ក្រុម​អ្នកភូមិ​​បឹង​កក់​សុំ​អន្តរាគមន៍​ពី​ធនាគារ​ពិ​ភព​លោក​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ធ្នូ ២០១២ ពួកអ្នកភូមិបឹងកក់ជាច្រើននាក់បានមកជួបជុំគ្នា នៅមុខធនាគារពិភពលោក សុំឲ្យលោកស្រីនាយិកា នៃធនាគារពិភពលោក ប្រចាំព្រះ រាជាណាចក្រកម្ពុជាឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលភូមិ១ ដែលត្រូវ បានសាលារាជធានីកាត់ឲ្យចូលក្នុងក្រុមហ៊ុនរថភ្លើងTOLL នោះក្នុងទំហំ១២.៤៤ ហិចតា ព្រមទាំងធ្វើការដោះលែងសកម្មជនដីធ្លី ។

ពួកអ្នកភូមិបឹងកក់ទាំងប្រាំពីរភូមិបានរៀបរាប់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ភាគច្រើនបានទទួលប្លង់កម្មសិទ្ធិ ដីធ្លីរួចរាល់បន្ទាប់ពីសម្តេចនាយករដ្ឋនមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យលេខ១៨៣ អនក្រ.បកចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ កាត់ដីទំហំ១២.៤៤ហិចតា ជូនប្រជាពលរដ្ឋដែលនៅសេសសល់ ដោយសាលារាធានីទទួលបន្ទុកចាត់ចែង និងដោះស្រាយជូនប្រជាពលរដ្ឋផ្ទាល់។

រយៈពេលជាងប្រាំឆ្នាំហើយ ដែលពួកអ្នកភូមិបឹងកក់បានតស៊ូយ៉ាងសស្រាក់សស្រាំដោយមិនគិតពី ការនឿយហត់ ក្នុងការស៊ូមតិ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យសំលេងពួកគេបានលឺសុះសាយ ក្នុងគោលបំណងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្នាន ក្នុងនោះ គឺចង់បាននូវការគាំទ្រជាពិសេសពីធនាគារពីភពលោកតែម្តង។

បើគ្មានការគាំទ្រពីអង្គការជាតិ អន្តរជាតិ បណ្តាអង្គទូតនានា ក៏ដូចជាបណ្តាសហគមន៍អឺរុប ព្រមទាំងធនាគារពិភពលោកទេនោះ ម្ល៉េះមកទល់ពេលនេះពួកគេត្រូវបានឈ្មួញទុច្ចរិតដីធ្លីនិងអាជា្ញធរ មួយចំនួនដែលឃុបឃិតផ្សំគំនិតជាមួយក្រុមហ៊ុនជាន់ឈ្លី ធ្វើបាប បណ្តេញចេញពីផ្ទះ និងដីធ្លីរបស់ខ្លួនដោយបង្ខំយូរណាស់មកហើយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close