើយនឹងកើនឡើងទៅដល់ ៥៥.៧៨៧ ក្នុងឆ្នាំ២០១៥៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close