ប៊ន សំណាង និង សុខ សំអឿន ត្រូវតុលាការចាប់ឃុំខ្លួនឡើងវិញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ ជនជាប់ចោទឈ្មោះ ប៊ន សំណាង និងសុខ សំអឿន ដែលតុលាការកំពូល ប្រកាសឲ្យដោះលែង នៅក្រៅឃុំ កាលពី ចុងឆ្នាំ២០០៨ ហើយបង្វិលសំណុំរឿង ឲ្យសាលាឧទ្ធរណ៍ធ្វើការស៊ើបអង្កេតឡើងវិញ នោះ ត្រូវបានតុលាការសាលាឧទ្ធរណ៍ ប្រកាសសាលក្រមកាត់ទោស ឲ្យជាប់ពន្ធធនាគារ ក្នុងម្នាក់២០ឆ្នាំ។
ការកាត់ទោសនេះដោយជាប់ពាក់ព័ន្ធលើសំណុំរឿងសម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីព សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ មករា ២០០៤ កន្លងមកនៅចំណុច ផ្លូវលេខ៥១ ជាប់របងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខណៈដែលលោក ជា វិជ្ជា កំពុងអង្គុយអានកាសែតក្បែរតូបលក់កាសែត។
រយៈពេលកន្លងមកនេះ ជនជាប់ចោទ ឈ្មោះ ប៊ន សំណាង និងសុខ សំអឿន បានរស់នៅក្រៅឃុំដូចពលរដ្ឋធម្មតា រហូតដល់អង្គសវនាការ ខាងលើនេះ ទើបតុលាការសាលាឧទ្ធរណ៍ សំរេចអង្គសេចក្តីបន្តឃុំខ្លួន ប៊ន សំណាង និងសុខ សំអឿន ឡើងវិញ តាមការតំកល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ ហេង នាង